កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ា​នី​៖ ពាន Soccer League ជា​ស្ពាន​រឹតចំណង​សាមគ្គី​ក្នុង​ស្រទាប់​យុវជន
05, Nov 2019 , 8:39 am        
រូបភាព
លោក ហ៊ុន​ ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រគល់បាល់ឲ្យអាជ្ញាកណ្តាលក្នុងពិធីបើកពានរង្វាន់ Soccer League 2019
លោក ហ៊ុន​ ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រគល់បាល់ឲ្យអាជ្ញាកណ្តាលក្នុងពិធីបើកពានរង្វាន់ Soccer League 2019
ដោយ:
​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) ចាត់ទុក​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ Soccer League ជា​ស្ពាន​រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​យុវជន ដែល​មកពី​អង្គភាព​និង​សាប័ន​ខុសៗ​គ្នា​។ ពានរង្វាន់​នេះ​ក៏​ជា​កត្តា​រួមចំណែក​ជួយ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់ និង​ផ្តល់ឱកាស​ឲ្យ​យុវជន​បានបង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​ផងដែរ​។ ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​កីឡាករ និង​អាជ្ញាកណ្តាល​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព និង​កាត់ក្តី​ឲ្យ​យុត្តិធម៌​។

 
​ជាការ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៩ ក៏ពិតមែន តែ​សម្រាប់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វា​ជា​វេទិកា​ជួបជុំ​ដ៏​ធំ​រវាង​យុវជន ថ្នាក់ដឹកនាំ​មកពី​តាម​អង្គភាព ស្ថាប័ន គ្រឹះស្ថានសិក្សា និង​សមាគម​នានា​។ លើសពីនេះ វា​ជា​ឱកាស​បង្កើត​និង​បង្កើន​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​រង្វង់​យុវជន​ឲ្យ​កាន់តែ​រឹងមាំ និង​មាន​ភាពស្និទ្ធស្នាល​ថែមទៀត​។ 


 
«​គោលបំណង​នៃ​ការប្រកួត​នេះ គឺ​ដើម្បី​បង្កើន​ឱកាស​សម្រាប់​យុវជន​កម្ពុជា​ក្នុងការ​ជួបជុំគ្នា រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​តាមរយៈ​ការប្រកួត​ពានរង្វាន់ Soccer League​។ ឱកាស​នៃ​ការលេង​កីឡា នឹង​ផ្តល់​ឲ្យ​យុវជន ដែល​មកពី​អង្គភាព​ស្ថាប័ន​ខុសៗ​គ្នា និង​មាន​មុខងារ​វិជ្ជាជីវៈ​ផ្សេងៗ​គ្នា បាន​បង្កើត និង​បង្កើន​ចំណងមិត្តភាព​សាមគ្គីភាព​ក្នុងចំណោម​យុវជន ព្រមទាំង​ស្វែងយល់​ពីគ្នា និង​ស្គាល់គ្នា​ទៅវិញទៅមក​»​។ លោក ហ៊ុន ម៉ា​នី លើកឡើង​បែបនេះ ក្នុង​ពិធី​បើក​ការប្រកួត​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន​វិសាខា​។ 
 
​ការពង្រឹង​ស្មារតី និង​ជំរុញ​ឲ្យ​យុវជន​ដែល​មិនមែនជា​កីឡាករ​អាជីព​បាន​ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត និង​ផ្តល់ឱកាស​ឲ្យ​យុវជន​ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​បានបង្ហាញ​សមត្ថភាព និង​ទេពកោសល្យ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ពានរង្វាន់​នេះដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ហ៊ុន ម៉ា​នី ដែល​បាន​បន្ថែមថា ការប្រកួត​នេះ ក៏​ធ្វើឡើង​ដើម្បី​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់ និង​បង្កើត​ធនធាន​កីឡាករ​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ផងដែរ​។​
 
​ដើម្បី​ពង្រឹង​ឲ្យ​ការប្រកួត​កាន់​តែមាន​គុណភាព និង​ទាក់ទាញ ប្រធាន​ស​.​ស​.​យ​.​ក រូបនេះ ជំរុញ​ឲ្យ​កីឡាករ​តាម​ក្លិប​នីមួយៗ ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ក្រោម​ស្មារតី​យោគយល់​និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។ ជាពិសេស ដាស់តឿន​ឲ្យ​អាជ្ញាកណ្តាល​កាត់​ឲ្យ​យុត្តិធម៌​ក្រោម​គោលការណ៍ Fair Play ដើម្បី​លើកទឹកចិត្ត និង​ផ្តល់​ទំនុកចិត្ត​ដល់​កីឡាករ​។ ព្រោះ​លោក​យល់ថា ការកាត់ក្តី​មិន​ត្រឹមត្រូវ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​អន់ចិត្ត​ពី​ក្រុម​នីមួយៗ​នោះទេ ថែមទាំង​ធ្វើ​ឲ្យ​កីឡា​បាក់​ទឹកចិត្ត​ទៀតផង​។ 


 
​ជាមួយគ្នានេះ លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ក៏បាន​លើកឡើង​ពី​គោលបំណង​ស្រដៀង​នឹង​លោក ហ៊ុន ម៉ា​នី ផងដែរ​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការប្រកួត​នេះ​ធ្វើឡើង ដើម្បី​ជំរុញ​និង​លើកកម្ពស់​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​ថែមទៀត​ក្នុង​ស្មារតី​សាមគ្គី​រវាង​ស្រទាប់​យុវជន និង​ក្រុមការងារ​។ ជាពិសេស ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ខណៈពេល​វិស័យ​កីឡា​នៅ​កម្ពុជា​កំពុង​រីកចម្រើន និង​មាន​ប្រជាប្រិយ​ខ្ពស់​»​។  
 
​ពានរង្វាន់​ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១២​មួយ​នេះ​មិន​អនុញ្ញាតិ​ឲ្យ​កីឡាករ​បរទេស ឬ​កីឡាករ​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ចូលរួម​នោះទេ​។ តែ​អនុញ្ញាត​ឲ្យ​កីឡាករ​ដែល​ឈប់​លេង​លី​គ​កំពូល​តាំងពី​ឆ្នាំ​២០១៦​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក ស សុខា អនុប្រធាន​ស​.​ស​.​យ​.​ក ទទួលបន្ទុក​រៀបចំ​ពានរង្វាន់​នេះ​បាន​សង្កត់ធ្ងន់ថា ក្រុម​នីមួយៗ​នឹងត្រូវ​ដក​បេក្ខភាព​ចេញពី​ពានរង្វាន់​នេះ បើ​គណៈ​រកឃើញ​រកឃើញ​ថា បាន​ប្រើប្រាស់​កីឡាករ​ខុសពី​លក្ខខណ្ឌ និង​បទ​បញ្ហា​នៃ​ការប្រកួត​។​


 
​ពានរង្វាន់ Soccer League ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន​៧២ ដែល​កើនឡើង​១២​ក្រុម បើ​ធៀប​នឹង​ឆ្នាំមុន​មាន​៦០​ក្រុម​ចូលរួម​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២ ខែវិច្ឆិកា ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ទីលាន​រួមមាន​កីឡដ្ឋាន​វិសាខា​, ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​, ស្តា​ត​ចាស់​, KMH, អគ្គិសនី​កម្ពុជា និង​អូ​បេន​។ ក្រុម​លេខ​១​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ទាំង​១៦ នឹង​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ 
 
​ក្នុងចំណោម​ក្រុម​ទាំង​៧២​មកពី​សមាគមន៍​សហ​ភាព​សហព័ន្ធ​កម្ពុជា​ចំនួន​១៤​ក្រុម​, គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ចំនួន​១​ក្រុម ស្ថាប័ន​អង្គភាព​និង​ក្រុមហ៊ុន​នានា​មាន​ចំនួន​៥៧​ក្រុម​។ ក្រុម​ជើងឯក​ប្រចាំ​ពានរង្វាន់​នេះ ទទួលបាន​ប្រាក់រង្វាន់​ចំនួន​២០​លាន​រៀល​, លេខ​២​បាន​១០​លាន​រៀល និង​លេខ​៣​បាន​៥​លាន​រៀល​៕ 

Tag:
 ​ហ៊ុន ម៉ា​នី​
  Soccer League 2019
  ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com