ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រធាន​គណៈ​គ្រូពេទ្យ​ប្រាប់​ឱ្យ​ពេទ្យ​ទាំងអស់​ចាត់ទុក​អ្នកជំងឺ​ដូច​គ្រួសារ​របស់ខ្លួន​
05, Nov 2019 , 9:39 pm        
រូបភាព
​សៀមរាប​៖ ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ប្រឹង​អភិវឌ្ឍន៍​ខ្លួន​ជា​លំដាប់ ដើម្បី​បម្រើសេវា​កម្ម​ដល់​ប្រជាពលរដ្ឋ​។ យ៉ាងណាក្ដី សេវា​ព្យាបាល​របស់​រដ្ឋ ត្រូវបាន​គេ​មើលឃើញថា​មិនទាន់មាន​ការវិវត្ត​ល្អ​នៅឡើយ ក្នុងនោះ​អ្នកមាន​ធនធាន​មធ្យម​បន្ត​ជ្រើសរើស​សេវា​ព្យាបាល​ឯកជន ដោយសារ​មិន​ពេញចិត្ត​ការបម្រើ​សេវាសាធារណ​មួយ​នេះ​។ ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា​ក៏​ទទួលស្គាល់​ចំណុច​នេះដែរ តែ​ថា​នៅមាន​ចំណុច​ខ្វះខាត​តិចតួច​ប៉ុណ្ណោះ​។ លោក ធា គ្រុយ រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា​នៃ​ក្រសួងសុខាភិបាល ស្នើឱ្យ​គ្រូពេទ្យ​ទាំងអស់​ត្រូវមាន​វិជ្ជាជីវៈ​ក្នុងការ​ព្យាបាល និង​ចាត់ទុក​អ្នកជំងឺ​ដូច​សមាជិកគ្រួសារ​រប​ស់​ខ្លួន​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 


 
​ប្រជាពលរដ្ឋ​កម្ពុជា នៅតែ​បន្ត​និយាយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ ពិសេស​គ្រូពេទ្យ​បម្រើការ​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​។ អ្វីដែល​នៅតែ​ឱ្យ​ពលរដ្ឋ​បារម្ភ និង​សឹង​អស់ជំនឿ​លើ​គ្រូពេទ្យ​ទាំងនោះ គឺ​ការបន្ត​បំភ័យ​អ្នកជំងឺ ការព្យាបាល​មិនមាន​ប្រសិទ្ធភាព និង​ការមិន​យកចិត្តទុកដាក់​ព្យាបាល​អ្នកជំងឺ​ជាដើម​។ 
 
​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត ធា គ្រុយ រាល់​វេទិកា​របស់លោក​នៅ​បន្ត​ទទូច​ឱ្យ​ក្រុមគ្រូពេទ្យ​គិតគូរ​ពី​ការប្រកប​វិជ្ជាជីវៈ​ឱ្យបាន​ត្រឹមត្រូវ​។ ក្នុង​សន្និសីទ​ស្ដីពី​ជំងឺ​តំបន់​ត្រូ​ពិ​កលើ​កុមារ​ដែល​រៀបចំ​ដោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ចុងខែ​តុលា លោក ធា គ្រុយ ឱ្យ​គ្រូពេទ្យ​ទាំងអស់​ស្មោះត្រង់​នឹង​វិជ្ជាជីវៈ​ខ្លួនឯង ហើយ​ការព្យាបាល​ត្រូវ​ហ្មត់ចត់​បំផុត​។​
 
​មន្ទីរពេទ្យ​មួយ​ដែល​លោក ធា គ្រុយ ចាត់ទុកជា​មន្ទីរពេទ្យ​គំរូ មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ដែល​ទទួលស្គាល់​ជាទូទៅ នោះ​គឺ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ លោក​ពន្យល់ថា មន្ទីរពេទ្យ​នេះ​តែង​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកជំងឺ ក៏ដូចជា​និស្សិត​ចុះ​កម្មសិក្សា ដោយ​ថា​ការព្យាបាល​អ្នកជំងឺ​ដោយ​ភាព​ហ្មត់​ចង់ ម៉ឺងម៉ាត់ និង​ប្រយ័ត្នប្រយែង​បំផុត​។​


 
​ការធ្វើឱ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ ត្រូវបានគេទទួលស្គាល់​បែបនេះ មិនមែនជា​រឿង​ចៃដន្យ​ឡើយ​។ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ពន្យល់​ថា កត្តា​ដែល​ធ្វើឱ្យមាន​លទ្ធផល​បែបនេះ គឺមាន​កត្តា​ធនធានមនុស្ស និង​ភាពច្បាស់លាស់ ហ្មត់ចត់ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ​។ យោងតាម​បទពិសោធន៍​លើ​វិជ្ជាជីវៈ​នេះ​ច្រើន​ឆ្នាំ លោក ធា គ្រុយ ប្រាប់ថា គ្រូពេទ្យ​ទាំងអស់​អាចធ្វើ​បាន​ដូចគ្នា​ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​ឡើយ​។ លោក​ពន្យល​យ៉ាង​ដូច្នេះ​ថា​៖«...​ខ្ញុំ​ធ្លាប់ជា​គ្រូពេទ្យ​មួយរូប​ដែរ​...​ខ្ញុំ​ទទួលស្គាល់ថា មន្ទីរពេទ្យ​ដែល​ថែទាំ​ព្យាបាល​មានគុណ​ភាព​គឺ​ចំណុះឱ្យ​លទ្ធផល តែ​ខ្ញុំ​ក៏​ទទួលស្គាល់​ដែលថា វិន័យ​នៃ​វត្តមាន​របស់​គ្រូពេទ្យ វិន័យ​ការងារ គុណភាព​របស់​ពេទ្យ ស្មារតី​វិជ្ជាជីវៈ​ទាំងនេះ គឺជា​កត្ដា​ដែល​សំខាន់បំផុត​...​មិនមែន​អត់លុយ​ធ្វើ​អ៊ី​អត់​បានទេ​...​ឧទាហរណ៍​ទៅធ្វើ​ការឱ្យ​ទាន់​ម៉ោង មិនចាំបាច់​ប្រើ​លុយ​ទេ​...»​។​
 
​លោក​សាស្ដ្រាចារ្យ​បន្តថា​៖« ភាព​ហ្មត់ចត់ ម៉ឺងម៉ាត់ ទទួលខុសត្រូវ ខ្ញុំ​សួរថា​អ្នកនោះ​ជា​គ្រួសារ​យើង​...​ប្រធាន​ពេទ្យ​ខ្លះ​ស្នើ​ខ្ញុំ​ឱ្យ​និយាយ​រឿង​គ្រូពេទ្យ​ខ្លួន​អត់​មក​យាម ខ្ញុំ​ថា​ព្រមាន​ទៅ មាន​អ៊ី​ពាក់ព័ន្ធ​នឹង​ខ្ញុំ​...​តើ​មាន​អ៊ី​កើតឡើង​ពេល​អត់​មក​យាម​នៅ​ពេទ្យ ហើយ​បើ​ប៉ះ​មាន​អ្នកជំងឺ​ត្រូវបញ្ជូន​ចូល​...​ថ្ងៃនេះ​លោក​អាច​ចេះ​អ៊ី​ប៉ុន្មាន​ក៏ដោយ បើ​គ្មាន​វិន័យ​អ៊ី​ស្រួលបួល ចេះ​ហ្នឹង​ក៏​ចេញ​ជា​លទ្ធផល​ទៅ​មិន​រួច​ដែរ​...»​។​
 
​បន្ថែម​លើ​ឧទាហរណ៍ រួម​និង​បទពិសោធន៍​ផ្ទាល់ខ្លួន​លើ​វិស័យ​សុខាភិបាល​ច្រើន​ឆ្នាំ លោក​សាស្ដ្រាចារ្យ​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា​អះអាងថា ប្រសិទ្ធភាព គុណភាព​នៃ​ការព្យាបាល​នៅ​កន្លែង​មួយ ច្បាស់​ណាស់​គឺ​សុទ្ធសឹង​កើតឡើង​ដោយ​កញ្ចប់​។ កញ្ចប់​ដែល​លោក​សាស្ដ្រាចារ្យ​ពន្យល់​នោះ គឺ​ទាំង​គ្រូពេទ្យ និង​គិលានុបដ្ឋាក ដែល​ត្រូវមាន​ចំណេះដឹង​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​ជំងឺ​។ កន្លែង​ព្យាបាល​មួយ​មិន​អាចមាន​គ្រូពេទ្យ​ពូកែ តែ​អ្នកថែរក្សា​អ្នកជំងឺ​មិនចេះ​អ្វី​នោះឡើយ​។ លោក​ថា គិលានុបដ្ឋាក​មិនមែន​កើតមក​សម្រាប់​បម្រើការ​ងារ​ទាំង​ងងឹត​ងងុល​ឡើយ គឺ​ត្រូវមាន​ចំណេះដឹង​គ្រាប់​គ្រាន់ និង​ការទទួលខុសត្រូវ​ខ្ពស់​។​
 
​ជាមួយគ្នានេះ លោក​សាស្ដ្រាចារ្យ ធា គ្រុយ បានចាត់ទុក​សន្និសីទ​ប្រចាំឆ្នាំ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​តែង​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​ជុំវិញ​ជំងឺ​ថ្មីៗ​ដល់​គ្រូពេទ្យ​មកពី​ជុំវិញ​តំបន់​សំខាន់ៗ ថា​ពិត​ជាមាន​សារសំខាន់​ណាស់ ហើយ​ជា​អ្វីដែល​គ្រូពេទ្យ​ទាំងអស់​ចាំបាច់​ត្រូវ​រៀនសូត្រ​ជានិច្ច​។ លោក​ថា គ្រូពេទ្យ​ត្រូវ​រៀន​អ្វីដែល​ថ្មី​ជានិច្ច ទើប​អាច​ក្លាយជា​គ្រូពេទ្យ​ដ៏​ពូកែ​ទៅបាន​។ លោក​បាន​លើក​ឧទាហរណ៍​ករណី​ជំងឺគ្រុនឈាម ដែលមាន​ការវិវត្ត​ថ្មីៗ​នៅ​ឆ្នាំ​២០១៩​នេះ​។​
 
​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​ដែល​ត្រូវ​តាមដាន ត្រួតពិនិត្យ និង​អប់រំ​ឱ្យ​គ្រូពេទ្យ​បម្រើ​ការងារ​ដោយ​ភាពត្រឹមត្រូវ លោក ធា គ្រុយ យល់ថា គ្រូពេទ្យ​ទាំងអស់​ត្រូវមាន​ភារកិច្ច​សំខាន់​២ ទីមួយ​គឺ​សមត្ថភាព និង​ទី​២​ត្រូវ​ចុះបញ្ជី​ការ​គណៈ​គ្រូពេទ្យ​ឱ្យ​គ្រប់​បាន​គ្នា ដែល​បញ្ជី​ការ​នេះ​គឺ​ធានា​ពី​ភាពស្របច្បាប់​ដែល​ធ្វើឱ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​៕

Tag:
 ធា គ្រុយ​
  វិជ្ជាជីវៈ​គ្រូពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com