កីឡាជាតិ
ជាតិ
AFC U19៖ កម្ពុជា​ស្វាគមន៍​កោះ​ម៉ា​រី​ណា​ខាងជើង ក្រោយ​ព្រុយ​ណេ​ប៉ះ​ថៃ​
04, Nov 2019 , 3:18 pm        
រូបភាព
សកម្មភាពហ្វឹកហាត់របស់ក្រុម U19 កម្ពុជានៅកីឡដ្ឋានវិសាខា មុនប៉ះកោះម៉ារីណាខាងជើងនៅល្ងាចនេះ, រូបភាពពី FFC
សកម្មភាពហ្វឹកហាត់របស់ក្រុម U19 កម្ពុជានៅកីឡដ្ឋានវិសាខា មុនប៉ះកោះម៉ារីណាខាងជើងនៅល្ងាចនេះ, រូបភាពពី FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ត្រូវ​ស្វាគមន៍ ក្រុម U19 កោះ​ម៉ា​រី​ណា​ខាងជើង សម្រាប់​វគ្គ​ជម្រុះ​ពូ​ល G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2020 វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៤ វិច្ឆិកា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម​ព្រុយ​ណេ​ត្រូវ​តទល់​ជាមួយ​ថៃ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​។

 
 
​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី ៥-៤ ក្នុងជំនួប​បើកឆាក U19 កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Gyotoku Koji រំពឹង​អាច​យកឈ្នះ​កោះ​ម៉ា​រី​ណា​ខាងជើង​នៅ​ល្ងាច​នេះ ដើម្បី​ស្តារ​ប្រជាប្រិយភាព ក៏ដូចជា​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC U19 Championship 2020​។ 
 
​បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​កន្លងមក​នោះទេ​។ នា​ការប្រកួត​បើកឆាក​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​បាន​រង​បរាជ័យ ៤-៣ ក្រោម​ថ្វី​ជើង U19 ព្រុយ​ណេ​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ព្រុយ​ណេ​ឈរ​កំពូល​តារាង​ពូ​ល G បណ្តោះអាសន្ន ដែលមាន​ម៉ាឡេស៊ី​ឈរ​លេខ​រៀង​បន្ទាប់​មាន​៣​ពិន្ទុ​ដូចគ្នា​។​
 
​នា​ជំនួប​បើកឆាក​ដ៏​ស្វិតស្វាញ​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ជាង​៤​ពាន់​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​សៅរ៍ ទី​២ វិច្ឆិកា ក្រុម U19 កម្ពុជា​ធ្វើ​មិនបាន​ល្អ​ឡើយ​នៅ​វគ្គ​ទី​១ ដោយ​ត្រូវ​ម៉ាឡេស៊ី​នាំមុខ ៣-០​។ ឈានដល់​វគ្គ​ទី​២ ក្រុម U19 ម៉ាឡេស៊ី​បាន​បាត់បង់​សមាជិក​ពីរ​ក្នុងពេល​តែមួយ ក្រោយ​ការប្រកួត​ដំណើរ​បាន​២០​នាទី បន្ទាប់ពី​កីឡាករ AHMAD ZIKRI BIN MOHD KHALILI ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ សៀង ច​ន្ធា ដែល​កំពុង​គ្រង​ឱកាស​មាស ដួល​ក្បែរ​តំបន់​គ្រោះថ្នាក់​។ 
 
​ការពិន័យ​របស់​អាជ្ញា​កណ្តាល​បាន​ក្លាយជា​ឱកាស​ឲ្យ​កីឡាករ មិ​ត សា​ម៉ើ​យ រក​គ្រាប់​បាល់​តាម​ពីក្រោយ ៣-១ សម្រាប់ U19 កម្ពុជា តាមរយៈ​ការទា​ត់បាល់​ពិន័យ​(Free Kick)​ពី​ចម្ងាយ​ដ៏​ល្អ​។ ក្រុម​កម្ពុជា​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ម៉ាឡេស៊ី ដែល​នៅសល់​សមាជិក​តែ​៩​រូប​។ គ្រាប់​បាល់​ទី​២​បានកើត​ឡើង​នៅ​ពីរ​នាទី​បន្ទាប់​សម្រាប់​ក​ម្ពុ​ជា ដែល​រកបាន​ដោយ​កីឡាករ ជា សុខ​ម៉េង​។​
 
​រឿង​ហួស​ចិត្តបាន​កើតឡើង​សម្រាប់ U19 កម្ពុជា​នៅ​ពីរ​នាទី​បន្ទាប់ ក្រោយ​អ្នកចាំទី ថា ច័ន្ទ​រិទ្ធី មិនអាច​ចាប់​បាល់​បាន ក្រោយ​ការ​ទាត់​ពី​ពាក់កណ្តាល​ទី​របស់​កីឡាករ Luqman Hakim Shamsudin ដែល​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​នាំមុខ ៤-២​។ រឿង​អស្ចារ្យ​មួយទៀត​បានកើត​ឡើង​សម្រាប់​ម៉ាឡេស៊ី បន្ទាប់ពី​កីឡាករ Muslihuddin Atiq អូស​បាល់​ដាច់​ខ្សែបម្រើ និង​ការពារ​បី​បួនរូប​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​ឲ្យ​ម៉ាឡេស៊ី​នាំមុខ ៥-២​។ 
 
​ក្រោយមក​កីឡាករ រី លាភ​ផេង និង សឿត ណា​វ៉ា សម្រេចបាន​ម្នាក់​មួយគ្រា​ប់​ជា​បន្តបន្ទាប់ ឲ្យ​កម្ពុជា​តាម​ពីក្រោយ ៤-៥​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​៕      
 
 

Tag:
 U19 កម្ពុជា​
  AFC U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com