ជាតិ
វៀតណាម នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ នៅ​ឆ្នាំ​២០២០
05, Nov 2019 , 9:53 am        
រូបភាព
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានប្រគល់ញញួរជាប្រធានបន្តវេនដឹកនាំអាស៊ានដល់លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៤ វិច្ឆិកា នាទីក្រុងបាងកក ប្រទេសថៃ
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានប្រគល់ញញួរជាប្រធានបន្តវេនដឹកនាំអាស៊ានដល់លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៤ វិច្ឆិកា នាទីក្រុងបាងកក ប្រទេសថៃ
​ភ្នំពេញ​៖ វៀតណាម នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ នៅ​ឆ្នាំ​២០២០​។ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រគល់​ញញួរ​បន្ត​វេន​ទៅដល់​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក កាលពី​ថ្ងៃទី​៤ វិច្ឆិកា​។​


 
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ដែល​រៀបចំឡើង​នៅក្នុង​ប្រទេស​ថៃ រយៈពេល​៣​ថ្ងៃ​មកនេះ បាន​បិទ​បញ្ចប់​ហើយ ក្រោម​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក និង​ប្រទេស​ដៃគូ​អាស៊ាន​ជាច្រើន​ដូចជា ចិន ឥណ្ឌា រុស្សី អាមេរិក កូរ៉េ ជប៉ុន ដើម្បី​ជំរុញ​ការអភិវឌ្ឍ ស្ថេរភាព សន្តិភាព និង​វិបុលភាព​ប្រកបដោយ​ចីរភាព​។ កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​នៅ​ទីក្រុង​បាងកក បានផ្តល់​ឱកាស​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ បាន​ពិភាក្សា​ដោះស្រាយ​បញ្ហាសំខាន់ៗ​រួមគ្នា ដើម្បី​រក​ផលប្រយោជន៍​រួម​សម្រាប់​សហគម​អាស៊ាន​ទាំងមូល និង​សម្រាប់​ពិភពលោក​ផងដែរ ។​
 
​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ និង​លើក​ទី​៣៧ នឹង​រៀបចំ​ធ្វើឡើង​នៅក្នុង​ប្រទេស​វៀតណាម ដែល​ទទួលបាន​ញញួរ​ជា​ប្រធាន​បន្តវេន​ដឹកនាំ នៅ​ឆ្នាំ​២០២០​។ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ប្តេជ្ញាចិត្ត​ចំពោះមុខ​មេដឹកនាំ​អាស៊ាន ក្នុងការ​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២០ ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ​ខ្ពង់ខ្ពស់​ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍ នៃ​ប្រជាជន​អាស៊ាន​ទាំង​ជាង​៦៥០​លាន​នាក់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ទាំង​៣៥​លើក​កន្លងមក បានរៀបចំ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ៤​លើក (១៩៧៦ ,២០០៣, ខែឧសភា និង​វិច្ឆិកា ២០១១) ម៉ាឡេស៊ី ៤​លើក (១៩៧៧ ,២០០៥ ,​ខែមេសា និង​វិច្ឆិកា ២០១៥) ហ្វីលីពីន ៤​លើក (១៩៨៧ ,២០០៧ ,​ខែមេសា និង​វិច្ឆិកា ២០១៧) សិង្ហ​បុរី​៤​លើក (១៩៩២ ,២០០៧ ,​ខែមេសា និង​វិច្ឆិកា ២០១៨) ថៃ ៥​លើក (១៩៩៥, ខែមេសា និង​តុលា ២០០៩ ,​ខែមិថុនា និង​វិច្ឆិកា ២០១៩) វៀតណាម ៣​លើក (១៩៩៨ ,​ខែមេសា និង​តុលា ២០១០) ប្រ៊ុយណេ ៣​លើក (២០០១ ,​ខែមេសា និង​តុលា ២០១៣) កម្ពុជា​៣​លើក (២០០២ ,​ខែមេសា និង​វិច្ឆិកា​២០១២) ឡាវ ៣​លើក (២០០៤ ,២០១៦) និង​មី​យ៉ាន់​ម៉ា​២​លើក (​ខែឧសភា និង​វិច្ឆិកា ២០១៤)៕

Tag:
 វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com