អន្តរជាតិ
លោក ឌូ​ទើ​តេ ចាត់ទុក​ការចាប់យក​មហាអំណាច​ផ្តាច់​មុខជា​«​កំហុស​យុទ្ធសាស្ត្រ​»
04, Nov 2019 , 8:59 am        
រូបភាព
លោកប្រធានធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ចូលរួមកិច្ចប្រជុំអាស៊ានពេញអង្គលើកទី៣៥ ក្នុងខេត្ត Nonthaburi ប្រទេសថៃ នៅថ្ងៃសៅរ៍ ២ វិច្ឆិកា ២០១៩ (ប្រភពរូបភាព៖ការិយាល័យប្រធានាធិបតីហ្វីលីពីណ)
លោកប្រធានធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ចូលរួមកិច្ចប្រជុំអាស៊ានពេញអង្គលើកទី៣៥ ក្នុងខេត្ត Nonthaburi ប្រទេសថៃ នៅថ្ងៃសៅរ៍ ២ វិច្ឆិកា ២០១៩ (ប្រភពរូបភាព៖ការិយាល័យប្រធានាធិបតីហ្វីលីពីណ)
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន បានស្នើ​ឲ្យ​បណ្តា​មេដឹកនាំ​នៃ​អង្គការ​អាស៊ាន កុំ​ជ្រើសរើស​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ មេដឹកនាំ​រូបនេះ ចាត់ទុក​ការ​រើសយក​ម្ខាងៗ​ជា​«​កំហុសឆ្គង​ផ្នែក​យុទ្ធសាស្ត្រ​»​។



​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​សៅរ៍ ២ វិច្ឆិកា អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Salvador Panelo បញ្ជាក់​ឲ្យ​ដឹងថា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ជជែក​ពិភាក្សា​ស្តីពី​ទិដ្ឋភាព​តំបន់​ដែល​កំពុង​ផ្លាស់ប្តូរ​ពាក់ព័ន្ធ​ចិន​និង​សហរដ្ឋអាមេរិក  អំឡុង​កិច្ចប្រជុំ​អាស៊ាន​ពេញអង្គ​លើក​ទី​៣៥​។

«​យើង គិត​សម្គាល់ថា ប្រធានាធិបតី ឌូ​ទើ​តេ ក៏បាន​ពិភាក្សា​ពី​ទិដ្ឋភាព​ដែល​កំពុង​ប្រែប្រួល ដែល​ទទួលស្គាល់​ពី​ការ​ងើបឡើង​របស់​នាគ (​ចិន​) ក្នុង​ពិភពលោក​ដែល​នៅ​ត្រួតត្រា​ដោយ​ឥន្ទ្រី​ត្រដាងស្លាប​លើ​លំហ​អាកាស (​សហរដ្ឋអាមេរិក​)»​។ លោក Panelo លើកឡើង​បែបនេះ​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Asia News Network  លោកអ្នក​នាំពាក្យ Panelo អះអាង​ទៀតថា លោក​ប្រធានាធិបតី ឌូ​ទើ​តេ ក៏​ទទូច​ឲ្យ​មេដឹកនាំ​អាស៊ាន​កុំ​ជ្រើស​យក ឬ​បង្ខំ​ឲ្យ​រើស​ម្ខាងៗ ។ ត្រង់នេះ លោក ឌូ​ទើ​តេ លើកឡើងថា ទង្វើ​នេះ គឺជា «​កំហុសឆ្គង​ផ្នែក​យុទ្ធសាស្ត្រ​» មួយ​ដែល​មេដឹកនាំ​ហ្វីលីពីន​ពី​អតីតកាល​បាន​ប្រព្រឹត្ត ដែល​បច្ចុប្បន្ន​រដ្ឋាភិបាល​ក្រុង​ម៉ានីល​កំពុង​កែតម្រូវ​តាមរយៈ​គោលនយោបាយ​ការបរទេស​ឯករាជ្យ​។

​បន្ថែម​ពី​សំណើ​ឲ្យ​មាន​ជំហរ​ឯករាជ្យ​ចំពោះមុខ​ការប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​រវាង​មហាអំណាច  មេដឹកនាំ​ហ្វីលីពីន​វ័យ​៧៤​ឆ្នាំ​រូបនេះ ក៏​ទទូច​ឲ្យ​មេដឹកនាំ​នៃ​អង្គការ​តំបន់​អាស៊ាន​ឲ្យ​អនុវត្ត​ការអត់ធ្មត់​រៀងខ្លួន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ សម្រាប់​លោក ហ្វីលីពីន​ប្តេជ្ញា​តាំងចិត្ត​ព​ន្លឿ​ន​ការចរចា​លើ​ក្រុម​ប្រតិបត្តិ (COC) រវាង​អាស៊ាន​និង​ចិន ក្នុង​ជម្លោះ​ដែនទឹក​នេះ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​ជំនួប​កំពូល​ពាក់ព័ន្ធ រៀបចំឡើង​នៅ​ប្រទេស​ថៃ រយៈពេល​៣​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃ​២-៤ វិច្ឆិកា ក្រោម​មូលបទ​«​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
  ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com