សៀង ច​ន្ធា រកបាន Hat Trick ក្នុង​ជ័យជម្នះ ៩-០ លើ​កោះ​ម៉ា​រី​ណា​ខាងជើង​
កីឡាជាតិ
ជាតិ
សៀង ច​ន្ធា រកបាន Hat Trick ក្នុង​ជ័យជម្នះ ៩-០ លើ​កោះ​ម៉ា​រី​ណា​ខាងជើង​
04, Nov 2019 , 10:04 pm        
រូបភាព
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​ក្នុង​លទ្ធផល ៩-០ នា​ការប្រកួត​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់ AFC U19 Championship 2020 នៅ​ល្ងាច​ថ្ងៃទី​៤ វិច្ឆិកា នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ជាមួយគ្នានេះ​ក្រុម U19 ថៃ ក៏បាន​លត់​ក្រុម​ព្រុយ​ណេ​ក្នុង​លទ្ធផល ៩-០ ផងដែរ​។

 
 
​ត្រឹមតែ​ជាង​១០​នាទី​ប៉ុណ្ណោះ ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ដែល​ប្តូរ​ចូល​ជំនួស​កីឡាករ វុ​ធ តុលា សម្រេចបាន​៣​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​។ គ្រាប់​បាល់​ទី​១​បានកើត​នៅ​នាទី​ទី​៨៣ បន្ទាប់ពី​រូបគេ​បាន​អូស​បាល់​ផុត​ខ្សែការពារ​កោះ​ម៉ា​រី​ណា​ខាងជើង ហើយ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ មុន​រូបគេ​សម្រេច​គ្រាប់​ទី​២​ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី​៨៨​។ នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី​២ ខ្សែប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​រូបនេះ បាន​បន្ថែម​មួយគ្រា​ប់​ទៀត ដើម្បី​សម្រេចបាន Heat Trick​។​
 
​មុន​គ្រាប់​បាល់​៣​គ្រាប់​របស់ សៀង ច​ន្ធា ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​សម្រេចបាន​៦​គ្រាប់​រួចទៅហើយ ដោយ​កីឡាករ ធី លៀង និង លឹម ពិសុទ្ធ សម្រេចបាន​ម្នាក់​ពីរ​គ្រាប់ និង​រួមចំណែក​ម្នាក់​គ្រាប់​ពី​កីឡាករ លី ម៉ា​អែល និង វុ​ធ តុលា​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ U19 កម្ពុជា​ឡើងឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​មាន​៣​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង​ថៃ​។ ការប្រកួត​រវាង​ក្រុម U19 កម្ពុជា​ជាមួយ​កោះ​ម៉ា​រី​ណា​ខាង​ជើងមាន​អ្នកទស្សនា​ជាង​៣​ពាន់​នាក់​។ 
 
​នា​ជំនួប​ពូ​ល G នៅ​ថ្ងៃ​ចន្ទ​នេះដែរ ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ថៃ បាន​យកឈ្នះ​ព្រុយ​ណេ​ក្នុង​លទ្ធផល ៩-០ ផងដែរ ដោយ​ខ្សែប្រយុទ្ធ Suphanat Mueanta សម្រេចបាន​៤​គ្រាប់​ម្នាក់ឯង និង​រួមចំណែក​ម្នាក់​មួយគ្រា​ប់​ពី​កីឡាករ Waragon Thongbai, Jakkrapong Sanmahung, Kittiphong Khetpara, Airfan Doloh និង Purachet Todsanit​។ 
 
​សម្រាប់​ជំនួប​បន្ទាប់​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ត្រូវ​តទល់​ជាមួយ​ថៃ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ក្រោយ​ម៉ាឡេស៊ី​ជួប​កោះ​ម៉ា​រី​ណា​ខាងជើង​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​៕ 
 
  

Tag:
 សៀង ច​ន្ធា​
  AFC U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com