ជាតិ
ផែនទីប្រទេសកម្ពុជា ត្រូវបាននិស្សិត២នាក់ឆ្លាក់ស្រោបរូបហនុមានដែលប្រើក្នុងល្ខោនស្រមោលស្បែកធំ រូបចម្លាក់ល្ខោនស្បែកធំឆ្លាក់ដោយនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាឯកទេសចម្លាក់ តាំងក្នុងបរិវេណសាលារចនា
× ភ្នំពេញ៖ និស្សិតមហាវិទ្យាល័យសូនរូប ឯកទេសចម្លាក់ ២នាក់ ឈ្មោះ សុខ ដារ៉ា និងផាន់ លីហួន បានរួមគ្នាឆ្លាក់រូបផែនទីប្រទេសកម្ពុជា នៅលើស្បែកធំ ដើម្បីបញ្ចប់សារណាថ្នាក់បរិញ្ញារបស់ខ្លួន។ ពួកគេបានការពារសារណាស្នាដៃចម្លាក់ស្បែករបស់ខ្លួន ដោយជោគជ័យកាលពីថ្ងៃទី១៦ ខែតុលា។
លោក សុខ ដារ៉ា កន្លងទៅ បានប្រាប់សារព័ត៌មានថ្មីៗថាពួកគេ ជ្រើសរើសឆ្លាក់ផែនទីប្រទេសកម្ពុជានៅលើស្បែកធំ ព្រោះចង់បញ្ជាក់ពីអត្តសញ្ញាណល្ខោនស្រមោលស្បែក ថាជារបស់កម្ពុជា។ ម្យ៉ាងទៀតពួកគេយល់ថាល្ខោនស្រមោលស្បែកធំ ហាក់ត្រូវបានគេមើលរំលង ហើយការផ្សព្វផ្សាយនៅមានកម្រិត ដូច្នេះចម្លាក់នេះ អាចជាការរួមចំណែកផ្សព្វផ្សាយមួយដែរ។
បុរសមាឌមាំ សង់ពីស៊ីម៉ងត៍ ឈរកាន់ផ្ទាំងស្បែកធំពណ៌មាស ដែលមានរូបហនុមាននៅខាងក្នុងផែនទីប្រទេសកម្ពុជា បានបង្ហាញកាយវិការនៃក្បាច់សម្ដែងក្នុងល្ខោនស្រមោលស្បែកធំ។ នេះគឺផ្ទាំងស្បែកធំដែលជាងចម្លាក់បានឆ្លាក់យ៉ាងផ្ចិតផ្ចង់បំផុត។ ម្ចាស់ស្នាដៃ មានបំណងប្រាប់អ្នកទស្សនាថា ល្ខោនស្រមោលស្បែកធំជារបស់កម្ពុជា ដ្បិតអីនៅប្រទេសផ្សេងៗលើពិភពលោក ក៏មានល្ខោនស្រមោលស្បែកដែរ។
ជាងចម្លាក់លោក សុខ ដារ៉ា បានបញ្ជាក់បន្ថែមដូច្នេះ៖«ការផ្សព្វផ្សាយនៅមានកម្រិតមែនទែន។ ខ្ញុំបានទៅមើលការសម្ដែងនៅសមាគមសុវណ្ណភូមិ ថ្ងៃខ្លះមានអ្នកទៅមើល២នាក់ ថ្ងៃខ្លះមានតែបរទេសទៅមើល។ តម្លៃសំបុត្រមិនថ្ងៃទេ ប៉ុន្តែគេដូចមិនចាប់អារម្មណ៍តែម្ដង។ ល្ខោនស្រមោលស្បែកដែលតាំងនៅទីនេះ អាចជួយផ្សព្វផ្សាយដល់សិស្សនិស្សិត ជនបរទេស ព្រមទាំងអ្នកដែលចូលមកទស្សនានៅសាលានេះ។ ល្ខោនស្បែកក៏មាននៅប្រទេសឥណ្ឌា និងនៅប្រទេសមួយចំនួនទៀតដែរ ទើបបានជាខ្ញុំឆ្លាក់រូបផែនទីប្រទេសកម្ពុជា ដើម្បីបញ្ជាក់ថាល្ខោនស្រមោលនេះនៅកម្ពុជា»។
សូមបញ្ជាក់ថា ល្ខោនស្រមោលស្បែកធំ បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៃអង្គការយូណេស្កូ នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០០៥៕
Tag:
ល្ខោន
ស្បែកធំ
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com