អន្តរជាតិ
សិង្ហបុរី នាំចូលទឹក១៧លានដបប្រចាំខែពីម៉ាឡេស៊ី ប្រភពរូប៖ Channel News Asia
× សិង្ហបុរី នាំចូលទឹក១៧លានដបរៀងរាល់ខែពីប្រទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីបរិស្ថានសិង្ហបុរី លើកឡើងបែបនេះ ដោយផ្អែកលើតួលេខចុងក្រោយរបស់ភ្នាក់ងារចំណីអាហារសិង្ហបុរី។ ការបង្ហាញតួលេខនេះ មានគោលដៅប្រាប់ពលរដ្ឋសិង្ហបុរីឲ្យចូលរួមកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក ដោយផ្តោតលើការគាំទ្រកិច្ចប្រឹងប្រែងគ្មានកាកសំណល់របស់សិង្ហបុរី។
«យោងតាមតួលេខចុងក្រោយរបស់ភ្នាក់ងារចំណីអារសិង្ហបុរី យើងនាំចូលទឹកប្រមាណ១៧លានដបប្រចាំខែពីប្រទេសម៉ាឡេស៊ី»។ លោក Masagos Zulkifli រដ្ឋមន្ត្រីបរិស្ថាននិងធនធានទឹក លើកឡើងបែបនេះ នៅថ្ងៃចន្ទ ទី៤ វិច្ឆិកា ដោយអះអាងទៀតថា សម្រាប់រ៉ូប៊ីនេទឹករបស់សិិង្ហបុរី ប្រជាជនអាចផឹកទឹកដោយសុវត្ថិភាពបំផុត ហើយពួកគេគួរតែបន្តធ្វើរឿងនេះឲ្យបានច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកច្រកដប។
លោករដ្ឋមន្ត្រី Masagos លើកឡើងថា ក្រសួងលោក លើកទឹកចិត្តឲ្យបង្កើតគំនិតផ្តួចផ្តើមនានា ដែលគាំទ្រកិច្ចប្រឹងប្រែងគ្មានកាកសំណល់របស់សិង្ហបុរី ដោយការកាត់បន្ថយការប្រើប្រាស់ទឹកច្រកដបប្លាស្ទិក ក៏ដូចជា សង្គ្រាមប្រឆាំងជំងឺទឹកនោមផ្អែមផងដែរ។
មែនទែនទៅ ការលើកឡើងរបស់លោក Masagos គឺដើម្បីឆ្លើយតបនឹងការសំណើរបស់សមាជិកសភាសិង្ហបុរីម្នាក់ ដែលសុំឲ្យរដ្ឋាភិបាលបង្កើតផែនការដំឡើង ធុងចម្រោះទឹកស្អាតសម្រាប់ផឹកច្រើនបន្ថែមទៀត នៅកន្លែងនានា ដូចជា អគារការិយាល័យ មជ្ឈមណ្ឌលលក់ដូរទំនិញ និងស្ថានីយ៍ដឹកជញ្ជូនសាធារណៈជាដើម។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោករដ្ឋមន្ត្រី Masagos សង្កត់ធ្ងន់ថា ភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី បានចាប់ផ្តើមដំឡើងធុងចម្រោះទឹកស្អាតជាច្រើនទីតាំង ជាពិសេសនៅទីប្រជុំជន។ ទន្ទឹមនឹង ភ្នាក់ងារលោក ក៏សហការជាមួយក្រសួងសុខាភិបាល និងសាលាក្រុង ដើម្បីអនុវត្តប្រតិបត្តិការនេះឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព៕
Tag:
សិង្ហបុរី
ម៉ាឡេស៊ី
ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com