ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
ទោះត្រូវធ្វើការច្រើននៅតំបន់ព្រៃ និងតាមប្រាសាទ តែលោក ផុន តារា ថាការងារបុរាណវិទូមានតម្លៃសម្រាប់ជាតិ
04, Nov 2019 ,
8:29 am
រូបភាព
×
ដោយ:
សែម វណ្ណា
សៀមរាប៖ ការងារជាបុរាណវិទូ មិនមែនធ្វើការងារនៅតែមួយកន្លែងនោះទេ។ ការងារនេះ តម្រូវឲ្យបុរាណវិទូ ចុះសិក្សាឈ្វេងយល់ ធ្វើកំណាយស្រាវជ្រាវ នៅតាមប្រាសាទបុរាណនានា និងតាមតំបន់វប្បធម៌ ព្រៃភ្នំជាដើម។ នេះបើតាមលោក ផុន តារា ជាមន្ត្រីជំនាញបុរាណវិទ្យា នៅអាជ្ញាធរជាតិអប្សរា។ ដ្បិតការងារនេះ ត្រូវស្ថិតនៅតំបន់ព្រៃភ្នំ តំបន់ប្រាសាទ និងនៅហាលវាលច្រើនជាងនៅក្នុងការិយាល័យ តែបុរាណវិទូ ផុន តារា អះអាងថា ការងារនេះមានតម្លៃខ្លាំងណាស់សម្រាប់ជាតិ។
មានស្រុកកំណើតនៅក្នុងខេត្តកំពត លោក ផុន តារា បានជាប់ចិត្តស្រឡាញ់វប្បធម៌ និងប្រាង្គប្រាសាទបុរាណតាំងពីក្មេងមក ដូច្នេះហើយទើបរូបគេមិនរារែក ក្នុងការសិក្សាស្វែងយល់បន្ថែមពីវប្បធម៌ និងប្រាសាទបុរាណ តាមរយៈការជ្រើសរៀនជំនាញបុរាណវិទ្យា។ ដ្បិតតែជាជំនាញដែលខ្លួនស្រឡាញ់ ប៉ុន្តែបុរសសម្បុរស្រអែមរូបនេះ បានទទួលសំណួរជាច្រើនពីអ្នកជិតខាង ពីការជ្រើសរើសរៀនជំនាញនេះ។ អ្នកបុរាណវិទូ ផុត តារា ដែលកំពុងបំពេញភារកិច្ច នៅខាងមុខច្រកចូលប្រាសាទបេងមាលា បានរំឭកប្រាប់សាព័ត៌មានថ្មីៗ២៥ ដូច្នេះថា៖ «កាលចូលរៀនដំបូង មានអ្នកខ្លះឆ្ងល់ថាតើបុរាណវិទ្យា គេសិក្សាអំពីអ្វី? ហើយយ៉ាងដូចម្ដេចបានជាទៅរៀនជំនាញបុរាណវិទ្យា? ហេតុអ្វីមិនទៅរៀនពេទ្យ ឬអគ្គិសនី?»
សម្រាប់លោក ផុន តារា ដែលមានមាឌល្អិត ស្តើង និងសក់រួញតិចៗ ការចោទសួរដូច្នេះ មិនមែនមានន័យថាពួកគេមិនឲ្យតម្លៃមុខវិជ្ជាបុរាណវិទ្យា ប៉ុន្តែដោយសារតែពួកគាត់មិនបានយល់ដឹងពីមុខវិជ្ជានេះ ដូចជំនាញពេញនិយមផ្សេងៗទៀតដូចជាធនាគារ គណនេយ្យ វិស្វករ ឬពេទ្យជាដើម។ លោក ផុន តារា បញ្ជាក់បន្តថា៖«មុខវិជ្ជានីមួយៗ មិនអាចប្រៀបធៀបគ្នា ថាជំនាញណាមួយអន់នោះទេ។ នៅក្នុងសង្គមមួយ ត្រូវការបំពេញគ្នាទៅវិញទៅមក ហើយត្រូវមានជំនាញពេទ្យ វិស្វករ បុរាណវិទ្យា វប្បធម៌ វិទ្យាសាស្ត្រ សេដ្ឋកិច្ច និងជំនាញផ្សេងទៀត»។
គិតមកទល់ពេលនេះ លោក ផុន តារា បានប្រឡូកក្នុងការងារជាអ្នកបុរាណវិទូ ៣ឆ្នាំហើយ។ ការងារនេះ តម្រូវឲ្យរូបគេ ក៏ដូចជាអ្នកបុរាណវិទូដទៃទៀតត្រូវធ្វើដំណើរពីមួយកន្លែង ទៅមួយកន្លែងមួយដើម្បីសិក្សាឈ្វេងយល់ ធ្វើកំណាយស្រាវជ្រាវ នៅតាមប្រាសាទបុរាណនានា និងតាមតំបន់វប្បធម៌ ព្រៃភ្នំជាដើម។ ដ្បិតទើបបានភ្លក់រសជាតិធ្វើការងារហាលវាល ឬនៅក្នុងតំបន់ព្រៃ ទើបតែ៣ឆ្នាំមែន ប៉ុន្តែ តារា បានជ្រួតជ្រាបយ៉ាងប្រាកដថា ការងារនេះមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិនីមួយៗ មិនមែនសម្រាប់តែកម្ពុជានោះទេ។
លោក ផុន តារា បន្តដោយម៉ឹងមាត់ថា៖«បុរាណវិទ្យា មានតម្លៃខ្លាំងសម្រាប់ប្រទេសជាតិនីមួយៗ ហើយគ្រប់ប្រទេសតែងតែមានបុរាណវិទូ។ ពីដើមឡើយ យើងមិនសូវមានបុរាណវិទូខ្មែរច្រើនទេ មានតែបុរាណវិទូបារាំងច្រើន។ សម័យអាណានិគមបារាំង បារាំងបានសិក្សាពីសិលាចារឹក ស្ថាបត្យកម្ម សិល្បៈ និងនរវិទ្យាទាក់ទងនឹងខ្មែរយើង។ បច្ចុប្បន្នបារាំង បានបណ្ដុះបណ្ដាលផ្នែកបុរាណវិទ្យាច្រើនដល់កម្ពុជា ហើយនេះជារឿងប្រសើរមួយសម្រាប់ខ្មែរយើង ដែលអាចឲ្យយើងរៀនតគ្នា និងដឹងពីប្រវត្តិសាស្ត្រ ពីតម្លៃជាតិ»។
លោក តារា មានគម្រោងបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកបុរាណវិទ្យា ដើម្បីស្វែងយល់ និងសិក្សារៀនសូត្របន្ថែម លើចំណេះដឹងដែលលោកមាន។ លោក តារា បានចាត់ទុកថា ការរៀនសូត្របន្ថែមជាការតបស្នងសង្គមវិញ ដូចជាការបង្កើន ចំណេះដឹងថ្មី និងបំពេញការងារឲ្យបានល្អសម្រាប់សង្គម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ផុន តារា
បុរាណវិទ្យា
ជីវព័ត៌មាន
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម