ជាតិ
សុខភាព
ពលរដ្ឋ​ក្រីក្រ​កម្ពុជា​ងាយ​នឹង​ជាប់បំណុល ដោយសារ​បង់ថ្លៃ​សេវា​ថែទាំ​សុខភាព​
06, Nov 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ ​អ្នកស្រុក​នាំ​គ្នា​​ដើរ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​​ក្រគរ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ប្រទេស​កម្ពុជា ​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ ​អ្នកស្រុក​នាំ​គ្នា​​ដើរ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​​ក្រគរ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ប្រទេស​កម្ពុជា ​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ខណៈពេលដែល​វិស័យ​សុខាភិបាល​នៅ​កម្ពុជា កំពុងមាន​ការវិវឌ្ឍ​ប្រសើរ​ជាង​មុន ដោយ​គេ​ឃើញ​មានការ​ពង្រីក​ការ​គ្របដណ្តប់​និង​កែលម្អ​គុណភាព​សេវា​ថែទាំ​សុខភាព និង​ការ​គាំពារ​សុខភាព​សង្គម ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនធំ ត្រូវ​ជំពាក់​បំណុល​គេ ដើម្បី​បង់ថ្លៃ​សេវា​ថែទាំ​សុខភាព​។​

 
​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ University of New South Wales (UNSW) ប្រចាំ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Oxford ស្តីអំពី​គម្រោង​និង​គោលនយោបាយ​សុខាភិបាល (Health Policy and Planning) កាលពី​ខែតុលា​កន្លងទៅ បាន​ឲ្យ​ដឹងថា ជិត​៣០​ភាគរយ​នៃ​គ្រួសារ​ខ្មែរ​ចំនួន ៥០០០ គ្រួសារ​នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវ​ខ្ចីលុយ​ពី​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ ឬ​កម្ចី​ឯកជន ដើម្បី​បង់ថ្លៃ​សេវា​ថែទាំ​សុខភាព​។ កម្ចី​ទាំងនោះ​មាន​ទឹកប្រាក់​ជា​មធ្យម​ក្នុង​ចន្លោះ​ពី​១២៥​ដុល្លារ​ទៅ​២០០​ដុល្លារ ហើយ​៥៥​ភាគរយ​នៃ​ពលរដ្ឋ​ដែល​ត្រូវ​ខ្ចីលុយ​គេ​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​បំណុល​។ ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​មាន​សមាជិកគ្រួសារ​ច្រើន ងាយ​នឹង​ធ្លាក់ខ្លួន​ជំពាក់​បំណុល ដើម្បី​មានលទ្ធភាព​បង់ថ្លៃ​សេវា​ថែទាំ​សុខភាព​ដែល​គុណភាព​នៅមានកម្រិត​នៅឡើយ​។​
 
​លោក Augustine Asante ដែលជា​សហ​និពន្ធ​ម្នាក់​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ បាន​ថ្លែង​នៅក្នុង​សារព័ត៌មាន​ប្រចាំ​សាកលវិទ្យាល័យ New South Wales ដែល​ត្រូវបាន​ដកស្រង់​សម្តី​ថា​៖ «​ភាពក្រីក្រ​គឺជា​បញ្ហា​ចម្បង​មួយ នៅពេល​យើង​សិក្សា​អំពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​បញ្ហា​បំណុល​ដោយសារតែ​សេវា​ថែទាំ​សុខភាព ពីព្រោះ​គ្រួសារ​ក្រីក្រ ត្រូវ​ខ្ចីលុយ​តាមរយៈ​ការបង់ការ​ប្រា​ក‍់​»​។​
 
​លោក​សាស្ត្រាចារ្យ​ខាង​ផ្នែក​ឱសថ និង​សុខភាព​សាធារណៈ​រូបនេះ បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ទាំងនេះ ដែល​ត្រូវបាន​ស្ទង់​មតិ​សម្រាប់​ការស្រាវជ្រាវ​មួយ​នេះ បានទទួល​សេវា​ព្យាបាល​ជំងឺ​ពី​គ្លីនិក​ឯកជន ជាជាង​សេវាសាធារណៈ​ដែល​ផ្តល់​ឲ្យ​ដោយ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​រដ្ឋ ដែលជា​ទូទៅ​មិន​យកប្រាក់​កម្រៃ ឬ​មានការ​បង់ប្រាក់​តិចតួច​។ លោក​ថា លោក​មានការ​ភ្ញាក់ផ្អើល នៅពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជីវភាព​លំបាក នៅតែ​បន្ត​ទទួល​សេវា​ព្យាបាល​ជំងឺ​ពី​គ្លីនិក​ឯកជន​។​
 
​លោក​បាន​ថ្លែងថា​៖ «​រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​សមិទ្ធផល​ជាច្រើន ក្នុង​ការធ្វើ​ផ្តល់​សេវា​ថែទាំ​សុខភាព​ដោយ​ភាគច្រើន​មិន​យកប្រាក់​កម្រៃ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែ​ទទួល​សេវា​ឯកជន ដែល​តម្រូវ​ឲ្យ​ពួកគេ​ចំណាយ​ប្រាក់​ច្រើន​។ ជា​លទ្ធផល​នៃ​ការទទួល​សេវា​ឯកជន​នេះ ពួកគេ​ងាយ​ប្រឈម​នឹង​បញ្ហា​បំ​ណុ​ល‍​»​។​
 
៦០​ភាគរយ​នៃ​ការចំណាយ​សរុប​ប្រចាំឆ្នាំ​លើ​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុជា មាន​ប្រភព​ចេញពី​ប្រាក់​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​នេះ​គឺជា​អត្រា​ដ៏​ខ្ពស់​មួយ​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ UNSW ស៊ីដនី ដែលមាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា “Exploring the determinants of distress health financing in Cambodia” ឬ​បក​ប្រែជា​ភាសា​ខ្មែរ​ថា «​ការស្វែងយល់​ពី​មូលហេតុ​នៃ​បំណុល​សម្រាប់​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុ​ជ‍ា​​» ក៏បានផ្តល់​ការណែនាំ​មួយចំនួន​ដល់​កម្ពុជា​។ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​សេវា​ថែទាំ​សុខភាព​នេះ រដ្ឋាភិបាល​កម្ពុជា «​គួរតែបង្កើត​ឲ្យ​មាន​គម្រោង​គាំពារ​សុខភាព​សង្គម​មួយ ដែលមាន​ប្រសិទ្ធភាព​និង​ស៊ីជម្រៅ​ជាង​នេះ ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​ទៅកាន់​ប្រជាពលរដ្ឋ​ភាគច្រើន ហើយ​ត្រូវ​ឲ្យ​អាទិភាព​លើ​សេវា​សុខភាព​សម្រាប់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​បំណុល ជាពិសេស​ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​សមាជិកគ្រួសារ​ច្រើន និង​មាន​ជីវភាព​ក្រី​ក្រ‍​»​។​
 
​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​បង្កើន​គំនិត​ផ្តួចផ្តើម និង​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន ដើម្បី​ពង្រីក​និង​ពង្រឹង​សេវា​ថែ​ទាំង​សុខភាព​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ក្រុង​។​
 
​នៅ​ឆ្នាំ​២០០៨ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​របប​សន្តិសុខ​សង្គម ឬ​ហៅ​កាត់​ថា (​ប​.​ស​.​ស​) ដែល​តម្រូវ​ឲ្យ​ន​យោជក​ផ្តល់ប្រាក់​សោធន និង​ទទួលខុសត្រូវ​លើ​ផ្នែក​ហានិភ័យ​ការងារ ដូចជា​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ ដើម្បី​ធានាថា​កម្មករ​និង​បុគ្គលិក​ក្នុង​ឯកជន​អាចមាន​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​សមរម្យ​។​
 
​បន្ថែម​លើ​នេះ ក្រសួងសុខាភិបាល​ក៏បាន​បង្កើត​គម្រោង​គាំពារ​សុខភាព​សង្គម តាមរយៈ​មូលនិធិ​សមធម៌​និង​គម្រោង​ធានារ៉ាប់រង​សុខភាព ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ ក្នុងការ​ទទួលបាន​សេវា​ថែទាំ​សុខភាព​ពី​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​រដ្ឋ ដោយ​មិនត្រូវ​បង់ប្រាក់​កម្រៃ ដោយ​ចុះបញ្ជី​ពលរដ្ឋ​ទាំងនោះ​ឲ្យ​ទទួលបាន​ប័ណ្ណ​សមធម៌ ឬ​ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា ប័ណ្ណ​ក្រីក្រ​។​
 
​ក៏ប៉ុន្តែ កត្តា​អំពើពុករលួយ និង​ការអនុវត្ត​ច្បាប់​ទន់ខ្សោយ ជាពិសេស​ថ្នាក់មូលដ្ឋាន នៅតែ​ជា​បញ្ហា​ប្រឈម​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម​ដោះស្រាយ ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​ក្នុងការ​ផ្តល់​ការ​គ្របដណ្តប់​សេវា​សុខភាព​ជាស​កល ឬ Universal Health Coverage​។ កាលពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ការផ្តល់​ការ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សកល​ត្រឹម​ឆ្នាំ ២០២៥​។​
 
​របាយការណ៍​សមិទ្ធផល​សុខាភិបាល​ឆ្នាំ​២០១៨​របស់​ក្រសួងសុខាភិបាល​កម្ពុជា ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ខែមិថុនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ស្រប​ពេលដែល​មានការ​ពង្រីក​ការផ្តល់សេវា​ព្យាបាល​ជំងឺ​នៅ​ទូទាំង​ខេត្ត​ក្រុង និង​ការកែលម្អ​គុណភាព​សេវា​ថែទាំ​សុខភាព​ឲ្យ​ប្រកបដោយ​ក្រមសីលធម៌ វិស័យ​សុខាភិបាល​នៅ​កម្ពុជា នៅតែ​ប្រឈម​នឹង​បញ្ហា​«​ចន្លោះប្រហោង​ខាង​គុណភាព​សេវា​ពិនិត្យ ព្យាបាល ថែទាំ ដែល​មិនបាន​ឆ្លើយតប​នឹង​ការរំពឹងទុក​របស់​ប្រជាជ​ន‍​» ការខ្វះខាត​ចំនួន​គ្រូពេទ្យ​និង​បុគ្គលិក​តាម​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យបង្អែក​ថ្នាក់ស្រុក និង​សម្ភារៈ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com