អន្តរជាតិ
យោធាថៃ គ្រោងទិញដ្រូនស៊ើបការ២គ្រឿងតម្លៃ១៩លានដុល្លារ ដ្រូនប្រភេទ Camcopter S-100s ដែលផលិតឡើងដោយក្រុមហ៊ុនអូទ្រីស Schiebel Group (ប្រភពរូប៖defpost.com)
× កងទ័ពជើងទឹកភូមិន្ទថៃ គ្រោងទិញដ្រូន (VTOL) ចំនួន២គ្រឿងពីក្រុមហ៊ុនអូទ្រីស Schiebel Group ក្នុងទំហំទឹកប្រាក់ ៦០០លានបាត ឬស្មើនឹងជាង១៩,៨២លានដុល្លារ។ បើតាមមន្ត្រីយោធាជាន់ខ្ពស់ថៃ ដ្រូនទាំងនេះ នឹងត្រូវដាក់ពង្រាយដើម្បីតាមដានសភាពការណ៍នៅឈូងសមុទ្រថៃ និងសមុទ្រ Andaman ។
ដ្រូនប្រភេទ Camcopter S-100s ដែលអាចហោះឡើងនិងចុះចតដោយបញ្ឈរ (VTOL) នឹងត្រូវដាក់ប្រតិបត្តិការ ក្នុងឆ្នាំ២០២០ នៅខេត្តភាគខាងត្បូងប្រទេសថៃ ជាប់នឹងឆ្នេរភាគខាងកើតនៃឧបទ្វីបម៉ាឡេ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចុះផ្សាយលើវេបសាយក្រុមហ៊ុន Schiebel ដ្រូនទំនើបនេះ នឹងដាក់ពង្រាយលើនាវារបស់កងទ័ពជើងទឹកភូមិន្ទថៃ ក្នុងគោលដៅបំពេញបេសកកម្មឈ្លបយកការណ៍ភូមិសាស្ត្រសមុទ្រនិងដី។
កិច្ចសន្យាបញ្ជាទិញដ្រូននេះ បានចុះហត្ថលេខាដោយអគ្គនាយកនៃការិយាល័យគ្រប់គ្រងការទិញសម្ភារយោធារបស់កងទ័ពជើងទឹកថៃ លោកឧត្តមសេនីយ៍ Prachachart Sirisawat ។ បើតាមលោក Prachachart ដ្រូនស៊ើបការណ៍នេះ នឹងក្លាយជាយន្តហោះយោធា (VTOL) គ្មានមនុស្សបើកទីមួយរបស់កងទ័ពជើងទឹកថៃ ដែលនឹងជួយកាត់បន្ថយការចំណាយលើការល្បាតសន្តិសុខ ព្រោះថាខ្លួននឹងលែងត្រូវការដាក់ពង្រាយនាវាធំៗ ដែលមានសមត្ថភាពឲ្យឧទ្ធម្កាចក្រចុះចតសម្រាប់បេសកម្មបែបនេះតទៅទៀតហើយ។
តាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ លោកឧត្តមសេនីយ៍រូបនេះ អះអាងទៀតថា ដ្រូនបែបឧទ្ធម្កាចក្រនេះ នឹងត្រូវដាក់បញ្ឈរជើងយ៉ាងចាំបាច់នៅលើមូលដ្ឋានទ័ពជើងទឹកទាំងក្នុងឈូងសមុទ្រថៃ និងសមុទ្រ Andaman ។ បន្ថែមពីនេះ លោក Prachachart សង្កត់ធ្ងន់ថា ដោយហេតុថាដ្រូនទាំងនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនថតរូបភាព ដែលមានគុណភាពបង្ហាញខ្ពស់និងទំនើបនោះ ពួកវាអាចមានសមត្ថភាពកំណត់គោលដៅនានាដោយសុក្រឹតត្រឹមត្រូវបំផុត។ ម្យ៉ាងទៀត លោកថា៖«ដ្រូនទាំងនេះ ក៏សាកសមបំផុតសម្រាប់ប្រតិបត្តិការសង្គ្រោះនៅលំហសមុទ្រផងដែរ»។
និយាយដល់លក្ខណៈពិសេសរបស់ដ្រូនតម្លៃជិត២០លានដុល្លារនេះ លោកឧត្តមសេនីយ៍ Prachacart បញ្ជាក់ឲ្យដឹងថា ពួកវា ពុំទាមទារតំបន់រៀបចំពិសេសណាមួយឡើយសម្រាប់ការចុះចតនិងហោះឡើង ហើយម្យ៉ាងទៀតដ្រូនទំនើបទាំងនេះ អាចមានសមត្ថភាពប្រតិបត្តិការទាំងពេលថ្ងៃ និងយប់ និងក្រោមលក្ខខណ្ឌអាកាសធាតុមិនអំណោយផលជាមួយនឹងចម្ងាយវែងបំផុតដល់ទៅ២០០គីឡូម៉ែត្រ។
ជាពិសេសនោះ ដ្រូននីមួយៗ គឺមានសមត្ថភាពហោះហើរដោយមិនឈប់រហូតដល់៦ម៉ោង ហើយពួកវាសាកសមបំផុតសម្រាប់ការយាមល្បាតសន្តិសុខនៅដែនទឹកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ លោកឧត្តមសេនីយ៍ Prachachart លើកឡើងបែបនេះ ដោយបន្ថែមថា សម្រាប់តម្លៃ៦០០លានបាតនេះ ក៏រាប់បញ្ចូលទាំងតម្លៃហ្វឹកហាត់ផងដែរ។ លោកសង្កត់ធ្ងន់ថា ការបញ្ជាទិញនេហ គឺចាំបាច់ខ្លាំងណាស់ ហើយលោកគិតថា ប្រទេសជិតខាងរបស់ថៃខ្លះ ប្រហែលជាមានដ្រូនទំនើបប្រភេទនេះរួចរាល់ហើយ៕
Tag:
ថៃ
យោធា
ដ្រូន
អូទ្រីស
© រក្សាសិទ្ធិដោយ thmeythmey.com