ជាតិ
២៥ខេត្ត/រាជធានី
តើ​លើ​ភ្នំ​គូលែន មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​អ្វីខ្លះ​?
03, Nov 2019 , 5:29 pm        
រូបភាព
រូបភាពពី​អាជ្ញាធរជាតិអប្សរា
រូបភាពពី​អាជ្ញាធរជាតិអប្សរា
ដោយ: ថ្មីៗ
​ភ្នំ​គូលែន​, សៀមរាប​៖ ភ្នំ​គូលែន មិន​ត្រឹម​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ​នោះទេ តែ​ជា​រមណីយដ្ឋាន​បែប​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ភ្នំ​គូលែន​ដែលមាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ជាច្រើន​ដូចជា ទឹកធ្លាក់​, ព្រះអង្គ​ធំ​, ពើង​, ស្ទឹង​លិង្គ​មួយ​ពាន់​, ស្រះ​ដំរី និង​ប្រាសាទ​ធ្វើ​អំពី​ឥដ្ឋ​មួយចំនួន​។​



​ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី​៥ នៃ​កម្មវិធី « Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លោក ងិន សារុន បុរាណ​វិទូ និង​ជា​ប្រធាន​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​តំបន់ភ្នំ​គូលែន បាន​រៀបរាប់​តំបន់​ទេសចរណ៍​គោលដៅ​យ៉ាង​ដូច្នេះ​៖ «​ព្រះអង្គ​ធំ​,​ទឹកធ្លាក់​, ស្ទឹង​លិង្គ​មួយ​ពាន់ ជា​កន្លែង​ដែល​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ជាត និង​អន្តរជាតិ​។ ហើយ​តំបន់​ដែល​ចូល​ទស្សនា​តាម​ប្រាសាទ​រួមមាន ស្រះ​ដំរី​, អារាម​រង​ចិន​, ប្រាសាទ​គគីរ និង​ប្រាសាទ​ផ្សេងៗ​ទៀត ភ្ញៀវទេសចរ​មួយចំនួន​មិនទាន់បាន​ចូលទៅ​ដល់​ទេ​»​។ បើតាម​លោក ងិន សារុន តំបន់​ដែល​គួរ​ជាទី​គយគន់​តាម​ជើងភ្នំ​គូលែន គឺ​ពើង​បែប​ធម្មជាតិ ពើង​តា​រ័ត្ន​, ពើង​ជ្រួញ​។

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ជាមួយ​លោក ងិន សារុន បុរាណ​វិទូ និង​ជា​ប្រធាន​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​តំបន់ភ្នំ​គូលែន​ដូចតទៅ​៖



ភ្នំ​គូលែន មាន​ទឹកធ្លាក់​ដ៏​ត្រជាក់​ដែល​នៅក្បែរ​ព្រះអង្គ​ធំ ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ទៅ​ងូត​កម្សាន្ត​។ លើសពីនេះ លើ​ភ្នំ​គូលែន ក៏មាន​ប្រាសាទ​ដែលមាន​ប្រវត្តិ​ដ៏​អស្ចារ្យ រួមទាំង​ពើង​ធម្មជាតិ​ផងដែរ​។ លោក ងិន សារុន បញ្ជាក់ថា ក្នុង​តំបន់​ទេសចរណ៍​នៅលើ​ភ្នំ​គូលែន​ពីមួយ​កន្លែង​ទៅមួយ​កន្លែង មាន​ចម្ងាយ​ចន្លោះ​ពី​៥ ទៅ​១០​គីឡូម៉ែត្រ​។

 ក្រុមការងារ Mercedes-Benz និង​កំណប់អាថ៌កំបាំង នា​រាជធានីបុរាណលើ​ភ្នំគូលែន

អត្ថបទទាក់ទង


​បើតាម​លោក ងិន សារុន នៅលើ​ភ្នំ​គូលែន មាន​ប្រាសាទ​ចំនួន ៤២ ប៉ុន្តែ​បើ​សរុប​ទាំង​បុរាណ​ដ្ឋា​ន ប្រាសាទ និង​ពើង មាន​ប្រមាណ​ជាង​៤០០​។ ភ្នំ​គូលែន​ដែលមាន​ផ្ទៃដី​៤០​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៤​ពាន់​គ្រួសារ ក្នុងភូមិ​ចំនួន ៩ នា​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ក្រៅពី​តំបន់​ទេសចរណ៍​ទាក់ទាញ នៅលើ​ភ្នំ​គូលែន​ក៏បានផ្ដល់​សេវា​ស្នាក់នៅ​នាពេល​រាត្រី​ផងដែរ ដែល​ភ្ញៀវទេសចរ​អាច​ស្នាក់នៅ​ដោយ​បោះតង់ និង​ស្នាក់នៅ​ក្នុងផ្ទះ​ស្នាក់​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ ភ្នំ​គូលែន មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​ស្រុក​ស្វាយ​លើ ចុះទៅ​ប្រាសាទបន្ទាយស្រី​, ប្រាសាទបឹងមាលា និង​មាន​ផ្លូវ​ត​ភ្ជាប់​ទៅ​ប្រាសាទកោះកេរ្តិ៍ ខេត្តសៀមរាប​ផងដែរ​។​


លោក ងិន សារុន បុរាណវិទូ និងជាប្រធានក្រុមការងារនៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់ភ្នំគូលែន

​សូមបញ្ជាក់ថា បេសកកម្ម​ចំនួន​៤​លើក​កន្លងមក ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​«​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​

​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕


Tag:
 Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
  ភ្នំ​គូលែន​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com