កម្មវិធី​អភិវឌ្ឍន៍ UNDP៖ ការបណ្តាក់ទុន​លើ​ដំឡូង​មី​អាចជួយ​កំណើនសេដ្ឋកិច្ច​កម្ពុជា​
ជាតិ
សេដ្ឋកិច្ច
កម្មវិធី​អភិវឌ្ឍន៍ UNDP៖ ការបណ្តាក់ទុន​លើ​ដំឡូង​មី​អាចជួយ​កំណើនសេដ្ឋកិច្ច​កម្ពុជា​
04, Nov 2019 , 1:59 pm        
រូបភាព
រូបឯកសារ៖ ចម្ការដំឡូងរបស់ក្រុមហ៊ុន​ HLH Agriculture Cambodia នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។(ស៊ុន ណារិន/VOA)
រូបឯកសារ៖ ចម្ការដំឡូងរបស់ក្រុមហ៊ុន​ HLH Agriculture Cambodia នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។(ស៊ុន ណារិន/VOA)
ដោយ: VOA
​រដ្ឋធានី​វ៉ាស៊ីនតោន ៖ របាយការណ៍​របស់​ក​ម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (UNDP) បាន​ឲ្យ​ដឹងថា ការបណ្តាក់ទុន​ពី​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​លើ​ដំណាំ​ដំឡូង​មី​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខនេះ អាច​នឹង​ជួយ​លើកស្ទួយ​សន្ទុះ​សេដ្ឋកិច្ចកម្ពុជា ជា​ទឹកប្រាក់​ប្រមាណ ៩៤០​លាន​ដុល្លារ​អាមេរិក ដែលជា​លទ្ធផល​អាច​នឹង​បង្កើត​ឱកាស​ការងារ និង​ជួយ​កាត់បន្ថយ​កម្រិត​ភាពក្រីក្រ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ UNDP ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

 
​លោក Nick Beresford នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ថា​៖ «[...] ផលចំណេញ​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម រួមមាន​កម្រិត​នៃ​ឱកាស​បង្កើត​ការងារ និង​ការកាត់បន្ថយ​ភាពក្រីក្រ នឹង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ សម្រាប់​ការបណ្តាក់ទុន​លើ​ដំឡូង​ម‍ី​»​។​
 
​ដំឡូង​មី គឺជា​ប្រភេទ​ដំណាំ​កសិកម្ម​ដ៏​ពេញនិយម​មួយ​នៅ​កម្ពុជា ដោយ​គេ​ឃើញ​កសិករ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​ក្នុងប្រទេស​កំពុង​ដាំ​ដំណាំ​នេះ​។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តម្លៃ​ដំឡូង​មី​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ប្រមាណ ៣០​ភាគរយ ពី​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម នៅ​ឆ្នាំ​២០១៤ មក​សល់​ត្រឹម ៤៥០​រៀល​ក្នុង​មួយ​គីឡូ នៅ​ឆ្នាំ​២០១៧ ស្របពេល​តម្លៃ​ផលិតផល​ក្នុង​ពិភពលោក​សម្រាប់​ដំណាំ​ដំឡូង​មី​បាន​ធ្លាក់ចុះ និង​បញ្ហា​ប្រឈម​នៃ​មេរោគ​ឆ្លង​លើ​ដំណាំ​នេះ​។​
 
​យ៉ាងណាមិញ របាយការណ៍​របស់ UNDP ដែលមាន​ចំណងជើង​ថា “Making the Case For Investment in Cassava” បាន​កត់សម្គាល់ថា ដើម្បី​ទាញយក​ប្រយោជន៍​ពី​វិស័យ​ដាំដំឡូង​មីនេះ រដ្ឋាភិបាល​កម្ពុជា​គួរ​សហការ​ឲ្យ​បាន​ដិតដល់​ជាមួយ​វិស័យ​ឯកជន ក្នុងការ​បង្កើត​ធនធាន​នានា ដើម្បី​គាំទ្រ​សកម្មភាព​ដាំ​ដុះ កែច្នៃ និង​សកម្មភាព​ទីផ្សារ ជាពិសេស​ការបង្កើត​ឲ្យ​មាន​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ការបង្កើត​ឲ្យ​មាន​ឧស្សាហកម្ម​កែច្នៃ​ដំឡូង​មី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​
 
​របាយការណ៍ UNDP មួយ​នេះ​ក៏​បញ្ជាក់ថា ផលចំណេញ​ដែល​អាចនឹងទទួល​បាន​ពី​បណ្តាក់ទុន​លើ​ដំឡូង​មី​ក្នុង​ទឹកប្រាក់ ២៩៤​លាន​ដុល្លារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា អាច​នាំមុខ​លើ​ការបណ្តាក់ទុន​លើ​វិស័យ​ចិញ្ចឹមសត្វ អាហារ និង​វិស័យ​ទេសចរណ៍​ជាដើម​។​
 
​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែលមាន​វត្តមាន​ចូលរួម​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍រ​បស់ UNDP បានបង្ហាញ​សុ​ទិ​ដ្ឋ​និយម​លើ​ដំណាំ​ដំឡុង​មីនេះ​។ លោក​ត្រូវបាន​ដកស្រង់​ពាក្យសម្តី​នៅក្នុង​សេចក្តីប្រកាស​របស់​កម្ម​វិធី UNDP ថា​៖
 
«​ដំឡូង​មី​ផ្តល់​ជា​មធ្យោបាយ​មួយ​ក្នុង​ការពង្រីក​កំណើនសេដ្ឋកិច្ច ដែល​ដើរ​ស្រប​នឹង​ទស្សនវិស័យ​យូរអង្វែង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​ក្លាយជា​ប្រទេស​ដែល​នាំចេញ​និង​ផ្គត់ផ្គង់​ដំឡូង​មី​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត​នៅក្នុង​ពិភព​លោ​ក‍​»​។​
 
​លោក​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ក៏បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្តេជ្ញា​ខិតខំ​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​វិស័យ​ដាំ​ដំណាំ​ដំឡូង​មី ឲ្យ​ដូចគ្នា​នឹង​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា​វិស័យ​ដំណាំ​ស្រូវ​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com