ជាតិ
អត្ថបទពាណិជ្ជកម្ម
«​មី​ជាតិ​» ផលិតផល​ខ្មែរ រសជាតិ​ខ្មែរ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ជា​ផ្លូវការ​
03, Nov 2019 , 12:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន One More Manufacturing Co. Ltd បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត​មី​ដ៏​ទំនើប និង​ដំបូង​គេ រួមផ្សំ​នឹង​គុណភាព​ខ្ពស់​ក្នុងប្រទេស​កម្ពុជា ក្រោម​ស្លាក​សញ្ញា «​មី​ជាតិ​» ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ «​មី​ជាតិ​» ត្រូវបាន​ផលិត​ដោយ​ស្នាដៃ​ខ្មែរ រក្សា​នូវ​បែបផែន​រសជាតិ​ខ្មែរ ជាមួយនឹង​គុណភាព​ខ្ពស់​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន បច្ចេកវិទ្យា​ជប៉ុន  និង​រួមជាមួយ​គ្រឿងផ្សំ​ក្នុងស្រុក និង​បរទេស​ដែលមាន​គុណភាព ដូចជា​ប្រទេស​អូស្ត្រាលី សិង្ហ​បុរី និង​ម៉ាឡេស៊ី​។​

​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត «​មី​ជាតិ​» ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព​ដើម្បី​សាទរ និង​បង្ហាញ​ទៅដល់​សាធារណជន​អំពី​សមិទ្ធិផល​ថ្មី​មានគុណ​ភាព​របស់​កម្ពុ​ជា​លើ​ផ្នែក​ផលិត​ចំណីអាហារ ក្រោម​ស្លាក​សញ្ញា «​មី​ជាតិ​»​។ ក្នុង​ពិធី​នេះ លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា​ក្រុមហ៊ុន One More Manufacturing Co. Ltd បាន​បញ្ជាក់ថា​៖ «​នេះ​ជា​ក្តី​រីករាយ​ជាខ្លាំង ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ទុកចិត្ត និង​គាំទ្រ​លើ​ដំណើរការ​នៃ​រោងចក្រ​ផលិត «​មី​ជាតិ​» នេះ​ឡើង ហើយ​នេះ​បានផ្តល់​ក្តីសង្ឃឹម​មួយ​ដ៏​មុតមាំ​ចំពោះ​លោកស្រី ជា​អ្នកវិនិយោគ​ទុក​ម្នាក់​ជាមួយនឹង​ក្រុមការងារ​ក្នុងការ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​រោងចក្រ​នេះ​ឆ្ពោះទៅមុខ​ឥតឈប់ឈរ​»​។



«​មី​ជាតិ​» ត្រូវបាន​បង្កើតឡើង​សម្រាប់​តម្រូវការ និង​ការពេញនិយម​របស់​ប្រជាជន​ខ្មែរក្រោម​ការស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ ផ្ចិតផ្ចង់ និង​សម្រិតសម្រាំង​បំផុត ដើម្បី​ផ្តល់នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់ អត្ថប្រយោជន៍ និង​រសជាតិ​បែប​ខ្មែរ​។ វត្តមាន​នៃ​សមិទ្ធិផល​ថ្មី​នេះ​លើ​ទីផ្សារ គឺជា​មោទកភាព​ថ្មី​របស់​កម្ពុជា​ក៏ដូចជា​ប្រជាជន​ខ្មែរ​។ «​យើង​ជឿជាក់ថា ក្នុង​ទឹកចិត្ត​ខ្មែរ​តែមួយ ខ្មែរ​ជួយ​ខ្មែរ និង​ខ្មែរ​ស្រលាញ់​ខ្មែរ ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​នឹង​ទទួលស្គាល់ ហើយ​គាំទ្រ​នូវ​សមិទ្ធិផល​ថ្មី​នេះ ដែលមាន​ស្លាក​សញ្ញា «​មី​ជាតិ​» តំណាង​ឲ្យ​ផលិតផល​ជាតិ និង​ប្រជាជន​ខ្មែរ​»​។  នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ជឹ​ង សុគន្ធា​វី​។



​ទាក់ទង​នឹង​គោលបំណង​នៃ​ការបង្កើត​រោងចក្រ​មីនេះ​ឡើង លោកស្រី​នាយិកា​បាន​បន្ថែមថា ការបង្កើត​រោងចក្រ ផលិត​មីនេះ​ឡើង បាន​ភ្ជាប់​នូវ​គោលបំណង​ចម្បង​៣ គឺ​ទី​១ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​ផលិត​ចំណីអាហារ​ក្នុងស្រុក​ឲ្យ​មាន​ភាពជឿនលឿន មិន​ចាញ់​ប្រទេសជិតខាង​។  ពោលគឺ សំដៅ​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​ការ​នាំចូល​ផលិតផល​ពី​បរទេស​។ ទី​២ គឺ​ដើម្បី​ផ្គត់ផ្គង់​បំពេញតម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការផលិត​ចំណីអាហារ​នៅក្នុង​ស្រុក  ដែល​ប្រកបដោយ​អនាម័យ សុវត្ថិភាព និង​ស្តង់ដា​សមស្រប​។ និង​ទី​៣ គឺ ដើម្បី​ចូលរួម​បង្កើត​ឱកាស​ការងារ​ថ្មីៗ​បន្ថែមទៀត ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្របតាម​គោលការណ៍​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​



​នា​ពិធី​នេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្តែង​ការគាំទ្រ​ទៅលើ​ការបង្កើត និង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត «​មី​ជាតិ​» នេះ​ឡើង​។ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កិច្ចដំណើរការ​នៃ​រោងចក្រ​មី​ក្នុងស្រុក​ដ៏​ធំ និង​ទំនើប​នេះ ក៏បាន​បង្ហាញ​ពី​ការរួមចំណែក​មួយ​ថ្មី​ទៀត​ពី​វិស័យ​ឯកជន​ក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ក៏ដូចជា​ការបង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាជន​កម្ពុជា ដែល​នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​យើង​។​



​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ជឿជាក់ថា ផលិតផល «​មី​ជាតិ​» ថ្មី​នេះ ពិតជា​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា ពីព្រោះ​ដូច​អ្វីដែល​លោកស្រី​អគ្គនាយិការ​ក្រុមហ៊ុន​បាន​គូស​បញ្ចាក់​ស្រាប់​ថា មី​ជាតិ​ត្រូវបាន​ផលិតឡើង​ប្រកបដោយ​ស្តង់ដា​អន្តរជាតិ​ខ្ពស់ ពោល គឺ​គុណភាព​ត្រូវបាន​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិត​ល្អិន ហើយ​រោងចក្រ​បំពាក់​ដោយ​ម៉ាស៊ីន និង​បច្ចេកវិទ្យា​ទំនើប​របស់​ជប៉ុន​។ ចំណែកឯ​រសជាតិ​ទៀតសោត ក៏​ធ្វើឡើង​ដើម្បី​តម្រូវ​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​កម្ពុជា ដូច​ទៅនឹង​ពាក្យស្លោក​របស់​មី​ជាតិ ដែលថា «​ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​»​។ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ បង្កើន​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​លើកកម្ពស់​សហគ្រាស​ក្នុងស្រុក​របស់​យើង​។    


  ​
​ក្រោម​ពាក្យស្លោក​ថា «​មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​» មី​ជាតិ ត្រូវបាន​ផលិត​ដោយមាន​រសជាតិ​បី​ជម្រើស គឺ​រសជាតិ​ខ​គោ រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ និង​រសជាតិ​ស៊ុប​មាន់ ដែល​រសជាតិ​ទាំងបី​នេះ ត្រូវបាន​ឆ្លងកាត់​ការពិសោធ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ឲ្យ​សមស្រប​ទៅតាម​បែបបទ​រសជាតិ​ខ្មែរ និង​ការពេញនិយម​របស់​ប្រជាជន​ខ្មែរ​។ ការរួម​ផ្សំ​ជាមួយ​ម៉ាស៊ីន​ជប៉ុន បច្ចេកវិទ្យា​ជប៉ុន ម្សៅ​ពី​បរទេស និង​គ្រឿងផ្សំ​បែបផែន​ខ្មែរ គឺជា​គុណ​តម្លៃ ដែល​ក្រុមហ៊ុន​ផលិត​មី​ជាតិ បាន​ប្តេជ្ញាចិត្ត​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​នូវ​គុណភាព អត្ថប្រយោជន៍ និង​រសជាតិ​ដើម្បី​ខ្មែរ​។​



​ចំពោះ​ផលិតផល​មី គេ​អាច​និយាយថា ជា​អាហារ​ប្រចាំថ្ងៃ​មាន​ប្រជាប្រិយ​បន្ទាប់ពី​ការបរិភោគ​បាយ និង​ចំណាយ​វេលា​តិច​ក្នុងការ​ចម្អិន ដែល​សមស្រប​ចំពោះ​អ្នក​ដែលមាន​ពេលវេលា​តិច និង​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ចម្អិន​។ ផលិតផល​មួយ​នេះ ពិតជា​សមស្រប​ចំពោះ​ប្រជាជន​ទូទៅ​គ្រប់​កម្រិត ទាំង​ជីវភាព​ទាប មធ្យម និង​ខ្ពស់ ដែល​អាច​បរិភោគ​សឹង​គ្រប់ពេលវេលា មិន​ថា​ព្រឹក ថ្ងៃ ល្ងាច ឬ​យប់​។​



​ឆ្លៀត​ក្នុងឱកាស​នេះ លោកស្រី ជឹ​ង សុគន្ធា​វី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់ ចូលរួម​គាំទ្រ​ផលិតផល​ស្នាដៃ​ខ្មែរ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក៏ដូចជា​គាំទ្រ​ផលិតផល​ក្នុងស្រុក​។ លោកស្រី​នាយិកា​បាន​ផ្តាំផ្ញើ​ថា គ្មាន​អ្នកណា គាំទ្រ​ផលិតផល​ខ្មែរ​ក្រៅពី​ខ្មែរ​នោះទេ​។ ដូច្នេះ ដើម្បី​ការរីកចម្រើន​របស់​ខ្មែរ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ និង​ដើម្បី​មោទកភាព​កិត្តិយស​របស់​ខ្មែរ យើង​ជា​កូន​ខ្មែរ​ត្រូវ​គាំទ្រ និង​រួមគ្នា​ជួយ​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​។  យើង​រួមគ្នា​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា​៕


















​    ​     
​    ​    ​


© រក្សាសិទ្ធិដោយ thmeythmey.com