ជាតិ
សង្គមជាតិ
ភ្នំ​កំពង់ត្រាច ភ្នំ​ដំរី ភ្នំ​ផ្អាវ ភ្នំ​ល្អាង ភ្នំ​ឈ្ងោក ភ្នំ​នាង​សេ​ដា​ឱន​...​នឹង​បង្កើតជា​តំបន់ការពារធម្មជាតិ​
05, Nov 2019 , 5:59 pm        
រូបភាព
ភ្នំកំពង់ត្រាចខេត្តកំពត ស្ថិតក្នុងចំណោមភ្នំទាំង៦ ដែលក្រសួងគ្រោងដាក់ជាតំបន់ការពារធម្មជាតិ
ភ្នំកំពង់ត្រាចខេត្តកំពត ស្ថិតក្នុងចំណោមភ្នំទាំង៦ ដែលក្រសួងគ្រោងដាក់ជាតំបន់ការពារធម្មជាតិ
ដោយ:
​ភ្នំពេញ​៖ ក្នុង​សន្និបាត​បូកសរុប​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា លោក មាស សុផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​របស់​ក្រសួងបរិស្ថាន បាន​លើកឡើងថា ក្រសួងបរិស្ថាន មាន​គម្រោង​បង្កើត​តំបន់ការពារធម្មជាតិ​៥-៦​បន្ថែមទៀត​។ ក្រសួងបរិស្ថាន កំពុង​បង្កើន​ការគ្រប់គ្រង និង​បែងចែក​តំបន់ការពារធម្មជាតិ​។


 
​ក្រសួងបរិស្ថាន កំពុងតែ​រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​តំបន់ការពារធម្មជាតិ​ទាំងនោះ រួមមាន តំបន់ការពារទេសភាព​ភ្នំ​ឈ្ងោក​-​ភ្នំ​នាង​សេ​ដា​ឱន​, តំបន់ការពារទេសភាព​ភ្នំ​ដំរី​-​ភ្នំ​ផ្អាវ​, តំបន់ការពារទេសភាព​ភ្នំ​កំពង់ត្រាច​, តំបន់ការពារទេសភាព​ភ្នំ​ល្អាង​, និង តំបន់​ប្រើប្រាស់​ព្រែក​ស្រែអំបិល​។ 
 
​មុននឹង​លេចចេញ​គម្រោង​បង្កើត​តំបន់ការពារធម្មជាតិ​ទាំងអស់នេះ ក្រសួងបរិស្ថាន​បានរៀបចំ​យុទ្ធសាស្ត្រ​រេ​ដ​បូក​ជាតិ និង​កម្រិត​យោង​ព្រៃឈើ​ជាតិ ដោយ​ដាក់ជូន​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​ព្រៃឈើ​ជាតិ និង​បញ្ចប់​ការរៀបចំ​ប្រព័ន្ធ​ព័ត៌មាន​ធានា​សុវត្ថិភាព និង​សេចក្តី​សង្ខេប​ព័ត៌មាន​ស្តីពី​ប្រព័ន្ធ​ធានា​សុវត្ថិភាព​រេ​ដ​បូក​។​
 
​លោក មាស សុផល បញ្ជាក់ថា ក្រសួងបរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​ដទៃទៀត នឹង​សហការគ្នា​ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ផងដែរ លើ​ការបង្កើន​សកម្មភាព​ស​ម្រា​ប់​ទប់ស្កាត់ និង​ប​ង្គ្រា​ប​លើ​បទល្មើស​ផ្សេងៗ​។ 
 
​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្រសួងបរិស្ថាន ក៏​នឹង​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ លើ​ការផ្ដល់​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​ភ្នាក់ងារនគរបាល​យុត្តិធម៌ ដល់​ថ្នាក់ដឹកនាំ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន និង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ចំនួន ១៤៣៩​រូប និង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស នៃ​ក្រសួងការពារជាតិ លើ​ការប្រគល់​អាវុធ​ប្រភេទ CKC ចំនួន ១២១០​ដើម ដល់​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ល្បាត និង​បាន​ចាត់​បញ្ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​ការប្រើប្រាស់ ថែទាំ និង​គ្រប់គ្រង​អាវុធជាតិផ្ទុះ​តាម​បច្ចេកទេស​ពី​គ្រូបង្វឹក​ជា​យោធា​នៅតាម​បណ្តា​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​។ 
 
​បើតាម លោក មាស សុផល ក្រសួងបរិស្ថាន បានបញ្ចប់​កិច្ចការ​ការបោះ​បង្គោលព្រំ​ប្រទល់​ដែនជម្រកសត្វព្រៃ​ជាច្រើន​កន្លែង ដែលមាន​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង និង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃ កែវ​សីមា ដែនជម្រកសត្វព្រៃ ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ខេត្តស្ទឹងត្រែង​។​
 
​សូមបញ្ជាក់ថា កិច្ចការងារ​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​ក្រសួងបរិស្ថាន​បាន​អនុវត្ត​កន្លងមកនេះ មាន​ជា​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​១៦៧​សហគមន៍ មាន​ប្រជាពលរដ្ឋ​ជាង​៥​ម៉ឺន​គ្រួសារ​។​តំបន់​ទាំងនោះ​ត្រូវបាន​ក្រសួង​រៀបចំ និង​ប្រែក្លាយជា​សម្ព័ន្ធ​គ្រប់គ្រង​សហគមន៍​ជា​បណ្តាញ​មូលដ្ឋាន​(​សម្រាប់​តំបន់ការពារធម្មជាតិ​) បណ្តាញ​សហគមន៍​ថ្នាក់​តំបន់​(​សម្រាប់​តំបន់​ខាងជើង និង​ខាងត្បូង​បឹង​ទន្លេសាប និង​ខាងកើត​ទន្លេមេគង្គ​)​និង​បណ្តាញ​សហគមន៍​ថ្នាក់ជាតិ​។ 
 
​សម្រាប់​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន​៧ កន្លែង​នៅ​ខេត្តបន្ទាយមានជ័យ និង​១០៨ កន្លែង​ទៀត​ស្ថិតនៅ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ក្នុង​ខេត្តព្រះវិហារ​។ ក្រសួងបរិស្ថាន កំពុងតែ​ពិចារណា​លើ​ការបង្កើត​តំបន់​ទាំងនេះ​ឲ្យ​ក្លាយជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​៕

Tag:
 ក្រសួងបរិស្ថាន​
 ​ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com