អន្តរជាតិ
អាមេរិកព្រមបើកទ្វារសម្រាប់ថៃ ចចាររឿងគម្រោងកាត់ប្រព័ន្ធអនុគ្រោះពន្ធ GSP លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ស្តាំ) ដើរកាន់ដៃលោករដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross ក្រោមជំនួបទ្វេភាគីមួយ នៅថ្ងៃ ៣ វិច្ឆិកា ២០១៩ នាក្រុង បាងកក (Reuters)
× សហរដ្ឋអាមេរិក ព្រមបើកទ្វារសម្រាប់រដ្ឋាភិបាលថៃរៀបចំកិច្ចចរចាពាក់ព័ន្ធផែនការផ្អាកអត្ថប្រយោជន៍ក្រោមប្រព័ន្ធអនុគ្រោះ GSP មុនចំណាត់ការនេះ ចូលជាធរមានក្នុងពេល៦ខែខាងមុខ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat។
កង្វល់ជុំវិញការសម្រេចផ្អាក GSPនេះ ត្រូវបានលើកឡើងអំឡុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross កាលពីថ្ងៃអាទិត្យ អំឡុងទស្សនកិច្ចលោកក្នុងប្រទេសថៃ ដើម្បីចូលរូមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងជំនួបពាក់ព័ន្ធ ។ លោកស្រី Narumon បញ្ជាក់បែបនេះ ដោយបន្ថែមថា លោកប្រាយុទ្ធអះអាងប្រាប់ភាគីអាមេរិកថា លោកយល់ពីហេតុផលរបស់ក្រុងវ៉ាស៊ីនតោន ក៏ប៉ុន្តែសង្ឃឹមថាក្នុងនាមជាសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយនោះ រដ្ឋបាលអាមេរិក នឹងពិចារណាឡើងវិញ មុននឹងវិធានការនេះចូលជាធរមាន។
តាមការចុះផ្សាយរបស់កាសែតថៃបាកកប៉ុស្តិ៍ លោកស្រី Narumon អះអាងថា លោករដ្ឋមន្ត្រី Ross ស្វាគមន៍ចំពោះកិច្ចពិភាក្សាអនាគតស្តីពីបញ្ហានេះ។ ទន្ទឹមនឹងក្តីសង្ឃឹមរៀបចំកិច្ចចរចាលើបញ្ហាផ្អាក GSP រដ្ឋាភិបាលថៃ បញ្ជាក់ថា ខ្លួននឹងរៀបចំជំនួបជាមួយសហរដ្ឋអាមេរិកក្នុងគោលដៅស្តារផលផលចំណេញរួមគ្នា ហើយជំនួបកំពូលអាស៊ាន នឹងផ្តល់ឱកាសសម្រាប់លោកនាយករដ្ឋមន្ត្រីជជែករឿងនេះជាមួយគណៈប្រតិភូអាមេរិក។
បើតាមលោកស្រីអ្នកនាំពាក្យ លោក ប្រាយុទ្ធ ក៏បានអរគុណលោករដ្ឋមន្ត្រីពាណិជ្ជកម្ម Wilbur Ross ដែលដឹកនាំក្រុមអ្នកវិនិយោគអាមេរិកធំៗមកជាមួយលោក ហើយមេដឹកនាំរូបនេះមានទំនុកចិត្តថា ទស្សនកិច្ចរបស់ពួកគេនេះ នឹងជួយបង្កើនការវិនិយោគនិងពាណិជ្ជកម្មរវាងថៃនិងសហរដ្ឋអាមេរិកបន្ថែមទៀត។ ជាមួយគ្នានេះ លោកប្រាយុទ្ធ ថែមទាំងប្រាប់ទៅកាន់ក្រុមអ្នកតំណាងអាមេរិកថា រដ្ឋាភិបាលថៃ ត្រៀមរួចរាល់ក្នុងការផ្តល់ការគាំទ្រដល់ក្រុមហ៊ុនអាមេរិក ជាពិសេសក្រុមហ៊ុនផ្នែកអាកាសចរណ៍ បច្ចេកវិទ្យាជីវៈ និងវិស័យវេជ្ជសាស្ត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃ២៥ តុលា កន្លងទៅ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងផ្អាកការអនុគ្រោះពន្ធលើទំនិញ ១,៣ពាន់លានដុល្លារ ក្រោមប្រព័ន្ធ GSP ហើយផលិតផលគ្រឿងសមុទ្រ នឹងត្រូវដកចេញពីកម្មវិធីនេះ។ ហេតុផលនៃការសម្រេចចិត្តនេះគឺថា ប្រទេសថៃ បរាជ័យការពារសិទ្ធិពលករ៕
Tag:
សហរដ្ឋអាមេរិក
ថៃ
GSP
© រក្សាសិទ្ធិដោយ thmeythmey.com