ជាតិ
សង្គមជាតិ
វៀតណាម បំពាក់​គ្រឿង​ឥស្សរិយយស ជូន​មេទ័ព​កំពូល​កម្ពុជា​
05, Nov 2019 , 11:36 am        
រូបភាព
លោក ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បំពាក់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពជូនលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (រូបពីក្រសួងការពារជាតិ)
លោក ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បំពាក់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពជូនលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​វៀតណាម ជូន​គ្រឿង​ឥស្សរិយយស​ថ្នាក់​មិត្តភាព ដល់​លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ រួមទាំង​យោធា​ជាន់ខ្ពស់ និង​អង្គភាព​យោធា​កម្ពុជា​ផ្សេងទៀត ដែល​សរុប​មាន ១៤១​រូប​/​អង្គភាព ដោយសារ​តែមាន​ស្នាដៃ​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​។


 
​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​នេះ គឺធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ផាន វ៉ាន់​ហ្សា​ង អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​កងទ័ព​វៀតណាម​។ 
 
​ក្រៅពី​លោក វង្ស ពិ​សេន យោធា​ជាន់ខ្ពស់​កម្ពុជា​ផ្សេងទៀត ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស​ពី​វៀតណាម​ដែរនោះ មានដូចជា នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​, នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ឹង សំណាង អគ្គមេបញ្ជាការ​រង​និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​, នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គមេបញ្ជាការ​រង​និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក​, និង នាយ​ឧត្ដមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការ​រង​និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ។​ល​។​
 
​ចំណែក​អង្គភាព​យោធា ដែល​ទទួលបាន រួមមាន កងពលធំ​អន្តរាគមន៍​លេខ​២ កងពលធំ​អន្តរាគមន៍​លេខ​៣ យោធភូមិភាគ​ទី​១ យោធភូមិភាគ​ទី​២ យោធភូមិភាគ​ទី​៣ យោធភូមិភាគ​ទី​៤ យោធភូមិភាគ​ទី​៥ យោធភូមិភាគ​ពិសេស បញ្ជាការដ្ឋាន​ការពារ​អាកាស បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ពជើងគោក និង បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​កងទ័ពជើងគោក ។​ល​។ 
 
​លោក ផាន វ៉ាន់​ហ្សា​ង ថ្លែង​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​នោះ​ថា ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ  កងទ័ព​កម្ពុជា​-​វៀតណាម មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​និង​ជួយ​គ្នា​ទៅវិញទៅមក​។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​ស្រង់​សម្តី​របស់លោក ផាន វ៉ាន់​ហ្សា​ង ទៅ​ចុះផ្សាយ​ដូច្នេះ​ថា​៖«​គ្មានអ្វី​ដែល​អាច​បំបែកបំបាក់​ចំណង​សាមគ្គីភាព​មិត្តភាព​យូរអង្វែង​របស់​ប្រទេស​ទាំងពីរ​បានឡើយ បើ​ទោះ​មាន​ក្រុមប្រឆាំង​ចង់​បំបែកបំបាក់​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព រវាង​ប្រទេស​ទាំងពីរ​យ៉ាងណាក៏ដោយ​...»​។​
 
​លោក វង្ស ពិ​សេន ចាត់ទុក ការជូន​គ្រឿង​ឥស្សរិយយស​នេះ ដល់​លោក និង​យោធា​កម្ពុជា ថា​ជាការ​ការឆ្លុះបញ្ចាំង​ពី​ស្មារតី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​វៀតណាម​។ លោក អរគុណ​វៀតណាម ដែល​តែង​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​៕ 

Tag:
 កម្ពុជា​
  វៀតណាម​
  យោធា​
  គ្រឿង​ឥស្សរិយយស​
© រក្សាសិទ្ធិដោយ thmeythmey.com