ជាតិ
មនុស្ស​៣​នាក់ ត្រូវ​ចាប់ខ្លួន ក្រោយ​បាក់​រនាំង​ដែក​តាមផ្លូវ បណ្ដាល​ឲ្យ​បុរស​វ័យ​៧៥​ឆ្នាំ​ស្លាប់​
03, Nov 2019 , 3:29 pm        
រូបភាព
ជនបង្កហេតុដែលសមត្ថកិច្ចបានឃាត់ខ្លួន (រូបភាពពីស្នងការដ្ឋាននគរបាលជាតិ)
ជនបង្កហេតុដែលសមត្ថកិច្ចបានឃាត់ខ្លួន (រូបភាពពីស្នងការដ្ឋាននគរបាលជាតិ)
​សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​បាក់​រនាំង​ដែក​កាត់​ទទឹងផ្លូវ ធ្លាក់ចំ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ចំណុច​ផ្លូវ​២០៩ កែង​ផ្លូវ​៤៣០ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ក្នុងចំណោម​អ្នក​ទាំង​៣ ម្នាក់ គឺជា​ម្ចាស់​រថយន្ត​ដែល​បើក​បុក​រនាំង​ដែក និង​២​នាក់​ទៀត ជា​ជាងផ្សារដែក​។



​បើតាម​គេ​ទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បុរសរងគ្រោះ​ឈ្មោះ ឡឹម វិសុទ្ធ វ័យ​៧៥​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រនាំង​ដែក​កាត់​ទទឹងផ្លូវ​បាក់​រលំ​សង្កត់​ចំក្បាល ស្រប​ពេលដែល​រថយន្ត​ស្ទូច​មួយគ្រឿង កំពុង​ស្ទូច​តម្រង់​ផ្សារ​ឡើងវិញ​។

រនាំងបានធ្លាក់ត្រូវបុរសម្នាក់កំពុងជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែង។ រូបភាពីស្នងការដ្ឋាននគរបាលជាតិ

​សមត្ថកិច្ច​ក៏បាន​ឃាត់​ជនបង្ក​ចំនួន​បីនាក់ ឈ្មោះ ញ៉ែម គឿន ជា​អ្នកបើកបរ​រថយន្ត ដែល​បើក​បុក​រនាំង​កាត់​ទទឹងផ្លូវ​បណ្ដាល​ឲ្យ​វៀច​នៅ​ព្រឹក​ម៉ោង​៨​ថ្ងៃទី​២ វិច្ឆិកា ឆ្នាំ​២០១៩ និង​ជាងផ្សារដែក​២​នាក់ ឈ្មោះ ឆាយ លក្ខ​ភ​ក្រ័​ណា និង អ៊ា​ត វុទ្ធី​។ ជនបង្ក​ទាំង​៣​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់​។

​នគរបាលជាតិ ផ្សាយ​ថា បន្ទាប់ពី​បើក​បុក​រនាំង​កាត់​ទទឹងផ្លូវ សមត្ថកិច្ច​បាន​ឲ្យ​លោក ញ៉ែម គឿន ផ្សារ​រនាំង​ដែក​ឲ្យ​ត្រង់​។ បុរស​ឈ្មោះ ញ៉ែម គឿន ក៏​ហៅ​ជាង​ផ្សារ​២​នាក់ និង​ហៅ​រថយន្តស្ទូច​មួយគ្រឿង​ដែលមាន​គ្នា​២​នាក់​ទៀត​។ បន្ទាប់មក លោក ញ៉ែម គឿន បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ដែក​សម្រាប់​ផ្សារ ប៉ុន្តែ​ពេល​ជិះ​ត្រឡប់មកវិញ មាន​គេ​ទូរស័ព្ទ​ប្រាប់ថា រនាំង​កាត់​ទទឹងផ្លូវ​បាន​ធ្លាក់​ត្រូវ​បុរស​ម្នាក់​ស្លាប់​៕



Tag:
 ជាតិ​
  សង្គម​
  បាក់​រនាំង​ដែក
© រក្សាសិទ្ធិដោយ thmeythmey.com