ជាតិ
បុណ្យអុំទូក
កម្លាំង​ជាង​ពីរម៉ឺន​នាក់ ត្រៀម​ចេញ​ការពារ​សន្តិសុខ ថ្ងៃបុណ្យ​អុំទូក​
05, Nov 2019 , 10:19 pm        
រូបភាព
សកម្មភាពកងកម្លាំង រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកឆ្នាំ២០១៨
សកម្មភាពកងកម្លាំង រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាងថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹងដាក់​កងកម្លាំង​ជាង​ពីរ​ម៉ឺននាក់ នៅតាម​គោលដៅ​សំខាន់ៗ ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ពិធីបុណ្យ​អុំទូក ចាប់ពី​ថ្ងៃទី​១០ ដល់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នេះ​តាម​ក្រសួង​ព័ត៌មាន ដែល​បាន​ដកស្រង់​ពី​វិទ្យុជាតិ មក​ចុះផ្សាយ​បន្ត​។


 
​បើតាម​ក្រសួង​ព័ត៌មាន លោក ឆាយ គឹម​ខឿន លើកឡើងថា ការប្រើ​កងកម្លាំង សម្រាប់​ការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៩ គឺមាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១៨ ពីព្រោះ​បុណ្យអុំទូក​ឆ្នាំនេះ គឺ​ស្របពេល​ជាមួយនឹង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។ ពិធីបុណ្យ​អុំទូក​ឆ្នាំមុន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ចេញ​កងកម្លាំង​ជាង​មួយ​ម៉ឺ​នាក់​។ 
 
​ដូច​ឆ្នាំមុនៗ​ដែរ អាជ្ញាធរ នឹង​បិទ​កំណាត់​ផ្លូវ​មួយចំនួន​នៅ​ភ្នំពេញ មិន​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​បើក​ចេញចូល​ឡើយ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ជាពិសេស ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​របស់​ប្រជាពលរដ្ឋ​នៅពេល​ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​។ 
 
​កំណាត់​ផ្លូវ​ទាំងនោះ មាន​១៣​ខ្សែ គឺ ផ្លូវ​២៩៤ កែង​ផ្លូវ​នរោត្តម​, ផ្លូវ​សុរាម្រិត កែង​នាគ​បាញ់​ទឹក​, ផ្លូវ​២៤០ កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ​, ផ្លូវ​២៤០ កែង​ផ្លូវ​សុធារស់​, ផ្លូវ​ប៉ាស្ទ័រ​៥១ កែង​វត្ត​លង្កា​, ផ្លូវ​២៤០ កែង​ផ្លូវ​ប៉ាស្ទ័រ​៥១, ផ្លូវ​២២២ កែង​ផ្លូវ​ប៉ាស្ទ័រ​៥១, ផ្លូវ​១៨៤ កែង​ផ្លូវ​នរោត្តម​, ផ្លូវ​២៤០ កែង​ផ្លូវ​នរោត្តម​, រោងកុន​លុ​ច្យ  កែង​ផ្លូវ​នរោត្តម​, ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​វត្ត​បទុម​, ផ្លូវ​លេខ​១៩ កែង​ផ្លូវ​លេខ​១៣, និង ផ្លូវ​១៩ កែង​ផ្លូវ​១៨៤​។​
 
​ទន្ទឹមនេះ ក្រសួងសុខាភិបាល នឹង​បញ្ចេញ​មន្ត្រី​របស់ខ្លួន​ជាង​មួយ​ពាន់​នាក់ ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ ក្នុង​ពិធីបុណ្យ​អុំទូក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ដដែល​៕ 

Tag:
 សមត្ថកិច្ច​
  សន្តិសុខ​
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com