មិនដូចសម័យដើមឡើយ នាបច្ចុប្បន្ន កម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ដែលផ្តល់សិទ្ធិអំណាចជូនប្រជាពលរដ្ឋ ធ្វើជាម្ចាស់វាសនានៃប្រទេសជាតិ។ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវធ្វើខ្លួនឲ្យស័ក្តិសមជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ដោយត្រូវមានជំហររឹងប៉ឹង និងអាចយល់ដឹងពីកាតព្វកិច្ចខ្លួន ដែលត្រូវធ្វើ ដោយមិនចេះតែរេចុះរេឡើងតាមតែអ្នកនយោបាយឡើយ។
ជាពិសេស ឈានដល់ស្ថានភាពបច្ចុប្បន្ន ដែលរដ្ឋាភិបាលនិងក្រុមអ្នកប្រឆាំង កំពុងប្រឈមមុខដាក់គ្នានេះ គឺរឹតតែទាមទារឲ្យប្រជាពលរដ្ឋ រក្សាស្មារតីឲ្យនឹងន និងមិនច្រួលច្របល់នោះទេ។ ត្រូវចាំថា យើងជាប្រជាពលរដ្ឋ គឺជាម្ចាស់ប្រទេសជាតិ មិនមែនជាកម្មសិទ្ធិរបស់អ្នកកាន់អំណាចនិងអ្នកប្រឆាំងឡើយ។
លោក សម រង្ស៊ី ប្រកាសថា លោក នឹងដឹកនាំកម្លាំងពលករខ្មែរពីថៃរាប់ពាន់-រាប់ម៉ឺននាក់ ដើរឆ្លងកាត់ព្រំដែនចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមគម្រោងដែលលោកបង្ហាញ គឺលោក នឹងហោះចេញពីបារាំងនៅថ្ងៃទី៧ ចូលមកថៃនៅថ្ងៃទី៨។
ទន្ទឹមនឹងនេះ សមត្ថកិច្ចថៃនិងសមត្ថកិច្ចកម្ពុជា បានសហការគ្នាបិទរូបថតលោក សម រង្ស៊ី និង បក្សពួករបស់លោកមួយចំនួនទៀត នៅតាមព្រំដែននៃប្រទេសទាំងពីរ។ ភ្ជាប់ជាមួយរូបថតទាំងនោះ សមត្ថកិច្ចកម្ពុជា បានសរសេរថា លោក សម រង្ស៊ី និង បក្សពួករបស់លោក គឺជាជនក្បត់ជាតិ ដែលត្រូវចាប់ខ្លួន។ សមត្ថកិច្ច បានអំពាវនាវឲ្យប្រជពលរដ្ឋទូទៅ ជួយផ្តល់ដំណឹង បើបានឃើញលោក សម រង្ស៊ី និង បក្សពួករបស់លោក។
ជារឿងគួរឲ្យបារម្ភខ្លាំង ចំពោះការកើតឡើងនូវអរិភាពនិងភាពចលាចល ហើយបង្កឲ្យមានវិនាសកម្មនៅកម្ពុជា បើមានការប៉ះទង្គិចគ្នារវាងកម្លាំងអ្នកប្រឆាំង និងកម្លាំងរដ្ឋាភិបាល។
យ៉ាងណា ប្រជាពលរដ្ឋ មិនត្រូវបែងចែកគ្នាជាក្រុម ដើម្បីគាំទ្រខាងនេះ ឲ្យបង្ក្រាបខាងនោះ ឬក៏គាំទ្រខាងនោះ ឲ្យបង្ក្រាបខាងនេះឡើយ ពីព្រោះថា ប្រសិបើមានអំពើហិង្សាមែន អ្នកដែលរងគ្រោះពិតប្រាកដ គឺប្រជាពលរដ្ឋ។ បទពិសោធនេះ ធ្លាប់មាននៅកម្ពុជារួចហើយ ជាក់ស្តែងដូចកាលពីឆ្នាំ២០១៣។
ជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ មិនត្រូវដើរតាមគន្លងអ្នកនយោបាយរហូតដល់ថ្នាក់ស្លាប់-រស់នោះទេ ហើយមិនត្រូវបែងចែកពណ៌សម្បុរនយោបាយរវាងគ្នានឹងគ្នា និងមិនត្រូវ ចាត់ទុកខ្មែរគ្នាឯងជាសត្រូវឡើយ។
វា ល្មមហើយសម្រាប់ប្រជាពលរដ្ឋ ដែលគប្បីយល់ឲ្យច្បាស់ថា ការទទួលឥទ្ធិពល និងការដើរតាមវិថីអ្នកនយោបាយស្លាប់រស់រៀងៗខ្លួន រហូតដល់ស្អប់ខ្ពើមប្រជាពលរដ្ឋជាតិសាសន៍ខ្លួនឯងបែបនេះ គឺជាដើមចម ដែលបណ្តាលឲ្យជាតិទាំងមូល ជួបការបែកបាក់យ៉ាងធ្ងន់ធ្ងរ។ ហើយវា ក៏លើសពីភាពគ្រប់គ្រាន់ដែរ សម្រាប់អ្នកនយោបាយ ដែលគួរតែយកផលវិបាកនៃការឈ្លោះគ្នា មកធ្វើជាមេរៀន ដើម្បីប្រែក្លាយប្រទេសជាតិឲ្យមានសាមគ្តីភាព។ «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»៕