ជាតិ
ក្រសួង​ការងារ ជំរុញ​ឲ្យ​លើកកម្ពស់​ផលិតភាព​ការងារ ដោយ​ភាព​ឆ្លាត​វៃ​និង​ប្រសិទ្ធភាព
03, Nov 2019 , 10:59 pm        
រូបភាព
រដ្ឋលេខាធិការក្រសួងការងារកំពុងថ្លែងក្នុងពិព័រណ៍ការងារនិងផលិតភាពឆ្នាំ២០១៩ ( រូបភាពពីក្រសួងការងារ )
រដ្ឋលេខាធិការក្រសួងការងារកំពុងថ្លែងក្នុងពិព័រណ៍ការងារនិងផលិតភាពឆ្នាំ២០១៩ ( រូបភាពពីក្រសួងការងារ )
​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជំរុញ​ឲ្យ​លើកកម្ពស់​ផលិតភាព​ការងារ ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​ប្រកួតប្រជែង​កំណើនសេដ្ឋកិច្ច​និង​កែលម្អ​គុណភាព​ការងារ​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​ការងារ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។



​ក្រសួង​កា​ងារ អង្គការ​អភិវឌ្ឍ​ន៍ស​ហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​(UNDP) អង្គការ​ការងារ​អន្តរជាតិ (ILO) និង សមាគម​រោងចក្រ​កាត់ដេរ បានរៀបចំ​កម្មវិធី​សន្និសីទ​ស្ដីពី «​យុទ្ធ​សា​សាស្ត្រ​ផលិតភាព​សម្រាប់​កម្ពុជា​៖ ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ការប្រកួតប្រជែង​ជាស​កល​» ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​២​ដល់ទី​៣ ខែវិច្ឆិកា​នេះ​។ កម្មវិធី​នេះ រៀបចំឡើង​ដើម្បី​ចែករំលែក​ចំណេះដឹង ឯកទេស​បទពិសោធន៍​នៃ​ការអនុវត្ត​ជោគជ័យ និង​បណ្ដុះ​ផ្នត់គំនិត​ឥរិយាបថ​និង​វប្បធម៌​លើកកម្ពស់​ផ​លិ​ភាព​ការងារ​។ លោក ពេ​ជ សោភ័ន បានលើកឡើង​ក្នុង​កម្មវិធី​ថា «​ផលិតភាព​គឺជា​ការធ្វើការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព​...​។ លើសពីនេះ យើង​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​យើង​ម្នាក់ៗ​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបទ​មិនល្អ ឬ​ទម្លាប់​អាក្រក់​ចេញ​...»​។ 

​ទន្ទឹមនឹងនេះ ដើម្បី​លើកកម្ពស់​ផលិតភាព លោក រដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​បញ្ជាក់ថា ត្រូវ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឲ្យ​ចូលរួម​លក្ខខណ្ឌ​ការងារ​ល្អ និង​ចូលរួម​សកម្ម​ដោយ​អ្នកគ្រប់គ្រង​។ លើសពីនេះ ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ធ្វើការ​កាន់តែ​ឆ្លាត​វៃ​។

​រដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​លើក​ពី​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​រួមបញ្ចូល​គ្នា​នូវ​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ សំដៅ​ជំរុញ​ការកែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​ពី​ការពឹង​ផ្អែកលើ​កំណើន​ជំរុញ​ដោយ​កត្តាផលិតកម្ម​ទៅ​ពឹង​ផ្អែកលើ​ផលិតភាព​និង​ការបង្កើត​តម្លៃបន្ថែម​។

​លោក បន្ថែមថា ការធ្វើ​បែបនេះ គឺ​សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង បន្ត​ធានាបាន​កំណើន​ខ្ពស់ បង្កើត​ការងារ​កាន់តែ​ប្រសើរ និង​បង្កើន​ប្រាក់ចំណូល​ប្រកបដោយ​ស្ថិរភាព​និង​បរិ​យា​ប័ន្ន និង​ឈានទៅ​សម្រេចបាន​នូវ​ក្តី​ប្រាថ្នា​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕


Tag:
 ជាតិ​
  ភ្នំពេញ​
  ផ​លិ​ភាព​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com