អន្តរជាតិ
រដ្ឋាភិបាលឡាវ ដាក់គោលដៅតឹងរ៉ឹងបោសសម្អាត«មន្ត្រីរដ្ឋការខ្មោច»ឲ្យបាននៅឆ្នាំ២០២០
× មិនខុសពីបណ្តាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ដទៃទៀតរបស់ពិភពលោកឡើយ ឡាវ ក៏បានជួបបញ្ហាមួយក្នុងការគ្រប់គ្រងមន្ត្រីរដ្ឋការស៊ីវិលដែរ។ បញ្ហានោះគឺ នៅតែមន្ត្រីខ្មោចក្នុងក្របខណ្ឌ ពោលគឺមន្ត្រីមានតែឈ្មោះបើកតែប្រាក់ខែ តែគ្មានវត្តមានក្នុងពេលបម្រើការងារ ដែលបញ្ហានេះ រដ្ឋាភិបាលឡាវ បានប្តេជ្ញាចិត្តបោសសម្អាតឲ្យបាននៅត្រឹមឆ្នាំ២០២០។
អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមន្ត្រីរដ្ឋការស៊ីវិលឡាវ លោក Souvanny Rattanavong បានឲ្យដឹងថា រដ្ឋាភិបាលឡាវ កំពុងតែអនុវត្តនីតិវិធីកំណត់ និងបញ្ជាក់ចំនួនពិតប្រាកដរបស់មន្ត្រីរដ្ឋការ ខណៈដែលមានការលើកឡើងពីការព្រួយបារម្ភ នៃការចំណាយថវិកាជាតិទៅលើមន្ត្រីរដ្ឋការខ្មោច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃ២៩ តុលាកន្លងទៅ។
តាមប្រភពព័ត៌មានដដែល រដ្ឋាភិបាលឡាវ បានធ្វើកំណែទម្រង់ក្នុងការបើកប្រាក់ខែជូនមន្ត្រីរដ្ឋការតាមរយៈគណនីធនាគារបីបួនឆ្នាំមកហើយ ក៏ប៉ុន្តែកំណែទម្រង់នេះ នៅមិនទាន់អាចធានាពីបានប្រសិទ្ធភាពនោះទេ ដ្បិតប្រព័ន្ធនេះ មិនអាចជួយបញ្ជាក់ពីវត្តមាននៃការធ្វើការពិតប្រាកដរបស់មន្ត្រីបានឡើយ។
តែយ៉ាងណាដើម្បីដោះស្រាយនឹងបញ្ហានេះ រដ្ឋាភិបាលឡាវ បានផ្តល់អំណាចឲ្យក្រសួងមហាផ្ទៃរបស់ខ្លួនចេញអត្តសញ្ញាណប័ណ្ណថ្មីសម្រាប់មន្ត្រី ដែលរដ្ឋបានផ្ទៀងផ្ទាត់ពីវត្តមានរបស់ពួកគេនៅក្នុងកន្លែងធ្វើការរួច ហើយផែនការទីពីរនេះ ឡាវ គ្រោងនឹងចេញឲ្យបានចប់សម្រាប់គ្រប់ភ្នាក់ងារដ្ឋទាំងអស់នៅឆ្នាំ២០២០។
ជាមួយគ្នា រដ្ឋាភិបាល ក៏បានព្រមានចាត់វិធានការលុបចោលទាំងអស់លើការបង្វែរថវិការដ្ឋ ប្រសិនបើបានរកឃើញថា មានមន្ត្រីខ្មោច។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋអំណាច ក៏នឹងដាក់ទណ្ឌកម្មតាមវិធានច្បាប់ចំពោះជនទាំងឡាយណា ដែលមានបំណងលួចប្រាក់របស់រដ្ឋតាមរបៀបនេះ។
គួរជម្រាបផងដែរថា ជារដ្ឋក្រីក្រ និងចាក់ឬសវប្បធម៌ពុករលួយ ឡាវ បានព្យាយាមធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការគ្រប់គ្រង និងធានាឲ្យបានប្រសិទ្ធភាពការងាររបស់មន្ត្រីសាធារណៈ។ នៅដើមឆ្នាំកន្លងទៅ លោកនាយករដ្ឋមន្ត្រី ថុងលួន ស៊ីសូលីត បានប្រកាសឲ្យប្រើប្រាស់ក្រមប្រតិបត្តិមន្ត្រីរដ្ឋការ ដែលក្រមនោះ មានគោលដៅធានាពីភាពស្អាតស្អំរបស់មន្ត្រី ក៏ដូចជាធានាឲ្យបានការមិនកើតមានវប្បធម៌បក្សពួកនិយមនៅក្នុងអង្គភាពរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com