កងទ័ព​វៀតណាម​កំណត់ «​ការពារ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​» ជា​បេសកកម្ម​អាទិភាព​
អន្តរជាតិ
កងទ័ព​វៀតណាម​កំណត់ «​ការពារ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​» ជា​បេសកកម្ម​អាទិភាព​
03, Nov 2019 , 7:29 pm        
រូបភាព
​កងទ័ព​វៀតណាម បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ការពារ​ដែន​អធិបតេយ្យ​របស់ខ្លួន ជាពិសេស​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​មិន​សម្រុះសម្រួល​ឲ្យ​រដ្ឋ​ខាងក្រៅ​ឈ្លានពាន​បានឡើយ​។ ការប្តេជ្ញាចិត្ត​របស់​ក​ង​ទ័ព​វៀតណាម​បែបនេះ ធ្វើឡើង​ស្របពេល​ដែល​ដែនសមុទ្រ​ចិន​ខាងត្បូង ដែលមាន​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ប្រទេស​ទាមទារ​គ្រប់គ្រង នៅតែ​មិនទាន់​អាច​ធានាបាន​ពី​ស្ថិរភាព​ពិតប្រាកដ​បាន​។



​តាមរយៈ​កិច្ចប្រជុំសភា​វៀតណាម​នៅ​ថ្ងៃ​៣១ តុលា លោក​ឧ​ត្ត​ម​សេនីយ៍ Nguyễn Trọng Nghĩa មេបញ្ជាការរង​កងទ័ព​វៀតណាម បានលើកឡើង​នៅ​ចំពោះមុខ​សភា​របស់ខ្លួន​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ដែល​ទាំង​បក្ស​កុម្មុយនីស្ត និង​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​បំផុត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News​។​

​ក្នុង​វេទិកា ដែល​ផ្តោត​សំខាន់​លើ​ផែនការ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២០​ដដែល​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​អះអាងថា ការការពារ​កោះ និង​ដែន​អធិបតេយ្យ​សមុទ្រ​របស់​ប្រទេស គឺជា​ការងារ​អាទិភាព​របស់​កងទ័ព​។ លោក​សង្កត់ធ្ងន់ថា ការអនុវត្ត​ច្បាប់ ត្រូវតែ​ស្របតាម​គោលនយោបាយ និង​ការតម្រង់ទិស​របស់​ប​ក្ស ដោយ​ត្រូវ​ធានា​ឲ្យ​បានការ​ការពារ​អធិបតេយ្យ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​ផលប្រយោជន៍​ប្រទេស​ជាដាច់ខាត​។

​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ កន្លងមក រដ្ឋាភិបាល​វៀតណាម បាន​ប្រើប្រាស់​មធ្យោបាយ​សមរម្យ​ជាច្រើន​ដើម្បី​ឆ្លើយតប​នឹង​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ឬ​វៀតណាម​ហៅថា​សមុទ្រ​ខាងកើត​របស់ខ្លួន ទាំង​តាមរយៈ​នយោបាយ ការទូត ប្រវត្តិសាស្ត្រ និង​កិច្ចការ​ផ្នែក​ច្បាប់​។

​ជាមួយគ្នា​តាមរយៈ​វេទិកា​ការពារ​របស់​សភា លោក បាន​ឆ្លៀត​ស្នើ​ឲ្យ​រដ្ឋាភិបាល ជូនដំណឹង​ឲ្យ​បាន​ពេញលេញ និង​ទាន់ពេល​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ឲ្យ​បានដឹង​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​សមុទ្រ​នេះ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ពួកគេ មានការ​ទុកចិត្ត​លើ​លទ្ធផល​ការពារ​ដែន​អធិបតេយ្យ​។​

​គួរ​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង ឬ​វៀតណាម ហៅថា​សមុទ្រ​ខាងកើត មាន​រដ្ឋ​ពាក់ព័ន្ធ​ទាមទារ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ ចិន បានទាមទារ​គ្រប់គ្រង​សមុទ្រ​នេះ​ស្ទើរតែ​ទាំងស្រុង ខណៈ​ប្រទេស​ពាក់ព័ន្ធ​របស់​អាស៊ាន សុំ​ទាមទារ​តំបន់​ណា ដែល​ជិត​នឹង​ប្រទេស​របស់​ពួកគេ​។ កន្លងមក វៀតណាម គឺជា​ដៃគូ​ប្រជែង​ដ៏​ខ្លាំងក្លា​របស់​ចិន ទាំង​តាមរយៈ​មធ្យោបាយ​ការទូត និង​ការពង្រឹង​វិស័យ​យោធា និង​ការពារជាតិ​៕



Tag:
 វៀតណាម​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com