អាជ្ញាធរ​ភ្នំពេញ​ហាម​ទិញដូរ​ឯកសណ្ឋាន​ដូច​កម្លាំងប្រដាប់អាវុធ Police, PM, Army ជាដើម
ជាតិ
សង្គមជាតិ
អាជ្ញាធរ​ភ្នំពេញ​ហាម​ទិញដូរ​ឯកសណ្ឋាន​ដូច​កម្លាំងប្រដាប់អាវុធ Police, PM, Army ជាដើម
06, Nov 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ហាម​មិន​ឲ្យ​ពលរដ្ឋ​លក់ដូរ ទិញ និង​ប្រើប្រាស់​សម្លៀកបំពាក់ ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ នៅក្នុង​អំឡុង​ពិធីបុណ្យ​អុំទូក និង​ឯករាជ្យ​ជាតិ​ឡើយ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១៩​។


 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការហាម​មិន​ឲ្យ​ទិញ -​លក់ ឬ​ប្រើប្រាស់​សម្លៀកបំពាក់​ប្រហាក់ប្រហែល​កម្លាំងប្រដាប់អាវុធ  ដែលមាន​អក្សរ POLICE PM ARMY និង​ប្រើ​វិទ្យុទាក់ទង​ដោយ​គ្មាន​ការអនុញ្ញាត​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព ដល់​ប្រជាពលរដ្ឋ​។ ជាពិសេស​បញ្ចៀស​ការភ័ន្តច្រឡំ​ថា ជា​កម្លាំង​សមត្ថកិច្ច និង​អាច​បន្លំ​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដែល​អាច​បង្កចលាចល​ក្នុងសង្គម​។ 
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្នើ​ឲ្យ​សមត្ថកិច្ច​ចុះ​ពិនិត្យ​តាម​កន្លែង​លក់ដូរ ការប្រើប្រាស់​សម្លៀកបំពាក់ និង​ការប្រើប្រាស់​វិទ្យុទាក់ទង​។ «​ប្រសិន​បាន​រករ​ឃើញថា មាន​សកម្មភាព​នេះ​កើតឡើង នឹងត្រូវ​ចាត់វិធានការ​អប់រំ​ណែ​នាំឱ្យ​បញ្ឈប់​ការលក់ដូរ ការទិញ និង​ការប្រើប្រាស់​ជាបន្ទាន់​។ ក្នុងករណី​ទង្វើ​នេះ បង្ក​ជា​បទល្មើស​ជាក់ស្ដែង ត្រូវ​ឃាត់ខ្លួន នឹង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​»​។ នេះ​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕ 

Tag:
 ឯកសណ្ឋាន​កម្លាំងប្រដាប់អាវុធ​
© រក្សាសិទ្ធិដោយ thmeythmey.com