ជាតិ
សិល្បះ
អង្គការសិល្បៈខ្មែរអមតៈ រៀបចំមហោស្រពសិល្បៈ១០ថ្ងៃ
× ភ្នំពេញ៖ អង្គការសិល្បៈខ្មែរអមតៈ នឹងរៀបចំមហោស្រពសិល្បៈដើម្បីសន្តិភាព រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ការប្រគំតន្ត្រី ទស្សនីយភាពល្ខោន របាំ សិក្ខាសាលាសិល្បៈ ពិព័រណ៍ កិច្ចពិភាក្សា និងកម្មវិធីផ្សេងៗទៀត និងបង្ហាញវត្តមានក្នុងមហោស្រពសិល្បៈដើម្បីសន្តិភាពនេះ។
ក្នុងបំណងផ្សព្វផ្សាយពីគុណតម្លៃសិល្បៈវប្បធម៌ ដែលរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា ក្រោយការដួលរលំរបបខ្មែរក្រហមអស់រយៈពេល៤០ឆ្នាំ និងដើម្បីអបអរសាទរខួប២០ឆ្នាំនៃអង្គការសិល្បៈខ្មែរអមតៈ មហោស្រពសិល្បៈដើម្បីសន្តិភាពត្រូវបានបង្កើតឡើង។ មហោស្រពនេះក៏បង្ហាញពីការដឹងគុណ ដល់ការខិតខំប្រឹងប្រែងរបស់សិល្បករ ព្រឹទ្ធាចារ្យសិល្បៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការស្ដារឡើងវិញនូវទម្រង់សិល្បៈ ដែលរងគ្រោះទាំងឡាយ និងបន្តឱ្យរស់រានឡើងវិញក្នុងរយៈពេលជាច្រើនឆ្នាំមកហើយនោះ។
មហោស្រពដែលមានរយៈពេល១០ថ្ងៃនេះ មានការសម្ដែងចាប៉ីនិងស្មូត្រ៣ជំនាន់ ការប្រគំបទ”មន្តភ្លេង” ដោយក្រុមមេធា ការសម្ដែងល្ខោនយីកេរឿង “ម៉ាក់ថឺង” របាំសហសម័យ”ក្ដីស្រមៃ” ការបញ្ចាំងភាពយន្ត”ទីដំរីយំ” ល្ខោននិយាយស្នាដៃថ្មីរឿង”គ្រូទាយ” “ចាប៉ីកេរពីតា” “ម្នាក់ឯងជាថ្មី” ការប្រគំតន្ត្រីបុរាណថ្មី”មិត្តភាព” “ការប្រគំតន្ត្រី” ដោយក្រុមសិល្បករទីដំរីយំ រថយន្តតន្ត្រីទិព្វខ្មែរ ក្មេងខ្មែរ និងក្រុមសិល្បករជាច្រើនទៀត។
ក្រៅពីការសម្ដែងសិល្បៈខាងលើ មហោស្រពសិល្បៈដើម្បីសន្តិភាព ក៏មានរៀបចំកិច្ចពិភាក្សានិងសិក្ខាសាលាស្ដីពី ការសន្ទនាអន្តរជំនាន់ ការផ្សះផ្សានិងការព្យាបាល ការធ្វើឱ្យអនុស្សាវរីយ៍រស់រានឡើងវិញ ការរាប់បញ្ចូលនិងការតស៊ូមតិ សិល្បៈនិងបរិស្ថាន សេរីភាពនិងក្ដីសង្ឃឹម ផងដែរ។
មហោស្រពទាំង១០ថ្ងៃនេះមានការតាំងពិព័រណ៍ស្នាដៃរបស់សិល្បកររូបថត និងវីរជនសិល្បៈលាក់មុខមកពី២៥ខេត្ត-ក្រុង-រាជធានី។
ថវិការដែលប្រមូលបានពីការលក់សំបុត្រ និងយកទៅប្រើប្រាស់ក្នុងគម្រោងនានា ដែលជួយជំរុញដល់វិស័យសិល្បៈ និងវប្បធម៌នៅកម្ពុជារួមមាន ផ្ដល់ប្រាក់បៀវត្សរ៍ដល់ព្រឹទ្ធាចារ្យសិល្បៈ កម្មវិធីអាហារូបករណ៍ កម្មវិធីបណ្ដុះបណ្ដាលអភិវឌ្ឍន៍អាជីព និងគម្រោងសិល្បៈនានាដែលជួយដល់សិល្បករជំនាន់ថ្មី ក៏ដូចជាពង្រឹងនិរន្តរភាពវិស័យសិល្បៈ និងវប្បធម៌នៅប្រទេសកម្ពុជាផងដែរ៕
Tag:
សិល្បៈ
សិល្បៈខ្មែរអមតៈ
តន្ត្រី
របាំ
ស្មូត្រ
មហោស្ព
សន្តិភាព
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com