អន្តរជាតិ
កម្រិត​ភាសា​អង់គ្លេស​កម្ពុជា ស្ថិតនៅ​បាត​តារាង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​
06, Nov 2019 , 11:59 am        
រូបភាព
ថត Screen ពីសន្ទទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុនអប់រំសកល EF Education First
ថត Screen ពីសន្ទទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុនអប់រំសកល EF Education First
ដោយ:
​កម្រិត​ប្រើប្រាស់​ភាសា​អង់គ្លេស​របស់​កម្ពុជា បន្ត​ធ្លាក់ចុះ​សម្រាប់​ពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​។ នេះ​បើតាម​ស​ន្ទ​ទស្សន៍​ជំនាញ​ភាសា​អង់គ្លេស​ប្រចាំឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន​អប់រំ​សកល EF Education First ​។ របាយការណ៍​ដដែល ក៏​ព្រមាន​ដែរ​ថា កម្ពុជា នឹងរង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ព្រោះតែ​កង្វះខាត​ជំនាញ​ភាសា​អង់គ្លេស​។​

 
​របាយការណ៍​ក្នុង​ឆ្នាំ​២០១៩ បង្ហាញថា កម្ពុជា​ធ្លាក់ចុះ​មកដល់​ចំណាត់ថ្នាក់​ទី ៩៤ ក្នុងចំណោម ១០០​ប្រទេស ជាមួយ​ពិន្ទុ ៤៣,៧៨ ដែល​ចាត់ទុកថា មាន​ភាព​ប៉ិនប្រសប់​ក្នុងការ​ប្រើប្រាស់​ភាសា​អង់គ្លេស​«​ទាប​បំផុត​»​។ ក្នុង​ឆ្នាំ​២០១៨ កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ៨៤ ក្នុងចំណោម ៨៨​ប្រទេស ដែល​ត្រូវបាន​សិក្សា​ក្នុង​របាយការណ៍​ដដែល ជាមួយនឹង​ពិន្ទុ ៤២,៨៦​។​
 
​សម្រាប់​របាយការណ៍​ឆ្នាំ​២០១៩ ជំនាញ​ភាសា​អង់គ្លេស​របស់​កម្ពុជា ស្ថិតនៅ​បាត​តារាង ក្នុងចំណោម​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ សិង្ហ​បុរី ឈរ​លេខ​១ នៅក្នុង​តំបន់​អាស៊ី និង​លេខ​៥ លើ​ពិភពលោក​។ ហ្វីលីពីន ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ តាម​ពីក្រោយ​បន្តបន្ទាប់​ដោយ​ម៉ាឡេស៊ី​, វៀតណាម​, ឥណ្ឌូណេស៊ី​, ថៃ​, មី​យ៉ាន់​ម៉ា​។ ចំណែក​ឡាវ និង​ព្រុយ​ណេ ពុំ​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​របាយការណ៍​នេះឡើយ​។   
 
​របាយការណ៍​ដដែល ព្រមាន​ថា បណ្តា​ប្រទេស​ដូចជា កម្ពុជា និង​ថៃ ដែល​សេដ្ឋកិច្ច​ពួកគេ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ អាច​រង​ផលប៉ះពាល់ ដោយសារតែ​កង្វះខាត​ជំនាញ​ភាសា​អង់គ្លេស​។ ដ្បិតថា អង់គ្លេស ជា​ភាសា​អន្តរជាតិ ដែល​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​លើ​ពិភពលោក ភ្ញៀវទេសចរ ប្រហែល​ជ្រើសរើស​ទិសដៅ​ដំណើរ​កម្សាន្ត​ពួកគេ ដែល​ផ្តល់​ភាពងាយស្រួល សម្រាប់​ពួកគេ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង នៅពេល​ដើរហើរ​។  
 
​នៅ​តំបន់​អាស៊ី ស្ត្រី​ជាប់​ចំណាត់ថ្នាក់​ល្អ​ជាង​បុរស ខាង​ជំនាញ​ភាសា​អង់គ្លេស ជាមួយ​ពិន្ទុ ៥៣,៣០ ធៀប​នឹង​ពិន្ទុ​បុរស ៥២,៧១​។ ដូចគ្នា​សម្រាប់​ពិភពលោក​ទាំងមូល ស្ត្រី​នៅតែ​ឈ្នះ​បុរស ជាមួយ​ពិន្ទុ ៥៣,២៣ ទល់នឹង ៥៣,០៣​។ បើតាម​របាយការណ៍​ដែល​វិភាគ​វាយតម្លៃ​លើ​មនុស្សពេញវ័យ​ចំនួន ២,៣ លាន​នាក់ មនុស្ស​អាយុ​ចន្លោះ​ពី​២៦ ដល់ ៣០​ឆ្នាំ ទទួលបាន​ពិន្ទុ​ក្នុង​ជំនាញ​ភាសា​អង់គ្លេស​ល្អ​បំផុត ក្នុង​តំបន់​អាស៊ី និង​ទូទាំង​ពិភពលោក​។ 
 
​របាយការណ៍​ដដែល ក៏​រកឃើញ​ដែរ​ថា ជំនាញ​ភាសា​អង់គ្លេស មានការ​រីកចម្រើន​ជុំវិញ​ពិភពលោក ប៉ុន្តែ​ក្នុង​តំបន់​អាស៊ី ជំនាញ​អង់គ្លេស​នេះ មិនសូវ​ជឿនលឿន​ប៉ុន្មាន​ឡើយ ក្នុងពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​៕ 

Tag:
 ភាសា​អង់គ្លេស​
  EF Education Fisrt
  របាយការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com