កីឡាជាតិ
ជាតិ
កម្ពុជានឹងចូលរួមប្រជែងជើងឯកពិភពលោក Mobile Legend: Bang Bang ដែលមានប្រាក់រង្វាន់២៥ម៉ឺនដុល្លារ
× សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងបញ្ជូនកីឡាករ១ក្រុមឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក Mobile Legend: Bang Bang World Championship នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ការប្រកួតដ៏ធំមិនធ្លាប់មាននេះ មានក្រុមផ្សេងដែលមកពីប្រទេសជាង១០ចូលរួម និងមានប្រាក់រង្វាន់សរុប២៥ម៉ឺនដុល្លារ។ នេះជាបទពិសោធ និងជាការវាស់ស្ទង់សមត្ថភាពកីឡាករកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។
Mobile Legends: Bang Bang ដែលជាវិញ្ញាសាដ៏ពេញនិយមនៅលើពិភពលោក នឹងដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាឡិចត្រូនិកជ្រើសជើងឯកពិភពលោក M1 World Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសមរភូមិទីលាន Asiata Arena នៅតំបន់ Bukit Jalil ក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
ក្រុមកីឡាករអេឡិចត្រូនិកខ្លាំងៗ ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់មកពី១៤តំបន់ជុំវិញពិភពលោក នឹងប្រកួតប្រជែងគ្នាដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍ដ៏ធំលំដាប់ពិភពលោកមិនធ្លាប់មានមួយនេះ។ ការប្រកួតដែលផ្សាយផ្ទាល់តាម Youtube Gaming នេះ នឹងក្លាយជាបទពិសោធមួយដ៏ល្អសម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ដើម្បីយកទៅអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ។
កម្ពុជា ក៏ជាសមាសភាពមួយក្នុងការប្រកួតលំដាប់ពិភពលោកនេះដែរ ដោយពួកគេត្រូវប្រជែងជាមួយកីឡាករជាង១០ប្រទេសផ្សេងទៀតរួមមានម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា ព្រមទាំងក្រុមជាប់វគ្គជម្រុះមកពីប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន តួរគី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រេស៊ីលជាដើម។ ព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមហ៊ុនកម្សាន្ត Moonton សហការជាមួយ U Mobile មួយនេះ មានប្រាក់រង្វាន់សរុបរហូត២៥ម៉ឺនដុល្លារអាមេរិក។ មុនឈានទៅប្រកួតប្រជែងដណ្តើមជើងឯក ក្រុមទាំងអស់ត្រូវឆ្លងកាត់ការប្រកួតវគ្គជម្រុះក្នុងពូលជាមុនសិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
Mobile Legends ក៏ជាវិញ្ញាសាមួយ ដែលត្រូវបានម្ចាស់ផ្ទះហ្វីលីពីន ដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ដូច្នេះព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកខាងលើ នឹងក្លាយជាចលករជួយជំរុញនិងអភិវឌ្ឍន៍សមត្ថភាពសម្រាប់កីឡាករកម្ពុជា ហើយវាក៏ជាការវាស់ស្ទង់សមត្ថភាពពួកគេ សម្រាប់ត្រៀមព្រឹត្តិការណ៍ ដ៏ធំប្រចាំតំបន់អាស៊ានមួយនេះផងដែរ។ ប្រទេសចំនួន៩ នឹងបញ្ជូនកីឡាករខ្លួនឲ្យចូលរួមប្រកួតលើប្រភេទកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាចុងឆ្នាំនេះ។ សម្រាប់កីឡាអេឡិចត្រូនិកនឹងចាប់ផ្តើមប្រកួតចន្លោះពីថ្ងៃទី៥-៧ ខែធ្នូ។
អ្នករៀបចំរំពឹងថា ព្រឹត្តិការណ៍ជើងឯកពិភពលោកដ៏ធំមិនធ្លាប់មាន Mobile Legends: Bang Bang World Championship នឹងធ្វើឲ្យកក្រើកប្រទេសម៉ាឡេស៊ី និងអ្នកស្នេហាកីឡាអេឡិចត្រូនិកទូទាំងពិភពលោក៕
Tag:
E-Sport
អេឡិចត្រូនិក
Mobile Legend: Bang Bang
© រក្សាសិទ្ធិដោយ thmeythmey.com