សមាគម​កាត់ដេរ​ព្រមាន​ម្តងទៀត​ពី​ហានិភ័យ​នៃ​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA
ជាតិ
សេដ្ឋកិច្ច
សមាគម​កាត់ដេរ​ព្រមាន​ម្តងទៀត​ពី​ហានិភ័យ​នៃ​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA
05, Nov 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ខណៈដែល​សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ចេញ​សេចក្តីរាយការណ៍​លើក​ទី​២ វាយតម្លៃ​លើ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ក្រោម​ឋានៈ​អនុគ្រោះ​ពន្ធ​«​អ្វីៗ​ទាំងអស់​លើកលែងតែ​អា​វុ​ធ‍​» ឬ​ហៅ​កាត់​ថា (EBA) សមាគម​កាត់ដេរ​បាន​ព្រមាន​ម្តងទៀត​ពី​ហានិភ័យ​នៃ​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA របស់​កម្ពុជា​។ នេះ​បើតាម​សេចក្តីរាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

 
​សភាពាណិជ្ជកម្ម​អឺរ៉ុប បាន​សន្និដ្ឋានថា មនុស្ស​យ៉ាងហោចណាស់ ៩​ម៉ឺន​នាក់ អាច​នឹង​បាត់បង់​ការងារ​ធ្វើ បើសិនជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចូល​ភាគច្រើន​នៃ​ផលិតផល​ក្នុងស្រុក​របស់ខ្លួន ដោយ​មិនបាច់​បង់ពន្ធ​។ វិស័យ​កាត់ដេរ​បានផ្តល់​ការងារ​យ៉ាងហោចណាស់​ចំនួន​៧​សែន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ស្ត្រី​។​
 
​លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន Reuters ថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩ តម្លៃ​នៃ​ការនាំចេញ​ទៅកាន់​អឺរ៉ុប​បាន​ធ្លា​ក់មក​ត្រឹមតែ ៦០០​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ពាក់កណ្តាល​ឆ្នាំមុន​។ ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ក្នុង​មួយឆ្នាំៗ មានតម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​លោក ខេន លូ បាន​លើកឡើងថា​៖ «​យើង​បានឃើញ​ផលប៉ះពាល់​ដោយសារតែ​ការគំរាមកំហែង​នៃ​ការដក [​ឋានៈ​អនុគ្រោះ​ពន្ធ​] នេះ​រួច​ទៅ​ហើ​យ‍​»​។ លោក​ក៏បាន​សន្និដ្ឋានថា កម្ពុជា​នឹង​ប្រឈម​បញ្ហា​ខ្វះ​ការងារ​ធ្វើ​នៅ​ឆ្នាំ​២០២០ បើសិនជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​មែន​នោះ​។​
 
​រីឯ​ក្រុមហ៊ុន​វិនិយោគទុន ដូចជា H&M ក៏បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ត្រៀមខ្លួន​ផ្លាស់ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ពួកគេ​ទៅ​ប្រទេស​ចិន ឬ​ឥណ្ឌូនេស៊ី បើសិនជា​កម្ពុជា​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com