ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ទំនងជាមិនអាចចូលទឹកដីថៃឡើយ
06, Nov 2019 , 2:29 pm        
រូបភាព
លោក សម រង្ស៊ី អតីត​មេដឹកនាំអតីត​គណបក្ស​សង្គ្រោះជាតិ (រូបឆ្វេង), លោក ប្រាយុទ្ធ ច័ន្ទ​អូចា នាយករដ្ឋមន្ត្រីថៃ (រូបស្តាំ)
លោក សម រង្ស៊ី អតីត​មេដឹកនាំអតីត​គណបក្ស​សង្គ្រោះជាតិ (រូបឆ្វេង), លោក ប្រាយុទ្ធ ច័ន្ទ​អូចា នាយករដ្ឋមន្ត្រីថៃ (រូបស្តាំ)
ដោយ: ថ្មីៗ
សារព័ត៌មានបាងកកប៉ុស្ត៍​បាន​ផ្សាយ​អត្ថបទមួយ​នារសៀល​ថ្ងៃ​ទី​៦​ខែ​វិច្ឆិកានេះ​ ដោយបាន​ដកស្រង់​ការអះអាង​របស់​លោកនាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ​ ច័ន្ទ​អូចា ដែល​ថា លោក សម រង្ស៊ី ទំនងជាមិន​អាច​ជាន់ទឹកដីថៃ​​ ដើម្បី​ឆ្លងចូល​ប្រទេស​កម្ពុជា​នោះឡើយ។


 
បើយោងតាម​សារព័ត៌មានដដែលនេះ សេចក្តីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាលថៃ​ គួរតែត្រូវបាន​ធ្វើឡើង​ដោយ​យោងតាម​លើគោលការណ៍​មិនជ្រៀតជ្រែក​កិច្ចផ្ទៃក្នុង​នៃសមាជិក​អាស៊ាន។

បាងកកប៉ុស្ត៍​បា​នស្រង់ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ច័ន្ទអូចា នៅក្នុង​សន្និសីទកាសែត​មួយ​នាព្រឹកថ្ងៃពុធនេះ​ យ៉ាង​ដូច្នេះ៖«យើងនឹង​មិនអនុញ្ញាត​ឱ្យ​ជនប្រឆាំង​រដ្ឋាភិបាល​ណាមួយ ប្រើប្រាស់​ទឹកដីថៃ​ដើម្បីធ្វើ​ចលនានយោបាយឡើយ។ ខ្ញុំ​បាន​ដាក់បទបញ្ជាហើយ ដូច្នេះគាត់មិនអាច​ចូលមកបានទេ»។

អត្ថបទទាក់ទង


សេចក្តីប្រកាស​របស់​ប្រមុខរដ្ឋាភិបាល​ថៃ​ដែលទើបតែ​ជួបជាមួយ​សមភាគី​កម្ពុជា​សម្តេច​ ហ៊ុន សែន និង​បាន​ថតរូប​ស្និទ្ធស្នាលគ្នា​នៅក្នុង​ក្របខណ្ឌ​នៃកិច្ចប្រជុំ​កំពូលអាស៊ាន​លើកទី​៣៥ ក៏ជាចម្លើយ​ឆ្លើយតប​ទៅ​នឹង​លិខិត​របស់​លោក សម រង្ស៊ី ដែល​បាន​សរសេរស្នើ និង​ជូន​ដំណឹង​ទៅលោកនាយករដ្ឋមន្ត្រីថៃ​អំពី​ដំណើរ​ចូលប្រទេស​កម្ពុជារបស់លោក​តាម​រយៈទឹកដីថៃ​នៅថ្ងៃទី​៩ខែវិច្ឆិកា​នេះ​ដែរ។

លិខិតចុះថ្ងៃទី​៣១​ខែតុលា លោក សម រង្ស៊ី បាន​សរសេរស្នើសុំ​ចូលប្រទេស​ថៃ​ តាម​រយៈជើងហោះហើរ​ដែលចេញពី​ទីក្រុងប៉ារីសនៅថ្ងៃទី​៧​ខែ​វិច្ឆិកា និង​ទៅដល់​ប្រទេសថៃ​នៅថ្ងៃទី​៨​ខែវិច្ឆិកា។ នៅក្នុង​លិខិត ដែល​លោក សម រង្ស៊ី បានបង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនោះ លោក សម រង្ស៊ី គ្រោង​ចូលមកប្រទេស​កម្ពុជា​តាម​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែតនៅថ្ងៃទី​៩​ខែវិច្ឆិកា៕






© រក្សាសិទ្ធិដោយ thmeythmey.com