ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកយាម​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​
06, Nov 2019 , 11:31 am        
រូបភាព
រូបភាពសមត្ថកិច្ចចុះចាប់ខ្លួនអ្នកយាមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៥ វិច្ឆិកា
រូបភាពសមត្ថកិច្ចចុះចាប់ខ្លួនអ្នកយាមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៥ វិច្ឆិកា
​ភ្នំពេញ​៖ សមត្ថកិច្ច ឃាត់ខ្លួន​អ្នកយាម​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០​នាក់ ក្រោយ​សង្ស័យថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​របស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង​។ អ្នក​ទាំង​១០​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៥ វិច្ឆិកា នៅ​ទីស្នាក់ការ​បក្ស ដែល​ស្ថិតនៅ​សង្កាត់​ច​អង្រែ​លើ ក្រុងភ្នំពេញ​។​

 
​សមត្ថកិច្ច កំពុង​សាកសួរ​អ្នក​ទាំង​១០​នាក់​នេះ​។ ប៉ុន្តែ​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ករណី​ឃាត់ខ្លួន​អ្នកយាម​ស្នាក់ការ​អតីត​បក្សប្រឆាំង​នេះ​បានទេ ដោយ​លោក​ប្រាប់ថា រវល់​ប្រជុំ​។​
 
​តែ​យ៉ាងណា​លោក ឆាយ គឹម​ឃឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​និយាយថា ការឃាត់ខ្លួន​អ្នក​ទាំង​១០​នាក់ ដោយសារ​សង្ស័យ​ពួកគេ អាចមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ចលនា​របស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង ដែល​រដ្ឋាភិបាល​ហៅថា «​ចលនា​ក្រុម​ឧទ្ទាម​»​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឆាយ គឹម​ឃឿន បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​អត់​ទាន់​មានការ​សង្ស័យ​អ្វី​ឱ្យ​ពិតប្រាកដ​ទេ ព្រោះ​ការហៅ​(​បុគ្គល​)​សាកសួរ គឺ​សមត្ថកិច្ច​មាន​សិទ្ធិ អញ្ជើញ​គាត់​ទៅ​សាកសួរ​អ៊ីចឹង​។ សាកសួរ​ហើយ លទ្ធផល​របៀប​ម៉េច បើ​គាត់​អត់​ខុស​គឺ​យើង​លែង​គាត់​វិញ​។ ប៉ុន្តែ​បើ​គាត់​ខុស​គឺ​យើង​ស្នើសុំ​ទៅ​ព្រះរាជអាជ្ញា ត្រូវ​ឃុំខ្លួន ឬ​ធ្វើយ៉ាងណា​ទៀត វា​អាស្រ័យ​លើ​ការសាកសួរ​សិន​»​។​
 
​អ្នក​ទាំង​១០​រូប ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​លោក ទឹម សៀវ , លោក ទឹម សុ​ម៉េ​ត​, លោក ថន ប៊ុនធឿន , លោក អ៊ុក ច​ន្តា , លោក ស្រង់ ឡាយ ,​លោក ជួន សុផល , លោក ហុក សំអាង , លោក ណុ​ក អូន , លោក ស៊ី តារា  និង​លោក សូ តារា​។​
 
​នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) លោក សន ជ័យ បាន​យល់ឃើញថា សកម្មភាព​ចាប់ខ្លួន​សកម្មជន អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ វា​កំពុង​បង្ក​ឱ្យ​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​រូបភាព​ចលាចល ហើយ​ប៉ះពាល់​សិទ្ធិមនុស្ស និង​ការរស់នៅ​របស់​ពលរ​ដ្ឋ​ជាដើម​។ ជាពិសេស​ទង្វើ​របស់​អា​ជ្ញា​ធរ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​នេះ វា​ក៏​ធ្វើឱ្យ​ពលរដ្ឋ​អាកអន់ចិត្ត និង​ខឹង​រដ្ឋាភិបាល​កាន់តែខ្លាំង​ទៅវិញ​ទេ​។​
 
«​នៅពេល​ដែលមាន​ការចាប់​ខ្លួន ប៉ាតណាប៉ាតណី ឬក៏​ចាប់ខ្លួន​ផង បំភ័យ​ផង​នេះ វា​អាចធ្វើ​ឱ្យមាន​មនុស្ស​លែងមាន​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ហើយ​ជន​ស៊ីវិល​ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​នេះ វា​ហាក់ដូចជា​មិនត្រូវ​បាន​គេ​ឃើញ​ពី​ជា​សាធារណៈ នូវ​ទង្វើ​ខុសឆ្គង​ណាមួយ​ទេ...។ នៅក្នុងសង្គមមួយ ដែលមានគំនិតសង្ស័យកាន់តែច្រើន ទៅលើប្រជាជនខ្លួនឯង ហើយពេលនោះកើតមានការចាប់ខ្លួន ដែលគ្រាន់តែមានការសង្ស័យហើយខ្វះការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយនោះ វាជាសញ្ញាឱ្យមានការបែកបាក់ជាតិកាន់តែខ្លាំងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សន ជ័យ​។​
 
​គិត​មកដល់ពេលនេះ មន្ត្រី សកម្មជន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៤០​ឆ្នាំ​ហើយ កំពុងស្ថិត​នៅក្រោម​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ «​ញុះ​ញ៉​ង់ និង​រួមគំនិត​ក្បត់​» ខណៈ​មនុស្ស​ជាង​១០០​នាក់​ផ្សេងទៀត ត្រូវបាន​តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន​។ នេះ​បើតាម​លោក សំ សុខ​គង់ មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​បើតាម​លោក សំ សុខ​គង់ នីតិវិធី​នៃ​ការចាប់ខ្លួន​សកម្មជន និង​មន្ត្រី​អតីត​បក្សប្រឆាំង​ជា​ទង្វើ​មិន​ត្រឹមត្រូវ​តាមច្បាប់​ឡើយ ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មេធាវី​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ការចាប់ខ្លួន​អាចធ្វើ​ទៅបាន​លុះត្រា តែ​តុលា​ការចេញ​ដីកា​កោះហៅ​លើក​ទី​១ និង​លើក​ទី​២ ដោយ​អនុវត្តតាម​ច្បាប់ព្រហ្មទណ្ឌ ហើយ​បើ​បុគ្គល​នោះ​មិន​ចូល​ខ្លូន​ទៅ​បំភ្លឺ ទើប​សមត្ថកិច្ច​អាចមាន​សិទ្ធិ​ចាប់ខ្លួន ប៉ុន្តែ​ការចាប់ខ្លួន​កន្លងមក​គឺ​សមត្ថកិច្ច​អនុវត្ត​ភ្លាមៗ​តែម្ដង ដោយ​គ្មាន​ទាំង​ដីកាចាប់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ទៀត​។ ដូច្នេះ​ការចាប់ខ្លួន​នេះ វា​ហាក់ដូចជា​ការរំលោភបំពាន​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ ដែល​ត្រូវបាន​ការពារ​តាមច្បាប់ ស្របតាម​រដ្ឋធម្មនុញ្ញ​»​។​
 
​កន្លងមក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង ធ្លាប់បាន​ប្រកាសថា ការចាប់ខ្លួន​មន្ត្រី និង​សកម្មជន​អតីត​បក្សប្រឆាំង​នេះ មិនមែនជា​ការរំលោភ​សិទ្ធិមនុស្ស​ទេ ប៉ុន្តែ​វា​ជាការ​រឹតបន្តឹង​ច្បាប់ និង​ការពារ​សន្តិសុខ​ប្រទេស​ប៉ុណ្ណោះ​។ 
 
​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​វិញ នៅ​ថ្ងៃទី​៩ វិច្ចិកា​ខាងមុខ​។ មុន​ចូល​ស្រុក​នេះ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គាំទ្រ​ខ្លួន និង​កងទ័ព​ធ្វើ​ចលនា​ទម្លាក់​ប្រមុខ​រដ្ឋាភិបាល​ផងដែរ​។​
 
​ដោយសារ​ពាក្យសម្តី​រប​ស់មេ​ដឹកនាំ​រូបនេះ ទើប​តុលា​ការចេញ​ដីកាចាប់ខ្លួន​លោក សម រ​ង្ស៉ី និង​មនុស្ស​៨​ទៀត រួមមាន​លោក អេង ឆៃអ៊ាង​,​លោកស្រី  មូរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ​, លោក ហូរ វ៉ាន់​, លោក ឡុង រឺ​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោក នុត រំដួល និង​ភរិយា​លោក សម រង្ស៊ី គឺ​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ព្រមទាំង​គូកន ក្រោម​បទ​ចោទ​ឧបឃាត ដោយ​យោងតាម​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាចមាន​ទោស​ពី ១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​៕
 

Tag:
 CNRP
  នយោបាយ​
  ឆាយ គឹម​ឃឿន
© រក្សាសិទ្ធិដោយ thmeythmey.com