អត្ថបទពាណិជ្ជកម្ម
SCG ប្រកាស​លទ្ធផល​ប្រតិបត្តិការ​សម្រាប់​ត្រីមាស​ទី​៣ និង​សម្រាប់​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០១៩
04, Nov 2019 , 9:52 am        
រូបភាព
​លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក ក្រុមហ៊ុន SCG
​លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក ក្រុមហ៊ុន SCG
ដោយ: ថ្មីៗ
​ទីក្រុង​បាងកក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ - លទ្ធផល​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន SCG សម្រាប់​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​២០១៩ និង​សម្រាប់​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០១៩ បានបង្ហាញ​ប្រាក់ចំណេញ​ថមថយ​ចុះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំទៅ​មិញ​។ ការ​ថមថយ​ប្រាក់ចំណេញ​នេះ​ជា​ចម្បង គឺ​បណ្ដាលមកពី​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណេញ នៅក្នុង​អាជីវកម្ម​ផលិតផល​គីមី ដោយសារ​វដ្ដ​តម្រូវការ​ទាប​ស្រាប់ ការ​ថមថយ​ចុះ​នៃ​សេដ្ឋកិច្ច​សាកល​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​បាត​ថៃ​។ ទន្ទឹមនឹងនេះ អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សំណង់ បាន​រាយការណ៍​ពី​កំណើន​នៃ​ប្រាក់ចំណេញ ដែល​រុញច្រាន​ដោយ​កំណើន​ការលក់ នៅក្នុង​អាជីវកម្ម​ចែកចាយ និង​លក់រាយ​។ ជាងនេះទៅទៀត អា​ជីក​ម្ម​វេច​ខ្ចប់ ក៏បាន​បង្ហាញ​នូវ​សក្ដានុពល​កំណើន​ដ៏​ខ្លាំងក្លា​ផងដែរ ជាពិសេស​នៅក្នុង​ទីផ្សារ​អាស៊ាន​។
 
 
​លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក ក្រុមហ៊ុន SCG មានប្រសាសន៍ថា​៖« លទ្ធផល​ប្រតិបត្តិការ​មិនទាន់​ធ្វើ​សវនកម្ម​របស់​ក្រុមហ៊ុន សម្រាប់​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩ បាន​ចុះបញ្ជី​ចំណូល​ពី​ការ​លក់បាន​ចំនួន ១៤.៦៨៩ ប៊ី​លាន​រៀល (​ស្មើនឹង ៣.៥៩៣ លាន​ដុល្លារ​អាមេរិក​)​។ ចំណូល​នេះ​ធ្លាក់ចុះ ១០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ដោយសារតែ​ការធ្លាក់ចុះ​នៃ​តម្លៃ​ផលិតផល​គីមី ប៉ុន្តែ​ចំណូល​ពី​ការលក់​នៅក្នុង​ត្រីមាស​ទី​៣​នេះ កើនឡើង ១% បើ​ធៀប​នឹង​ត្រីមាស​ទី​២ ឆ្នាំនេះ​។ ស្របពេល​ជាមួយគ្នានេះដែរ ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី​៣​នេះ សម្រេចបាន​សរុប ៨២៦​ប៊ី​លាន​រៀល (២០២​លាន​ដុល្លារ​អាមេរិក​) ដែល​ធ្លាក់ចុះ ៣៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំទៅ​មិញ និង​ធ្លាក់ចុះ ១២% បើ​ធៀប​នឹង​ត្រីមាស​ទី​២ ដែល​បណ្ដាលមកពី​លទ្ធផល​មិនសូវ​ល្អ​នៃ​អាជីវកម្ម​គីមី ដោយសារតែ​ប្រាក់ចំណេញ​ពី​ការលក់​ផលិតផល​ធ្លាក់ចុះ​, ពន្ធ​លើ​ប្រាក់ចំណូល​ដែល​ត្រូវ​ទូទាត់ (Deferred Tax Assets reversal) មាន​ទឹកប្រាក់ ១៤២​ប៊ី​លាន​រៀល (៣៥​លាន​ដុល្លារ​អាមេរិក​), និង​ការថយចុះ នៃ​ចំណូល​ភាគលាភ​ពី​ក្រុមហ៊ុន​រកស៊ី​ចូលគ្នា​មួយ​, ដំណើរ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សាកល​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​បាត​ថៃ បូករួម​នឹង​ការខូចខាត​ទ្រព្យ​របស់​ក្រុមហ៊ុន​ដែលមាន​ទឹកប្រាក់ ១០១​ប៊ី​លាន​រៀល (២៥​លាន​ដុល្លារ​អាមេរិក​) ដែល​ក្នុងនោះ ៨៥​ប៊ី​លាន​រៀល (២១​លាន​ដុល្លារ​អាមេរិក​) ជា​ទឹកប្រាក់​នៃ​ការខូចខាត​ទ្រព្យ​ពី​អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សំណង់ ដែល​មួយ​ភាគ​ធំ កើតចេញពី​អាជីវកម្ម​សេ​រ៉ា​មិ​ក មិនមែន​ផលិត​នៅ​ប្រទេស​ថៃ​។ ប្រសិនបើ​មិន​បូក​បញ្ចូល​នូវ​ពន្ធ​លើ​ប្រាក់ចំណូល​ដែល​ត្រូវ​ទូទាត់ (Deferred Tax Assets reversal) នោះ ក្រុមហ៊ុន SCG នឹង​សម្រេចបាន​ប្រាក់ចំណេញ ៩៦៨ ប៊ី​លាន​រៀល (២៣៧​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ត្រីមាស​ទី​៣​នេះ ដែល​ថយចុះ ២៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំទៅ​មិញ ប៉ុន្តែ កើនឡើង ៣% បើ​ធៀប​នឹង​ត្រីមាស​ទី​២​វិញ​»​។​
 
​ដោយឡែក ចំពោះ​លទ្ធផល​ប្រតិបត្តិការ​សម្រាប់​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០១៩​វិញ ក្រុមហ៊ុន SCG សម្រេចបាន​ចំណូល​ពី​ការលក់​សរុប ៤២.៩៦៥​ប៊ី​លាន​រៀល (១០.៥៩៨​លាន​ដុល្លារ​អាមេរិក​) ដែល​ថយចុះ ៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៨ ដោយសារ​តម្លៃ​ផលិតផល​គីមី​ធ្លាក់ចុះ​។ ប្រាក់ចំណេញ​សម្រាប់​រយៈពេល ៩​ខែ​នេះ មាន​សរុប ៣.២២៦​ប៊ី​លាន​រៀល (៧៩៦​លាន​ដុល្លារ​អាមេរិក​) ដោយ​ធ្លាក់ចុះ ២៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំទៅ​មិញ​។ ក្នុងន័យនេះ ប្រតិបត្តិ​ការគួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៩​នេះ រួមមាន ការសម្រួល​ប្រាក់​បំណាច់​សម្រាប់​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៩ (​ច្បាប់​ការងារ​) ដែលមាន​ចំនួន ២៦២​ប៊ី​លាន​រៀល (៦៤​លាន​ដុល្លារ​អាមេរិក​), ពន្ធ​លើ​ប្រាក់ចំណូល​ដែល​ត្រូវ​ទូទាត់ (Deferred Tax Assets Reversal) សម្រាប់​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩ ចំនួន ១៤២​ប៊ី​លាន​រៀល (៣៥​លាន​ដុល្លារ​អាមេរិក​), ការខូចខាត​ទ្រព្យ​សម្រាប់​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០១៩ ចំនួន​ទឹកប្រាក់ ១០១​ប៊ី​លាន​រៀល (២៥​លាន​ដុល្លារ​អាមេរិក​) ដែល​មួយ​ភាគ​ធំ កើតចេញពី​អាជីវកម្ម​សេ​រ៉ា​មិ​ក​ថ្នាក់​តំបន់​ដែល​មិនមែន​ផលិត​នៅ​ប្រទេស​ថៃ​, និង​កង្វល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បន្ត​ជះ​ផលប៉ះពាល់​លើ​ប្រាក់ចំណេញ​របស់​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​។ 
 
​ចំណូល​របស់ SCG ពី​ការលក់​ផលិតផល​និង​សេវា​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) សម្រាប់​ត្រីមាស​ទី​៣/​ឆ្នាំ​២០១៩ សម្រេចបាន​ទឹកប្រាក់ ៥.៩១៨​ប៊ី​លាន​រៀល (១.៤៤៧​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៤០% នៃ​ចំណូល​សរុប​ពី​ការលក់ ដោយមាន​ការ​ថមថយ​ចុះ ៨% បើ​ធៀប​នឹង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៨ និង​ថយចុះ ៦% បើ​ធៀប​នឹង​ត្រីមាស​ទី​២ នៃ​ឆ្នាំ​២០១៩​។ ជា​លទ្ធផល ចំណូល​ពី​ការលក់ HVAs សម្រាប់​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ សម្រេចបាន​សរុប ១៧.៧៥០​ប៊ី​លាន​រៀល (៤.៣៧៩​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ៤១% នៃ​ចំណូល​សរុប​ពី​ការលក់ ដោយ​ថយចុះ ២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំទៅ​មិញ​។ 
 
​ក្រៅពីនេះ ចំណូល​របស់ SCG ពី​អាជីវកម្ម​នានា​នៅក្រៅ​ប្រទេស​ថៃ រួមទាំង​ការលក់​នាំ​ចេញពី​ប្រទេស​ថៃ នៅក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៩ សម្រេចបាន ១៧.៤១៩​ប៊ី​លាន​រៀល (៤.២៩៧​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ៤១% នៃ​ចំណូល​សរុប​ពី​ការលក់ ដែល​តួលេខ​នេះ​បង្ហាញ​នូវ​ការធ្លាក់ចុះ ១២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។ 
 
SCG នៅក្នុង​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​ចេញ​) 
 
​សម្រាប់​ប្រតិបត្តិការ​របស់ SCG នៅក្នុង​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​) ចំណូល​ពី​ការលក់​នៅក្នុង​ត្រីមាស​ទី​៣/​ឆ្នាំ​២០១៩​នេះ បង្ហាញ​នូវ​ការធ្លាក់ចុះ ២% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ ដោយ​សម្រេចបាន​ទឹកប្រាក់ ៤.០៣១​ប៊ី​លាន​រៀល (៩៨៦​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ២៧% នៃ​ចំណូល​សរុប​ពី​ការលក់​របស់ SCG​។ តួលេខ​នេះ គឺ​រួមបញ្ចូល​ទាំង​ប្រតិបត្តិការ​ក្នុងស្រុក នៅក្នុង​ទីផ្សារ​អាស៊ាន​នីមួយៗ និង​ទាំង​ការនាំ​ចូល​ពី​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ថៃ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ទ្រព្យ​សរុប​របស់ SCG មាន​ចំនួន ៨១.៩៧១​ប៊ី​លាន​រៀល (២០.០០០​លាន​ដុល្លារ​អាមេរិក​)​។ ចំណែកឯ​ទ្រព្យ​សរុប​របស់ SCG នៅក្នុង​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​) មាន​ចំនួន​សរុប ២៨.៤០៦​ប៊ី​លាន​រៀល (៦.៩៣១​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៣៥% នៃ​ទ្រព្យ​សរុប​រួមទាំង​អស់​របស់ SCG​។ 
 
​នៅក្នុង​ទីផ្សារ​កម្ពុជា ចំណូល​ពី​ការលក់​របស់ SCG សម្រាប់​ត្រីមាស​ទី​៣/​ឆ្នាំ​២០១៩ សម្រេចបាន​ទឹកប្រាក់ ៤៥៥​ប៊ី​លាន​រៀល (១១១​លាន​ដុល្លារ​អាមេរិក​) គឺ​កើនឡើង ១៤% ដែល​មួយ​ភាគ​ធំ គឺ​បានមកពី​អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សំណង់​។ សម្រាប់​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៩​នេះ SCG សម្រេចបាន​ចំណូល​ពី​ការលក់​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ចំនួន ១.៣៦៦​ប៊ី​លាន​រៀល (៣៣៧​លាន​ដុល្លារ​អាមេរិក​)​។ 
 
​សេដ្ឋកិច្ចកម្ពុជា នៅតែ​សម្រេចបាន​កំណើន​រឹងមាំ ក្នុងអំឡុង​ត្រីមាស​ទី​៣​នៃ​ឆ្នាំនេះ​។ លំហូរ​វិនិយោគទុន​ផ្ទា​ល់ពី​ក្រៅប្រទេស ជាពិសេស​ពី​ប្រទេស​ចិន កំពុង​ជំរុញ​កំណើន នៃ​វិស័យ​សំណង់​ទាំងមូល​។ នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ទីក្រុង​ធំៗ​មួយចំនួន​របស់​កម្ពុ​ជា ដូចជា​ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត តម្រូវការ​នៅតែមាន​កម្រិត​ខ្ពស់ សម្រាប់​ផលិតផល​ស៊ីម៉ងត៍ និង​សម្ភារ​សំណង់​។ 
 
​ចំពោះ​សកម្មភាព​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា SCG កាលពីពេល​ថ្មីៗ​នេះ ទើបតែ​បាន​បង្កើត​នូវ​រូបមន្ត​ថ្មី​មួយ សម្រាប់​ផលិតផល K-Cement​។ នេះ​ជា​នវានុវត្តន៍​ថ្មី ដែល​បង្កើន​សមត្ថភាព​ផលិតកម្ម ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ដែល​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន CO2 តាមរយៈ​ការប្រើប្រាស់​ធនធាន​ឲ្យ​មាន​ប្រសិទ្ធ​ផល​បំផុត​។ 
 
​ជាងនេះទៅទៀត SCG ក៏បាន​បង្កើត​សេវាកម្ម​«​ដំណោះស្រាយ​ផ្នែក​ប្លង់​សេ (SCG Flooring Solution)» និង​«​ដំណោះស្រាយ​ផ្នែក​ដំបូល (SCG Roofing Solution)» ដែលជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព ចំពោះ​បញ្ហា​កម្រាល និង​ដំបូល ដើម្បី​លើកកម្ពស់​ស្តង់ដារ​គុណភាព​សំណង់​នៅ​កម្ពុជា ដោយ​ផ្ដល់​សេវាកម្ម​ដំឡើង​ប្រកបដោយ​គុណភាព​ខ្ពស់ ផ្ដល់​ដោយ​អ្នកជំនាញ​របស់ SCG ដល់​ម្ចាស់​គេហដ្ឋាន ក្រុមហ៊ុន​ម៉ៅការ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន ដែល​យកចិត្តទុកដាក់​លើ​គុណភាព​សំណង់​។ ដំណោះស្រាយ​ទាំងនេះ នឹង​ផ្ដល់ជូន​ដល់​ម្ចាស់​គេហដ្ឋាន នូវ​ការរស់នៅ​ប្រកបដោយ​គុណភាព​កាន់តែ​ប្រសើរឡើង ជាមួយ​សេវាកម្ម​ដំឡើង​ប្រកបដោយ​វិជ្ជាជីវៈ និង​ផលិតផល​ដែលមាន​ភាព​ច្នៃប្រឌិត នៅក្នុង​គេហដ្ឋាន​របស់ខ្លួន​។ 

​សកម្មភាព​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​កម្ពុជា នៅក្នុង​កម្មវិធី អាហារូបករណ៍​ចែករំលែក​ក្ដី​សុបិន SCG នាពេល​ថ្មីៗ​កន្លងទៅ នៅ​រាជធានី​ភ្នំពេញ​។​
 
SCG បាន​បន្ត​គាំទ្រ​កម្មវិធី​«​អាហារូបករណ៍​ចែករំលែក​ក្ដី​សុបិន SCG» របស់ខ្លួន នៅក្នុង​ឆ្នាំ​ទី​៦​នេះ បន្តទៀត ដោយ​ផ្ដល់​មូលនិធិ​ដល់​សិស្ស​វិទ្យាល័យ ២៥០​នាក់ ដែលមាន​ការតាំង​ចិត្ត​ខ្ពស់​ចំពោះ​ការសិក្សា និង​ក៏បានផ្ដល់​អាហារូបករណ៍ ២០​កន្លែង​បន្ថែមទៀត ដល់​អតីត​សិស្ស​ដែល​ចូលរួម នៅក្នុង​កម្មវិធី​របស់​ខ្លួន ដែល​ចង់​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា លើ​មុខវិជ្ជា​នានា ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​របស់​ពួកគេ​។ 
 
​លោក Roongrote មានប្រសាសន៍​ដូច្នេះ​ថា​៖«​ទោះបីជា​លទ្ធផល​ប្រតិបត្តិការ​របស់ SCG សម្រាប់​ត្រីមាស​ទី​៣/​ឆ្នាំ​២០១៩ និង​សម្រាប់​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ត្រូវបាន​ប៉ះពាល់​ដោយ​ការធ្លាក់ចុះ​នូវ​ប្រាក់ចំណេញ​ពី​អាជីវកម្ម​គីមី ដែល​បណ្ដាលមកពី​ការថយចុះ​តម្រូវការ​នូវ​តេ​ល​សិលា​គីមី​, ថ្លៃ​ចំណេញ​ពី​ផលិតផល​ទាប និង​ការ​ថមថយ​ចុះ​នៃ​ប្រាក់ចំណេញ​ពី​ភាគលាភ​នៅក្នុង​ក្រុមហ៊ុន​សម្ព័ន្ធ​ក្ដី អាជីវកម្ម​គីមី បាន​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ទៅលើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ដែលមាន​នវានុវត្តន៍ និង​តម្លៃបន្ថែម​ខ្ពស់ ជាពិសេស​ផលិតផល​ដែល​អភិវឌ្ឍ​ឡើង ដើម្បី​ស្របទៅតាម​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ (Circular Economy) ដើម្បី​គាំទ្រ​តម្រូវការ​ទីផ្សារ​សាកល​។ ថ្មីៗ​នេះ SCG បានដាក់​បង្ហា​ញន​វា​នុ​វត្ត​ភាព​ប្លា​ស្ទិ​ក ដើម្បី​និរន្តរភាព​របស់ខ្លួន ក្រោម​ប្រធានបទ​«Passion for a Better World» នៅឯ​ព្រឹត្តិការណ៍ K2019 ដែលជា​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក សម្រាប់​ឧស្សាហកម្ម​ប្លា​ស្ទិ​ក និង​កៅស៊ូ ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់​។ ផលិតផល​នវានុវត្តន៍​ដែល​បានដាក់​បង្ហាញ រួមមាន ជ័រ​ប៉ូ​លី​អេ​ទី​ឡែ​ន ដែលមាន​កម្លាំង​ខ្លាំង ផលិត​ដោយ​បច្ចេកវិទ្យា SMXTM ដែល​ទើបនឹង​រកឃើញ​របស់ SCG ដែល​កាត់បន្ថយ​ការប្រើប្រាស់​វត្ថុធាតុដើម​, «​សម្ភារ​វេច​ខ្ចប់​ដែល​ផលិត​ពី​វត្ថុធាតុដើម​តែមួយ​មុខ​» ដែលមាន​លក្ខណៈ​បរិស្ថាន​មេត្រី និង​អាច​ច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន​, និង​ជ័រ​ប្លា​ស្ទិ​ក​ដែល​ធ្វើ​ពី​បន្សំ​នៃ​ជ័រ​ប្លា​ស្ទិ​ក​កម្រិត​ពិសេស​របស់ SCG និង​ជ័រ​ដែល​ច្នៃ​ប្រើប្រាស់​ឡើងវិញ (PRC) រួម​ជាមួយនឹង​ដំណោះស្រាយ​សេវាកម្ម SCG មួយចំនួនទៀត ដែល​ផ្ដល់​ភាពប្រសើរ​ឡើងលើ​ការគ្រប់គ្រង​តម្លៃ និង​ប្រសិទ្ធភាព​ប្រតិបត្តិការ ដើម្បី​លើកកម្ពស់​សមត្ថភាព និង​ភាព​ប្រកួតប្រជែង​របស់​អាជីវក​ម្ម​»​។​


​សកម្មភាព​អ្នកជំនាញ​ធ្វើការ​ងារ​លើ​ដំណោះស្រាយ​ផ្នែក​ដំបូល របស់​ក្រុ​ហ៊ុន SCG​។​
 
​ជាមួយគ្នានេះដែរ អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សំណង់ នៅតែ​ជា​អាជីវកម្ម​ស្នូល នៅក្នុង​ការបង្កើត​ចំណូល​សម្រាប់​ក្រុមហ៊ុន SCG បើទោះបីជា​ទីផ្សារ​ផលិតផល​សេ​រ៉ា​មិ​ក​នៅក្នុង​តំបន់ មាន​ស្ថានភាព​មិនសូវ​អំណោយផល​ក្ដី​។ ប៉ុន្តែ SCG ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់ ទៅលើ​កា​រព​ន្លឿ​ន​អាជីវកម្ម​លក់រាយ និង​ចែកចាយ ដោយ​ផ្ដល់​លទ្ធភាព​កាន់តែ​ប្រសើរ​ឡើងដល់​អតិថិជន ក្នុងការ​ទទួលបាន​ផលិតផល និង​សេវាកម្ម​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​ដំណោះស្រាយ​ចម្រុះ​ជាច្រើន​សម្បូរបែប​។ បន្ថែម​លើ​នេះ SCG ក៏បាន​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​បញ្ហា​សាងសង់​នានា ដើម្បី​បង្កើន​ប្រសិទ្ធ​ផល និង​ផ្ដល់​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ ដើម្បី​បំពេញតម្រូវការ​វិស័យ​សំណង់ ព្រមទាំង​ពង្រឹង​វិស័យ​សំណង់​របស់​ប្រទេស​ថៃ ។ 
​ចំពោះ​អាជីវកម្ម​វេច​ខ្ចប់​វិញ SCG នឹង​បន្ត​អភិវឌ្ឍ​និង​កែលម្អ​ភាពខ្លាំង​របស់ខ្លួន​បន្ថែ​ម​ទៀត និង​បង្កើត​ឱកាស​ឲ្យ​ខ្លួនឯង ដោយ​អភិវឌ្ឍ​ផលិតផល​វេច​ខ្ចប់ ដោយ​ប្រើ​វត្ថុធាតុដើម​ចម្រុះ (​ទាំង​វត្ថុធាតុដើម​ជា​សរសៃ និង​ជា​ប៉ូ​លី​មែរ​) រួមជាមួយ​នឹង​ការ​ផ្ដល់នូវ​ដំណោះស្រាយ​វេច​ខ្ចប់​ចម្រុះ ការកែលម្អ​ប្រសិទ្ធ​ផល តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ការសហការ​ជាមួយ​ដៃគូ​អាជីវកម្ម​លំដាប់​ពិភពលោក​។ SCG ថ្មីៗ​នេះ បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន តាមរយៈ​ការទិញ​យក​ក្រុមហ៊ុន​មួយចំនួន ដែលមាន​សក្ដានុពល​កំ​ណើ​ន​ខ្ពស់ នៅក្នុង​អាស៊ាន ដូចជា​ការទិញ​ក្រុមហ៊ុន​វេច​ខ្ចប់ Visy Packaging នៅក្នុង​ប្រទេស​ថៃ និង​ក្រុមហ៊ុន PT Fajar Surya Wisesa Tbk នៅ​ប្រទេស​ឥណ្ឌូណេស៊ី ជាដើម​។ គោលបំណង​នៃ​អាជីវកម្ម​វេច​ខ្ចប់ គឺ​បង្កើន​ប្រសិទ្ធ​ផល​ផលិតកម្ម​ទូទៅ ពង្រីក​វិសាលភាព​ទីផ្សារ និង​បង្កើន​វិសាលភាព​ឯកទេស​របស់ខ្លួន នៅក្នុង​ប្រទេស​ថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង និង​ក្រៅ​អាស៊ាន​។ ការពង្រីក​មូលដ្ឋាន​ផលិតកម្ម​របស់​អាជីវ​កម្ម​វេច​ខ្ចប់ នៅក្នុង​តំបន់​ភូមិសាស្ត្រ​នានា និង​បណ្ដាញ​អតិថិជន​របស់ខ្លួន នឹង​ផ្ដល់​លទ្ធភាព​ដល់​អាជីវ​កម្មនេះ រក្សា​តំណែង​របស់ខ្លួន ជា​អ្នកផ្ដល់​ដំណោះស្រាយ​វេច​ខ្ចប់​ឈានមុខ​គេ ដែល​អាចបំពេញ     សេចក្តីត្រូវការ​របស់​អតិថិជន លំដាប់​ពិភពលោក នៅ​គ្រប់​កម្រិត​នៃ​ប្រតិបត្តិកា​រទាំង​អស់​»៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com