អន្តរជាតិ
ចិន ត្រៀមខ្លួនរួចហើយដើម្បីសហការជាមួយអាស៊ានលើបញ្ហាសមុទ្រចិនខាងត្បូង លោកនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ចាប់ជាមួយប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋអាស៊ានផ្សេងទៀតនៅក្នុងកិច្ចប្រជុំនៅថៃ។ រូបភាព Xinhua
× ចិន បានត្រៀមខ្លួនរួចរាល់ហើយ លើកិច្ចសហប្រតិបត្តិការ ជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ក្នុងការបង្កើតក្រមប្រតិបត្តិ(code of conduct) លើតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង នៅថ្ងៃទី៣ ខែវិច្ឆិកា។
សមុទ្រចិនខាងត្បូង គឺជាតំបន់មួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ផ្លូវសម្រាប់នាវាចរណ៍ និងជាដែនទឹកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ទីក្រុងប៉េកាំង។ ប៉ុន្តែតំបន់សមុទ្រមួយនេះ នៅតែជាប្រភពនៃភាពតានតឹងរវាងចិន និងសមាជិកអាស៊ានមិនចេះចប់មិនចេះហើយ។ ទាក់ទិននឹងបញ្ហានេះ សមាជិកអាស៊ានមានដូចជាវៀតណាម ហ្វីលីពីន ម៉ាឡេស៊ីជាដើម តែងតែចោទចិនថា បានដាក់នាវាចម្បាំង ប៉ុស្តិ៍ទាហាន និងការប៉ះទង្គិចទូកនេសាទនៅក្នុងដែនជម្លោះ។
ដើម្បីដោះស្រាយបញ្ហា សមាជិកអាស៊ានទាំង១០ បានបង្កើតសេចក្តីព្រាងក្រមប្រតិបត្តិ ជាមួយទីក្រុងប៉េកាំង ប៉ុន្តែគម្រោងមួយនេះ ត្រូវជាប់គាំងជាច្រើនឆ្នាំ។ ក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុងបាងកកនាថ្ងៃទី៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង មានសុទិដ្ឋិនិយមចំពោះក្រមប្រតិបត្តិលើបញ្ហាសមុទ្រចិនខាងត្បូង។ ជាក់ស្តែង ប្រមុខរដ្ឋាភិបាលចិនរូបនេះ បានលើកឡើងថា ដើម្បីរក្សាស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ជម្លោះ ភាគីទាំងអស់ ត្រូវនៅឲ្យខ្ពស់ជាងការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀម។
បើតាមលោក លី អាស៊ាន និងចិន បានឆ្លងកាត់ការពិនិត្យសំណើក្រមប្រតិបត្តិលើកទីមួយមុនកាលកំណត់រួចហើយ។ លោកនាយករដ្ឋមន្ត្រីចិន បន្តថា ការផ្ដល់យោបល់លើកទីពីរ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២០ខាងមុខ ដើម្បីធ្វើជាមូលដ្ឋានក្នុងការបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនៅឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន China Daily ។
ក្នុងន័យនេះ ចិន នឹងដើរលើផ្លូវអភិវឌ្ឍប្រកបដោយសន្តិភាព និងគោរពទៅតាមយុទ្ធសាស្ត្របើកចំហរបស់ប្រទេស ដើម្បីទទួលបានលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា ទាក់ទិននឹងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលចិននាជំនួបមេដឹកនាំអាស៊ាន-ចិននៅទឹកដីថៃ។
សូមបញ្ជាក់ថា វត្តមាននាយករដ្ឋមន្ត្រីចិនរូបនេះ មិនត្រឹមតែ ដើម្បីពិភាក្សាពីបញ្ហាសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែលោក លី ក៏បានលើកឡើងពីបញ្ហាសេដ្ឋកិច្ច គម្រោងផ្លូវសូត្ររបស់ចិនសតវត្សរ៍២១ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងការបង្កើតថ្មីនៅក្នុងវិស័យបច្ចេកវិទ្យាជាដើម។ ជាពិសេស លោក លី ក៏បានជំរុញឲ្យគម្រោងកិច្ចចរចាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បានបិទបញ្ចប់មុនកាលកំណត់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com