ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី មូរ សុខហួរ៖«ពលករខ្មែរនៅថៃ ត្រៀមខ្លួនឆ្ពោះទៅកាន់ព្រំប្រទល់ខ្មែរ-ថៃហើយ»
06, Nov 2019 , 1:31 pm        
រូបភាព
អ្នកស្រី មូរ​ សុខហួរ ថ្លែងក្នុងសិក្ខាសាលាស្តីពីដំណើរមាតុភូមិនិវត្ត ដែលរៀបចំនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២0១៩ (រូបពីទំព័រហ្វេសប៊ុក Mu Sochua)
អ្នកស្រី មូរ​ សុខហួរ ថ្លែងក្នុងសិក្ខាសាលាស្តីពីដំណើរមាតុភូមិនិវត្ត ដែលរៀបចំនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២0១៩ (រូបពីទំព័រហ្វេសប៊ុក Mu Sochua)
អ្នកស្រី មូរ សុខហួរ ប្រធានគណៈកម្មការរៀបចំដំណើរមាតុភូមិនិវត្ត អះអាងថា ពលករខ្មែរនៅថៃ ដែលគាំទ្រអតីតគណបក្សប្រឆាំង នៅតែបន្តជួបជុំគ្នា ដើម្បីឆ្ពោះមកកាន់ព្រំដែនកម្ពុជា-ថៃ ក្នុងគោលដៅដើរចូលមកកម្ពុជាជាមួយលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។



ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី អ្នកស្រី មូរ សុខហួរ ដែលអះអាងថាកំពុងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់យ៉ាងដូច្នេះ ៖«ប្រជាពលរដ្ឋយើង ដែលជាពលករចំណាកស្រុក ត្រៀមខ្លួនហើយ រាប់ពាន់-រាប់ម៉ឺននាក់នៅទីកន្លែងនោះ ព្រោះលោក ស្រែកឃ្លានក្នុងការធ្វើមាតុភូមិនិវត្ត....»។ ក្មួយៗ បានបង្ហាញឆន្ទៈនិងពេលវេលាទាំងអស់ ហើយប្រមូលគ្នាត្រៀមខ្លួនឆ្ពោះទៅព្រំប្រទល់ខ្មែរ-ថៃហើយ»។

យ៉ាងណា សមត្ថកិច្ចថៃ បានសហការជាមួយសមត្ថកិច្ចកម្ពុជា ដោយបានយករូបថតរបស់លោក សម រង្ស៊ី និង បក្សពួករបស់លោកមួយចំនួនទៀត ទៅបិទនៅតាមព្រំដែន។ សមត្ថកិច្ចកម្ពុជា បានសរសេរភ្ជាប់ជាមួយនឹងរូបថតទាំងនោះថា លោក សម រង្ស៊ី និង បក្សពួករបស់លោក គឺជាក្រុមឧទ្ទាមក្បត់ជាតិ ដែលត្រូវចាប់ខ្លួន។ សមត្ថកិច្ចកម្ពុជា ថែមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ ជួយផ្តល់ព័ត៌មាន បើបានឃើញលោក សម រង្ស៊ី និង បក្សពួករបស់លោក។

អត្ថបទទាក់ទង
 

អ្នកស្រី មូរ សុខហួរ ថ្លែងថា ថ្នាក់ដឹកនាំប្រឆាំង នឹងមិនធើ្វឲ្យមានភាពច្រួលច្របល់នៅប្រទេសថៃឡើយ។ អ្នកស្រី បន្ថែមថា ថ្នាក់ដឹកនាំប្រឆាំង នឹងគោរពអធិបតេយ្យរបស់ប្រទេសថៃ។

ម្យ៉ាងទៀត អ្នកស្រី បកស្រាយថា ដំណើរវិលត្រឡប់មកកម្ពុជា មិនមែនដើម្បីបង្កសង្គ្រាមនោះទេ តែដើម្បីរកដំណោះស្រាយសម្រាប់ប្រទេសជាតិ រួមមាន ទាមទារឲ្យដោះលែង លោក កឹម សុខា ស្តារលទ្ធិប្រជាធិបតេយ្យ រៀបចំបោះឆ្នោតដោយត្រឹមត្រូវ និង រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម។

បន្ថែមពីលើនេះ អ្នកស្រី បានសរសេរលើទំព័រហ្វេសប៊ុកថា លោក សម រង្ស៊ី នឹងហោះចេញពីបារាំងនៅថ្ងៃទី៧ ឆ្ពោះមកថៃនៅថ្ងៃទី៨ ហើយជំហានចុងក្រោយ គឺធ្វើដំណើរចូលមកកម្ពុជា នៅថ្ងៃទី៩។ លោក សម រង្ស៊ី  ក៏បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកដែរ អំពីការហោះចេញពីបារាំងចូលមកថៃនេះ។

លោក កែ​វ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា កម្លាំងអន្តោប្រវេសន៍ និងកម្លាំងដទៃទៀត បានត្រៀមខ្លួននៅគ្រប់ព្រលានយន្តហោះ និងគ្រប់ច្រកពំ្រដែនអស់ហើយ ដើម្បីចាប់លោក សម រង្ស៊ី និង បក្សពួករបស់លោក។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស យើង ត្រៀមទាំងអស់...»៕

Tag:
 សម រង្ស៊ី
  មូរ សុខហួរ
  មាតុភូមិនិវត្ត
  ព្រំដែនកម្ពុជា-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com