អន្តរជាតិ
អាមេរិក ប្រាប់ទៅUN ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ BBC
× អាមេរិក នៅថ្ងៃទី៤ ខែវិច្ឆិកា បានជូនដំណឹងជាផ្លូវការទៅអង្គកាសហប្រជាជាតិថា ទីក្រុងវ៉ាស៊ីនតោន បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីសហើយ។ បន្ទាប់ពីការជូនដំណឹងនេះ មានតែប្រទេសអាមេរិកតែមួយគត់ ដែលនៅក្រៅកិច្ចព្រមព្រៀង ។
កន្លងមកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីសម្តងរួចហើយ បើទោះបីអាមេរិក បានរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុរហូតក្បែរ និងដល់កំណត់ត្រាស៊ីតុណ្ណភាព ក្នុងរយៈពេលបួនខែជាប់គ្នាក៏ដោយ។ ទើបតែនៅថ្ងៃទី៤ ខែវិច្ឆិកានេះទេ សហរដ្ឋអាមេរិកបានផ្ញើលិខិតជូនដំណឹង ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីសជាលើកដំបូងទៅអង្គការសហប្រជាជាតិ។
ប្រសិនបើគ្មានការប្រែប្រួលទេ អាមេរិក នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយនេះជាផ្លូវការ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០។ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ចំណែកមូលហេតុនៃការដើរចេញពីកិច្ចព្រមព្រៀងមួយនេះ គឺដូចទៅនឹងលោកត្រាំប្រកាសកន្លងមកអញ្ចឹង ដោយសារវាប្រៀបដូចជាបន្ទុកសេដ្ឋកិច្ចដ៏អយុត្តិធម៌ ដែលដាក់មកលើអាមេរិក។ ម្យ៉ាងទៀតអាមេរិក គឺជាប្រទេស ដែលប្រើប្រាស់ប្រភពថាមពលទាំងអស់ដូចជា ប្រេងឥន្ទនៈ ថាមពលនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP។
បើទោះបីជាដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុប្រាកដមែន អាមេរិកនៅតែមានគម្រោងចូលរួមកិច្ចចរចាបម្រែបម្រួលអាកាសធាតុនៅប្រទេសអេស្ប៉ាញដដែល។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស។
ទំនងក្នុងន័យឌឺដងដាក់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ បានគូសបញ្ជាក់ថា បើទោះបីជាទីក្រុងវ៉ាស៊ីនតោន បានកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ១៣ភាគរយចាប់ពីឆ្នាំ ២០០៥ ដល់២០១៧ក៏ពិតមែន ប៉ុន្តែបម្រែបម្រួលអាកាសធាតុនៅតែកើតឡើង ហើយសេដ្ឋកិច្ចអាមេរិកនៅតែលូតលាស់ដដែល។
កិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុ បានដាក់គោលដៅកាត់បន្ថយអត្រានៃការកើនឡើងកម្តៅផែនដីយ៉ាងខ្ពស់បំផុតត្រឹម២ដឺក្រេតែប៉ុណ្ណោះ។ គោលដៅមួយនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា គឺជាវិធានការដ៏សំខាន់ ដើម្បីបញ្ឈប់ផលអវិជ្ជមានពីកម្តៅផែនដីដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានសមាជិក១៩៧ប្រទេស ដែលបានចុះហត្ថលេខា។ សូម្បីតែកូរ៉េខាងជើង និងស៊ីរីក៏ជាសមាជិកនៃកិច្ចព្រមព្រៀងនេះដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com