អន្តរជាតិ
ហ្វីលីពីនច្រានចោល ព័ត៌មានថាព្រះមហាក្សត្រថៃបញ្ជាឲ្យលោក ឌូទើតេ បង្ហាញឫកពារត្រឹមត្រូវពេលទៅប្រជុំនៅថៃ
× វិមានប្រធានាធិបតីហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលព័ត៌មានស្តីពីការដាក់បញ្ជារបស់ព្រះមហាក្សត្រថៃឲ្យលោកប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌូទើតេ បង្ហាញឥរិយាបថឲ្យបានត្រឹមត្រូវពេលចូលរួមកិច្ចប្រជុំកំពូលនៅថៃ។ សម្រាប់ហ្វីលីពីន ព័ត៌មានដែលត្រូវបានចែករំលែកជាច្រើនក្នុងបណ្តាញសង្គមនេះ ជាព័ត៌មានក្លែងក្លាយនោះទេ។
រដ្ឋមន្ត្រីទំនាក់ទំនងហ្វីលីពីន លោក Martin Andanar បានថ្លែងការណ៍រម្លឹកដល់សាធារណជនឲ្យបង្ហាញការគោរពចំពោះព្រះមហាក្សត្រថៃ និងគោរពទំនាក់ទំនងល្អរវាងហ្វីលីពីន-ថៃ ហើយមិនត្រូវបង្កើតព័ត៌មានក្លែងក្លាយគ្រប់រូបភាព ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន ABS-CBN នៅថ្ងៃ២ វិច្ឆិកា។
សេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហ្វីលីពីនរូបនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយបន្តគ្នានូវរូបភាពកាសែតថៃបាំងកកប៉ុស្តិ៍ ដោយបានចុះផ្សាយថា ព្រះមហាក្សត្រថៃ បានចេញបញ្ជាឲ្យមេដឹកនាំកំពូលហ្វីលីពីន ប្រព្រឹត្តឥរិយាបថថ្លៃថ្នូរពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថៃក្នុងសប្តាហ៍នេះ។
ជាជំហររបស់ហ្វីលីពីន តាមលោក Martin Andanar រាជាណាចក្រថៃ តែងតែមានសណ្តានចិត្តល្អ សប្បុរសជាមួយនឹងហ្វីលីពីន និងប្រជាជនហ្វីលីពីន ក៏ដូចជាប្រទេសផ្សេងទៀតរបស់អាស៊ាន។ លោក ក៏បានច្រានចោលការផ្សព្វផ្សាយក្នុងបណ្តាញសង្គមពាក់ព័ន្ធលោកប្រធានាធិបតី ឌូទើតេ ជារឿងមិនពិត និងមានចេតនា បង្ខូចកេរ្តិ៍ឈ្មោះមេដឹកនាំរបស់ហ្វីលីពីន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យ និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកច្បាប់របស់ប្រធានាធិបតីហ្វីលីពីន Salvador Panelo បានថ្កោលទោសព័ត៌មានមិនពិតនេះ និងចាត់ទុកថា ជាការវាយប្រហារនយោបាយដ៏ថោកទាបប្រឆាំងនឹងប្រធានាធិបតីហ្វីលីពីន ស្របដែលមេដឹកនាំកំពូលរបស់ប្រទេស បានចាកចេញពីប្រទេសដើម្បីចូលរូមប្រជុំតំណាងប្រទេសនៅចំពោះមុខមេដឹកនាំពិភពលោកជាច្រើនទៀត។
គួរជម្រាបថា ថៃ កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អាស៊ាន ដែលត្រូវប្រារព្ធឡើងពីថ្ងៃ២ដល់ថ្ងៃ៤វិច្ឆិកានេះ។ កន្លងមក លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ធ្លាប់ប្រើប្រាស់ពាក្យមិនសមរម្យនៅពេលចូលរួមកិច្ចប្រជុំពាក់ព័ន្ធរបស់អាស៊ានទៅកាន់មេដឹកនាំពិភពលោក ដែលរិះគន់របបដឹកនាំរបស់លោក ។ ចំណុចនេះហើយ គឺជាកត្តារួមផ្សំធ្វើឲ្យមានលេចឡើងព័ត៌មានឆ្លៀតឱកាសនិយមវាយប្រហារលើរូបលោក ៕
Tag:
ហ្វីលីពីន
ថៃ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com