កីឡាជាតិ
ជាតិ
បេក្ខជន​៣៤​នាក់ ដណ្តើមយក​ជើងឯក​រាំ​ប្រចាំ​កម្ពុជា ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន
03, Nov 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖  បេក្ខជន​-​បេ​ក្ខ​នារី​ក្មេងៗ និង​យុ​វ័យ​៣៤​រូប មកពី​ក្លឹប​ចំនួន​៥ នៅ​រាជធានី​ភ្នំពេញ ប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ នា​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា​។ បើតាម​អ្នកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ការប្រកួត​នេះ គឺជា​លើក​ទី​៣​ហើយ នៃ​ការជ្រើសរើស​ជើងឯក​រាំ​ប្រចាំ​កម្ពុជា​។ ចំពោះ​បេក្ខជន ដែល​ជាប់​ការប្រកួត​នេះ មាន​ចំនួន​២​គូ នឹងត្រូវ​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន ដែល​ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​។​



​ក្នុង​បរិវេណ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​នៃ​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ អ្នកស្រី ហង់ ស៊ី​មន បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey ថា បេក្ខជន​ដែល​ជាប់​ជើងឯក​រាំ​ប្រចាំ​កម្ពុជា​ឆ្នាំនេះ ក្រៅពី​ត្រៀម​ទៅ​ប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន ក៏​ត្រៀម​ចូលរួម​ប្រ​កួយ​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣ នៅក្នុង​ទឹកដី​កម្ពុជា​ផ្ទាល់​ផងដែរ​។​



​បើតាម​អ្នកស្រី ស៊ី​មន បេក្ខជន​ប្រកួត​រាំ​ដែល​មកពី​ក្លឹប​ទាំង​៥​នោះ មាន ក្លិប​ចំប៉ីស ក្លិប​ពន្លក​ថ្មី    ក្លិប​សាលា​វ៉េ​ស្ទ​ឡាញ​ន៍ទី​១-​ទី​២ និង ក្លិប New Treand​។ ចង្វាក់រាំ​ដែល​បេក្ខជន​ទាំង​ជាង​៣០​នាក់​ប្រកួត មាន Cha Cha Cha, Rumba, Solo, Samba, និង Jive ជាដើម​។



​កាលពី​ខែតុលា ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​មេដាយមាស​១ និង​ប្រាក់​២ ពី​ការប្រកួត​កីឡា​រាំ​ជើងឯក​ថ្នាក់​តំបន់​អាស៊ី​ដោយមាន​១៧​ប្រទេស​ចូលរួម ដែល​រៀបចំឡើង​នៅ​តៃវ៉ាន់​។ នេះ​បើតាម​អ្នកស្រី ស៊ី​មន​៕






Tag:
 ជាតិ​
  ជើងឯក​រាំ
© រក្សាសិទ្ធិដោយ thmeythmey.com