រាងកាយ​កំពុង​ស្ត្រេ​ស​ខ្លាំង​ហើយ បើ​អាកា​រៈទាំង​នេះ​លេចឡើង​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
រាងកាយ​កំពុង​ស្ត្រេ​ស​ខ្លាំង​ហើយ បើ​អាកា​រៈទាំង​នេះ​លេចឡើង​
05, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​អាចជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ជំងឺ​ជាច្រើន​។ នោះ​ក៏​ព្រោះតែ​ស្ត្រេ​ស​កាត់បន្ថយ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​អ្នកនឹង​ងាយ​ប្រឈមមុខ​ជាមួយ​ជំងឺ និង​អារម្មណ៍​ឈឺចាប់​ក្នុង​រាងកាយ​។ យើង​ប្រហែលជា​មិនមាន​អារម្មណ៍​តានតឹង​ផង​នៅពេលដែល​ស្ត្រេ​ស​ខ្លាំង ឬ​លើស​កម្រិត ប៉ុន្តែ​វា​នឹង​បង្ក​អាកា​រៈ​មួយចំនួន​។


 
​ខាងក្រោម​យើង នឹង​បង្ហាញ​ឱ្យដឹង​សញ្ញា​ចំនួន ៦ ដែល​បញ្ជាក់ថា​អ្នក​កំពុងតែ​ស្ត្រេ​ស​ខ្លាំង ៖
 
១. ជំងឺ​ស្បែក​ផ្សេងៗ​

​អ្នកជំនាញ​ជាច្រើន​បាន​បង្ហាញថា​បញ្ហា​ស្បែក​ផ្សេងៗ​ក៏​អាច​កើតមានឡើង​ដោយសារតែ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ខ្លាំង​ផងដែរ​។ កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្ពស់​ធ្វើឱ្យ​ស្បែក​ងាយ​នឹង​ឆ្លង​មេរោគ​។​
 
២. ភាពប្រែប្រួល​នៃ​ទម្ងន់​

​ស្ត្រេ​ស​ញឹកញាប់ ឬ​សឹងតែ​ជាប្រចាំ​បង្កើន​ការផលិត​អ័រម៉ូន cortisol ដែល​ជះឥទ្ធិពល​លើ​ការដុត​រំលាយ​ខ្លាញ់ និង​កាបូ​អ៊ី​ដ្រា​ត​ក្នុង​រាងកាយ ហើយក៏​មិនល្អ​ចំពោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ប្រសិនបើ​មនុស្សម្នា​ក់មាន​កម្រិត​អ័រម៉ូន cortisol ខ្ពស់​ពេក​នោះគេ​នឹង​ទទួលទាន​ច្រើនជាង​ធម្មតា ខណៈដែល​រាងកាយ​ផលិត​អ័រម៉ូន testosterone ទាប​ខុស​ប្រក្រតី ហើយ​អាច​ដុតបំផ្លាញ​កាឡូរី​បានតែ​បន្តិច​ប៉ុណ្ណោះ​។ ជា​លទ្ធផល​អ្នកនឹង​កើន​ទម្ងន់​។ ប៉ុន្តែ​ពេលខ្លះ​ស្ត្រេ​ស ឬ​បញ្ហា​ថប់​អារម្មណ៍​ក៏​បណ្ដាលឱ្យ​ស្រក​ទម្ងន់​ផងដែរ បណ្ដាលមកពី​ការកើនឡើង​នូវ​កម្រិត adrenaline ក្នុង​ឈាម​។​
 
៣. ឧស្សាហ៍​ផ្ដាសាយ​

​ដូច​បាន​រៀបរាប់​ខាងលើ ស្ត្រេ​ស​បង្កើន​ការផលិត​អ័រម៉ូន cortisol ដែល​អាច​ទប់ស្កាត់​ការ​រលាក​។ ទោះជា​យ៉ាងណា​ប្រសិនបើ​មនុស្ស​ម្នាក់​ស្ត្រេ​ស​រ៉ាំរ៉ៃ​នោះ​ប្រព័ន្ធ​ភាពស៊ាំ​របស់គេ​នឹង​ចុះខ្សោយ​ទៅៗ ហើយ​ទទួលរង​ឥទ្ធិពល​មិនល្អ​ពី​អ័រម៉ូន cortisol វិញ​ដែលជា​លទ្ធផល​នៃ​បញ្ហា​រលាក​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​រាងកាយ​។ ខណៈ​នេះ​រាងកាយ គឺ​ងាយ​នឹង​ប្រឈមមុខ​ខ្ពស់​ជាមួយ​ហានិភ័យ​នៃ​ជំងឺ​ផ្ដាសាយ​ណាស់​។ ដូច្នេះ​កុំ​បន្ទោស​តែ​អាកាសធាតុ​ត្រជាក់​ទៀត​។ ប្រសិនបើ​អ្នក​ឈឺ​ញឹកញាប់ ចូរ​ព្យាយាម​គ្រប់គ្រង​ភាព​តានតឹង​របស់ខ្លួន​វិញ​។​
 
៤. ថប់​អារម្មណ៍​

​ការដែល​ចង់​នៅ​ស្ងៀមស្ងាត់​មិន​ធ្វើ​អ្វី​ទាំងអស់ គឺ​ទម្រង់​ទូទៅ​មួយ​ប្រភេទ​នៃ​បញ្ហា​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​។ ធ្លាប់​ដឹង​ទេ​ថា អ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ស្ត្រេ​ស ឬ​តានតឹង​ខ្លាំង​ហើយ ប្រសិនបើ​អ្នក​មិន​ចង់​ចេញ​ដើរ​ទៅណា​សោះ សូម្បីតែ​ការ​សន្ធឹង​ពត់​ពែន​ខ្លួន​បន្តិចបន្តួច​ក៏​មិន​ធ្វើ ក្រៅពី​អង្គុយ​សញ្ជឹងគិត​ម្នាក់ឯ​ង​? ប្រសិនបើ​ការ​ថប់​អារម្មណ៍ គឺ​កើតមាន​ជាប្រចាំ ហើយ​អ្នក​មិនអាច​សូម្បីតែ​តាំង​អារម្មណ៍​អាន​សៀវភៅ​នោះ​វា​ដល់​ពេលដែល​អ្នក​គួរ​ចាប់ផ្ដើម​រក​មូលហេតុ​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​បែបនេះ​។ ជួនកាល​សត្រូវ​ដ៏​ធំ​បំផុត គឺ​ចិត្ត ឬ​ការគិត​របស់​អ្នក​។ វា​ដល់​ពេលដែល​អ្នក​គួរ​ប្រញាប់​ដោះស្រាយ​បញ្ហា​ថប់​អារម្មណ៍ និង​ភាពភ័យខ្លាច​ផ្សេងៗ ឬ​ការ​ខ្វាយខ្វល់​ពេក​ហើយ​។​
 
៥. ឈឺចាប់​រាងកាយ​

​អ្នក​ប្រហែលជា​មិន​ចាប់អារម្មណ៍​នូវ​សញ្ញា​ផ្សេងៗ​ដែល​រាងកាយ​ព្យាយាម​បង្ហាញ​ឡើយ រហូតដល់​ការឈឺចាប់​កើតមាន​។ នៅក្រោម​កម្រិត​នៃ​ភាព​តានតឹង ឬ​ស្ត្រេ​ស​ពេក រាងកាយ​នឹង​ចាប់ផ្ដើម​ចុះខ្សោយ​ទ្រាំទ្រ​លែង​បាន​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ឈឺចាប់​រាងកាយ​ដូចជា ឈឺ​ចុកពោះ រាក ឡើង​ដំបៅ​ផ្សេងៗ ឈឺ​សាច់ដុំ ឈឺទ្រូង ឈឺក្បាល និង​បេះដូង​លោត​ញាប់​ខុសធម្មតា​។ អ្នក​នឹងមាន​អារម្មណ៍​ឈឺចាប់​ពេញ​ខ្លួន សូម្បីតែ​សន្លាក់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​សរ​បស់​អ្នក​។​
 
៦. មិនអាច​ផ្តោតអារម្មណ៍​លើ​អ្វី​បាន ក្រៅពី​ការងារ​និង​បញ្ហា​ផ្សេងៗ​

​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​នឹង​អាច​ចូលមក​គ្រប់គ្រង​លើ​ជីវិត​របស់​អ្នក ប្រសិនបើ​អ្នក​មិនអាច​បោះបង់​ការងារ​, ហិរញ្ញវត្ថុ រួមទាំង​ការប្រកួតប្រជែង​ដទៃទៀត​ចោល​មួយរយៈ​ដើម្បី​ស្វែងរក​ការ​ស្ងប់​អារម្មណ៍ ហើយ​សម្រាក​ខ្លះ​។ ដូច្នេះ​អ្នក​គួរ​ចេះ​ផ្ដាច់ខ្លួន​ចេញពី​បញ្ហា​ណាមួយ​ដែល​មិនមាន​ដំណោះស្រាយ​។ ការបារម្ភ​ច្រើនពេក គឺ​ជះឥទ្ធិពល​ប៉ះពាល់​ទាំង​ចំពោះ​ផ្លូវចិត្ត និង​ផ្លូវកាយ​។​
 
៧. បញ្ហា​ក្រពះ​ពោះវៀន​

​អ្នក​ប្រហែលជា​ស្មាន​មិន​ដល់​ទេ​ថា​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​អាច​ជះឥទ្ធិពល​អវិជ្ជមាន​គួរឱ្យកត់សម្គាល់​លើ​សុខភាព​ក្រពះ​ពោះវៀន​។ ពេលខ្លះ​ការ​លេបថ្នាំ​ក៏​មិន​អាចជួយ​បានដែរ​។ ក្នុងករណីនេះ​ចូរ​កុំ​ស្ទាក់​ស្ទើរនឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​។​
 
៨. ជ្រុះ​សក់​

​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​អាច​បង្កបញ្ហា​ជ្រុះ​សក់​គួរ​ឲ្យ​ព្រួយបារម្ភ​។ ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា សក់​ជ្រុះ​ច្រើនជាង​មុន​ទាំង​ដែល​អ្នក​គ្មាន​បញ្ហា​កង្វះ​វីតាមីន​ណាមួយ​នោះ ស្ត្រ​ស​អាចជា​មូលហេតុ​ហើយ​។ ដូច្នេះ​ប្រសិនបើ​មិន​ចង់​ត្រងោល​ទេនោះ ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​។​
 
៩. បាត់បង់​ចំណង់​ផ្លូវភេទ​

​នោះ​ក៏​ព្រោះតែ​ការកើនឡើង​នូវ​កម្រិត​អ័រម៉ូន​ស្ត្រេ​ស​ជះ​ផលប៉ះពាល់​លើ​ការបញ្ចេញ​អ័រម៉ូន​ដែល​ទទួលខុសត្រូវ​ចំពោះ​ចំណង់​ផ្លូវភេទ​។ លើសពីនេះទៅទៀត ភាព​តានតឹង​ក្នុង​អារម្មណ៍​អាចធ្វើ​ឲ្យ​អ្នក​អស់កម្លាំង និង​អសមត្ថភាព​ក្នុងការ​បង្កើន​ភាព​ស្និត​ស្នាល​។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​បាត់បង់​ចំណង់​ផ្លូវភេទ ចូរ​សាកល្បង​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​។​
 
១០. បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង​

​ភាព​ស្ត្រ​ស​ខ្លាំង​អាចជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ​ពាក់ព័ន្ធ​ជាមួយ​ការ​គេង​។ អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​ស្ត្រេ​ស​ជាប់​ជាប្រចាំ​រយៈពេល​យូរ​។ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ថែមទៀត​នោះ គឺ​ការ​គេង​មិន​គ្រប់គ្រាន់​ជះឥទ្ធិពល​មិនល្អ​ជាច្រើន​ចំពោះ​សុខភាព​។ នៅពេល​ថ្នាំ​គេង​លក់​មិនអាច​ជួយ​អ្វី​អ្នក​បាន​ទៀត​នោះ វា​ដល់ពេល​ដែល​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com