ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
៣​សំណួរ​ទៅកាន់​អគ្គរដ្ឋទូត អំពី​ការ​ទាញ​វិនិយោគ​អាមេរិក​មក​កម្ពុជា រួមទាំង​ឥទ្ធិពល​ចិន​
06, Nov 2019 , 8:39 pm        
រូបភាព
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
ដោយ:
​បាងកក​, ប្រទេស​ថៃ ៖ ទូត​អាមេរិក​បាន​ដឹកនាំ​គណៈប្រតិភូ​ធុរជន​កម្ពុជា ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​។ ឆ្លៀត​ក្នុងឱកាស​នោះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បានផ្ដល់​កិច្ច​សម្ភាស​ដល់​អ្នកសារព័ត៌មាន​កម្ពុជា​៣​រូប ដែល​រួមមាន​សារព័ត៌មាន​ថ្មីៗ​, ខេ​ម​បូ​ណូ​មី​ស និង​ទូរទស្សន៍​បាយ័ន ជុំវិញ​ឱកាស​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​វិនិយោគិន​អាមេរិក​។


​ដើម្បី​ជ្រាប​ច្បាស់ សូម​លោក​អ្នកនាង​អាន​កិច្ច​សម្ភាស​ខាងក្រោម​នេះ​៖
 
​សំឡេង​សម្ភាស​រវាង​អ្នកកាសែត និង​លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy ជា​ភាសា​អង់គ្លេស​៖



 
​អ្នកកាសែត​៖ មុននេះ​បន្តិច យើង​ដឹងថា លោក​និង​គណៈប្រតិភូ​ធុរជន​មកពី​កម្ពុជា ទើបតែ​បាន​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន​អាមេរិក លោក Keith Krach ។ តើ​កិច្ចប្រជុំ​នេះ​និយាយ​អំពី​អ្វីខ្លះ​? 
 
​លោក​ឯកអគ្គរដ្ឋទូត​៖ ជាដំបូង ខ្ញុំ​ចង់​និយាយថា ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​រីករាយ​មួយ​ដែល​ប្រតិភូ​ធុរជន​មកពី​កម្ពុជា បានមក​ចូលរួម​វេទិកា​នេះ និង​បង្ហាញ​ដល់​គេឯង​អំពី​ឱកាស​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​, កសាង​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​អាមេរិក និង​ក្រុមហ៊ុន​ដទៃទៀត​មកពី​តំបន់ និង​គណៈប្រតិភូ​មួយក្រុម​ដ៏​សំខាន់​មកពី​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​អំពី​យន្តការ ឬ​ឧបករណ៍​នានា (Tools) ដែល​អាមេរិក​កំពុងផ្ដល់ ដើម្បី​ជួយ​សម្រួល​ដល់​ការវិនិយោគ​។ គួរកត់សម្គាល់​ផងដែរ ព្រឹក​មិញ​នេះ​ខ្ញុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ហើយ​យើង​បាន​ជជែក​គ្នា​អំពី​ឱកាស​ទាំងអស់នេះ ។ មុននេះ​បន្តិច គណៈប្រតិភូ​កម្ពុជា​បាន​ជួប​ជាមួយ​លោក​អនុរដ្ឋមន្ត្រី​អាមេរិក ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​សេដ្ឋកិច្ច ហើយ​បាន​ដឹងឮ​យន្តការ​មួយចំនួន ដើម្បី​ជួយ​ក្រុមហ៊ុន​អាមេរិក​ភ្ជាប់​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​កម្ពុជា និង​ធ្វើការ​វិនិយោគ​ប្រកបដោយ​ការទទួលខុសត្រូវ​។ 
 
​អ្នកកាសែត​៖ គេ​សង្កេតឃើញថា កិច្ចខិតខំ​ប្រឹងប្រែង​នានា​របស់​ស្ថានទូត​អាមេរិក​នាពេល​កន្លងមក ដែល​ព្យាយាម​ផ្គូរ​ផ្គង​ធុរជន​អាមេរិក​និង​ធុរជន​កម្ពុជា ហាក់ដូចជា​មិនសូវ​ទទួលបាន​ផល​សោះ​។ តើ​លោក​ឯកអគ្គរដ្ឋទូត​មាន​វិធីសាស្ត្រ​អ្វី​ថ្មី ដើម្បី​ជួយ​ផ្សព្វផ្សាយ​និង​ជំរុញ​វិនិយោគ​នៅ​កម្ពុជា ? 
 
​លោក​ឯកអគ្គរដ្ឋទូត​៖ ចម្លើយ​ចំពោះ​សំណួរ​នេះ មាន​ពីរ​ផ្នែក​។ ផ្នែក​ទីមួយ គឺពាក់ព័ន្ធ​នឹង​ភាគី​យើង គឺ​រដ្ឋាភិបាល​អាមេរិក​។ នៅ​ទីក្រុង​បាងកក យើង​មាន​តំណាង​របស់​ក្រសួងការបរទេស ក្រសួង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម​, ធនាគារ EXIM និង​សាជីវកម្ម​វិនិយោគឯកជន​ក្រៅប្រទេស OPIC ជាដើម និយាយប្រាប់​វេទិកា​អំពី​ឱកាស​នានា​ដែល​ពួកគេ​ផ្ដល់ ហើយ​យើង​មាន​វត្តមាន​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross ជាមួយនឹង​គណៈប្រតិភូ​ក្រុមហ៊ុន​អាមេរិក​ដែល​ធំៗ​ដែលមាន​ឥទ្ធិពល​។ ដូច្នេះ នេះ​ជា​ឱកាស​កសាង​បណ្ដាញ​ទំនាក់ទំនង​ដ៏​ល្អ​។​
 
 ផ្នែក​ទី​ពីរ​នៃ​ចម្លើយ គឺ​ភាគី​កម្ពុជា​។ កម្ពុជា​កំពុង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​បរិយាកាស​ធុរកិច្ច ប៉ុន្តែ​នៅមាន​ចន្លោះ​សម្រាប់​ការកែលម្អ​បន្ថែមទៀត​។ បើ​យើង​ក្រឡេកមើល​ស​ន្ទ​ស្សន៍​វាស់វែង​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ធុរកិច្ច កម្ពុ​ជាមាន​ពិន្ទុ​មិនសូវ​ខ្ពស់​ទេ ដូច្នេះ ចាំបាច់​ត្រូវ​កែលម្អ​លើ​ជំហាន​មួយចំនួន ដើម្បី​បើក​ឲ្យ​ក្រុមហ៊ុន​ចូលរួម​, កែលម្អ​ការផ្គត់ផ្គង់​ថាមពល កាត់​បន្ថយថ្លៃ​អគ្គិសនី ហើយ​កម្ពុជា​ត្រូវ​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​អំពើពុករលួយ​។ ក្រុមហ៊ុន​អាមេរិក​ចង់​មករក​ស៊ី ហើយ​ពេលដែល​ពួកគេ​ចូលមក ពួកគេ​នាំមក​នូវ​ស្តង់ដារ​រកស៊ី​ខ្ពស់ ដូច្នេះ​វា​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ដូចជា តម្លាភាព ការប្រឆាំង​អំពើពុករលួយ ការគិតគូរ​ខ្ពស់​អំពី​បរិស្ថាន និង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​។ ក្រុមហ៊ុន​អាមេរិក​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន ជ្រើសរើស​បុគ្គលិក​ខ្មែរ​ឲ្យ​ធ្វើការ​, បង្កើត​បរិយាកាស​ការ​ងារ​ដែលមាន​សុវត្ថិភាព​និង​មាន​ប្រាក់ខែ​ខ្ពស់​។ ដូច្នេះ ការទាក់ទាញ​ក្រុមហ៊ុន​អាមេរិក​ឲ្យ​មករក​ស៊ី គឺ​ពិតជា​ប្រយោជន៍​ដ៏​ធំ​។ ប៉ុន្តែ កម្ពុជា​ត្រូវ​ប្រឹងប្រែង​បន្ថែម​ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច​។​
 
​អ្នកកាសែត​៖ ដូចដែល​លោក​បានដឹងហើយថា ទំនាក់ទំនង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ហាក់​ពុំសូវល្អ​ទេ​។ តើ​នេះ​អាចជា​បញ្ហា​ដែល​រារាំង​ការវិនិយោគ​របស់​វិស័យ​ឯកជន​អាមេរិក នៅ​កម្ពុជា ដែរ​ទេ​? 
 
​លោក​ឯកអគ្គរដ្ឋទូត​៖ លោក​ធ្លាប់​បានឮ​ខ្ញុំ​លើកឡើង​ពីមុន​មកហើយ ថា យើង​មាន​គ្រឹះ​រឹងមាំ​ល្អ​រវាង​ប្រទេស​យើង​ទាំងពីរ​។ យើង​មាន​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​រឹងមាំ​, កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​។ ជំនួប​ដំបូង​របស់ខ្ញុំ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា គឺជា​ឱកាស​ដែល​យើង​បាន​និយាយ​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ និង​ជជែក​អំពី​វិស័យ​មួយចំនួន​ដែល​យើង​នៅមាន​ការយល់​ខុសគ្នា​។ លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​បញ្ហា​ទាំងនេះ​។ លោក​បាន​សន្យាថា នឹង​ប្រាប់​គណៈរដ្ឋមន្ត្រី​របស់​លោក​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​លោក​ពិតជា​បានធ្វើ​ដូច្នេះ​មែន ពីរ​ថ្ងៃ​ក្រោយពី​យើង​បាន​ជួបគ្នា ហើយ​ខ្ញុំ​គិតថា លោកនាយក​រដ្ឋមន្ត្រី​បានផ្ដល់​ការណែនាំ​[​ដល់​មន្ត្រី​របស់លោក​] ឲ្យ​កែលម្អ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​។ ខ្ញុំ​គិតថា ប្រការនេះ​នឹង​ជួយ​សម្រួល​ដល់​បរិយាកាស​វិនិយោគ​។ វា​ជា​ការពិត ដែលថា ក្រុមហ៊ុន​អាមេរិក​មួយចំនួន​បារម្ភ​ខ្លះៗ​ដែរ អំពី​កង្វះ​វឌ្ឍនភាព​របស់​កម្ពុជា​នៅលើ​ផ្នែក​អភិបាលកិច្ច​និង​សិទ្ធិមនុស្ស​។ ដូច្នេះ ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិស័យ​ទាំងនេះ វា​អាច​ល្អ​សម្រាប់​ការធ្វើ​ធុរកិច្ច​។ ប្រសិនបើ​កម្ពុជា​កែលម្អ​ចំណុច​ទាំងនេះ ក្រុមហ៊ុន​អាមេរិក ពិតណាស់ នឹង​ចង់​មករក​ស៊ី​ច្រើន​ថែមទៀត​នៅ​កម្ពុជា ហើយ​ថែមទាំង​មក​ក្នុង​ចំនួន​ច្រើន​ទៀតផង ។ 
 
​អ្នកកាសែត​៖ ដូច​លោក​ជ្រាប​ហើយ​ថា អ្នកណាៗ​ក៏​ដឹង​ដែរ​អំពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា ដែល​កំពុង​កើនឡើង​ខ្លាំង​។ របៀប​ដែល​កម្ពុជា​និង​ចិន ជំរុញ​វិនិយោគ គឺថា​នៅពេលដែល​ប្រមុខ​ដឹកនាំ​កម្ពុជា​ជួប​ជាមួយ​ចិន ចិន​ជួប​ជាមួយ​កម្ពុជា តែងមាន​ការផ្ញើ​សារ​ទៅ​ក្រុមហ៊ុន​វិនិយោគ​ចិន ថា សូម​អញ្ជើញ​មក​វិនិយោគ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ធំៗ​របស់​ចិន ភាគច្រើនបំផុត គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ ដូច្នេះ សារ​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល គឺមាន​ប្រសិទ្ធភាព​លើ​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ ខុសពី​ក្រុមហ៊ុន​អាមេរិក​ដែលជា​វិស័យ​ឯកជន និង​មិនមែន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។ ដូច្នេះ តើ​លោក​មាន​វិធី​អ្វី​ប្រសើរ​ជាង​មុន ដើម្បី​លើកទឹកចិត្ត​ដល់​វិនិយោគិន​អាមេរិក ឲ្យ​មក​កម្ពុជា ឬទេ​?
 
​លោក​ឯកអគ្គរដ្ឋទូត​៖ ដំបូងបង្អស់ ខ្ញុំ​គិតថា​កម្ពុជា​គួរតែមាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន ដែលជា​អ្នកជិតខាង​កម្ពុជា​។ ចិន​ជា​ប្រទេស​ធំ​នៅក្នុង​តំបន់ និង​ផ្ដល់ឱកាស​យ៉ាងច្រើន​។ សហរដ្ឋអាមេរិក​មាន​បំណង​ចង់​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ដែរ​។ នេះ​ជា​រឿង​មួយ​។ រឿង​មួយទៀត យើង​គិតថា សហរដ្ឋអាមេរិក​ផ្ដល់នូវ​របៀបរបប​ធុរកិច្ច​ដែល​ល្អ ពោលគឺ​អាមេរិក​ពុំមាន​សហគ្រាស​រដ្ឋ​ទេ​។ ក្រុមហ៊ុន​អាមេរិក​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅក្រោម​ច្បាប់​អាមេរិក ដែល​រួមមាន ស្តង់ដារ​ប្រឆាំង​អំពើពុករលួយ​, តម្លាភាព​, ការប្រកាន់​ខ្ជាប់​នូវ​នីតិរដ្ឋ​, និង​ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​។
 
​ការព្រួយបារម្ភ​ដែល​យើង​លើកឡើង​ប្រាប់​ដល់​ប្រទេស​មួយចំនួន គឺថា​ចូរ​អ្នក​ប្រយ័ត្នប្រយែង​ចំពោះ​ការរៀបចំ ឬ​កិច្ចព្រមព្រៀង​ដែល​អ្នកធ្វើ​ជាមួយ​ប្រទេស​ខ្លះ ដែល​អាច​នឹងធ្វើ​ឲ្យ​ខូចខាត​ដល់​អធិបតេយ្យរ​បស់​អ្នក ឯករាជ្យ​របស់​អ្នក និង​នាំ​ឲ្យ​អ្នក​ជំពាក់​បំណុល​ច្រើន ហើយ​ប្រហែលជា​មិនបាន​នាំមក​នូវ​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​សហគមន៍​មូលដ្ឋាន​ឡើយ​។ ចំពោះ​រឿងនេះ គឺ​ប្រទេស​កម្ពុជា​ខ្លួនឯង ជា​អ្នកសម្រេចចិត្ត​។ ប៉ុន្តែ ខ្ញុំ​បានឮ​ពី​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​លើកឡើងថា អាច​នឹងមាន​ការព្រួយបារម្ភ​ខ្លះ ជុំវិញ​បញ្ហា​ទាំងនោះ​។ ដូច្នេះ ចូរ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន ប៉ុន្តែ ចូរ​អ្នកពិនិត្យមើល​ឲ្យ​ល្អិតល្អន់​នូវ​លក្ខខណ្ឌ​មិន​ច្បាស់លាស់​ខ្លះ ដែល​អាច​នឹង​ពាក់ព័ន្ធ​៕
 

Tag:
 W. Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com