កីឡាជាតិ
ជាតិ
សូហ្វតិន្នីសមានជំនឿកាន់តែខ្ពស់ក្នុងការប្រកួតស៊ីហ្គេម ក្រោយឈ្នះមេដាយពិភពលោកនៅចិន
× អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង ជឿជាក់ថា កីឡាករខ្លួននឹងអាចដណ្តើមបានមេដាយណាមួយពីការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីនចុងឆ្នាំនេះ។ ការបង្ហាញជំនឿខ្ពស់បែបនេះ ធ្វើឡើងក្រោយកីឡាករសូហ្វតិន្នីសដណ្តើមបានមេដាយមាសកម្រិត២លើវិញ្ញាសាជាក្រុម ក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសចិន កាលពីចុងខែតុលា។ ប្រតិភូកីឡាសូហ្វតិន្នីសបាននាំយកពាន និងមេដាយមកដល់មាតុភូមិនៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។
កីឡាករសូហ្វតិន្នីសកម្ពុជាដណ្តើមបានមេដាយមាសលំដាប់ទី២(កម្រិតB)ក្នុងការប្រកួតជើងឯកពិភពលោកលើកទី១៦ World Soft Tennis Championships នៅទីក្រុង Taizho ប្រទេសចិន លើវិញ្ញាសាវាយក្រុមបុរស។ មេដាយលំដាប់ទី២នេះម្ចាស់ផ្ទះចិន បង្កើតឡើងសម្រាប់ក្រុមដែលអស់ឱកាសឡើងទៅប្រជែងដណ្តើមមេដាយកម្រិត១។ កម្ពុជាស្ថិតក្នុងចំណោមក្រុម១៥ផ្សេងទៀត ដែលបានធ្លាក់ត្រឹមវគ្គជម្រុះក្រោយចាប់ឆ្នោតប៉ះកូរ៉េខាងត្បូង។ នៅក្នុងការប្រកួតដណ្តើមមេដាយកម្រិតទី២កម្ពុជាធ្វើបានយ៉ាងល្អក្នុងវគ្គជម្រុះ និងបានយកឈ្នះឡាវនៅវគ្គផ្តាច់ព្រ័ត្រ។
ទោះបានត្រឹមមេដាយលំដាប់ទី២ តែលោក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាចាត់ទុកមេដាយនេះ ជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតសម្រាប់សហព័ន្ធ ដ្បិតការចូលរួមលើកដំបូងនៅប្រទេសឥណ្ឌាកម្ពុជាមិនទទួលបានមេដាយនោះទេ។ កត្តានេះ សបញ្ជាក់ឲ្យឃើញថា សមត្ថភាពរបស់កីឡាករកីឡាការិនីមានការរីកចម្រើនជាងមុន។
សម្រាប់ប្រធានអង្គភាពកីឡានគរបាលជាតិរូបនេះ ការចូលរួមប្រកួតជើងឯកពិភពលោកលើកទី១៦នៅចិន គឺការផ្តល់ឱកាសចុងក្រោយឲ្យកីឡាករ ដើម្បីដកស្រង់បទពិសោធ និងវាស់ស្ទង់ពីកម្រិតសមត្ថភាព មុនត្រៀមចេញទៅប្រជែងដណ្តើមមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំនេះ។ ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេល១សប្តាហ៍ លោក សង្កេតឃើញថា កីឡាករនៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវហ្វឹកហាត់ពង្រឹងបន្ថែម ពិសេសកីឡាការិនី។
តែយ៉ាងណា លោក មានការជឿជាក់ខ្ពស់លើសមត្ថភាពកីឡាករកីឡាការិនីក្នុងប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ។ «ការសម្រេចបាននូវសមិទ្ធផលនៅលើកនេះ បង្ហាញឲ្យឃើញថា យើងមានការរីកចម្រើនជាងមុន ហើយយើងសង្ឃឹមជឿជាក់ថា ពេលចូលរួមប្រកួតស៊ីហ្គេមនៅហ្វីលីពីននៅចុងឆ្នាំនេះ យើងនឹងអាចដណ្តើមបានមេដាយ»។ នេះជាការបង្ហាញក្តីរបស់លោក ជា ប៊ុនហេង ដែលជំរុញឲ្យកីឡាករត្រូវបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងថែមទៀត។
សម្រាប់ការប្រកួតជើងឯកពិភពលោក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-៣១ ខែតុលា ខាងលើមានកីឡាករកីឡាការិនីមកពី៣២ប្រទេសចូលរួម ខណៈកម្ពុជាបានបញ្ជូនកីឡាករចំនួន១២រូប(ស្រី៦)ឲ្យចូលរួម តែក្រុមកីឡាការិនីមិនទទួលបានមេដាយនោះទេ។ ប្រតិភូកីឡាសូហ្វតិន្នីសកម្ពុជាបាននាំយកមេដាយ រួមជាមួយពានមកមាតុភូមិនៅរសៀលថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ជា ប៊ុនហេង និងមន្ត្រីជាច្រើនរូបទៀតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
Tag:
សូហ្វតិន្នីស
ជា ប៊ុនហេង
SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com