ជាតិ
ក្រសួង ត្រៀម​ពេទ្យ និង​រថយន្ត​សង្គ្រោះ​៦៨​គ្រឿង ដើម្បី​សង្គ្រោះ​ពលរដ្ឋ​នៅ​ថ្ងៃ​អុំទូក​
07, Nov 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ត្រៀម​ក្រុមគ្រូពេទ្យ​ជាច្រើន​នាក់ និង​រថយន្ត​សង្គ្រោះ​ចល័ត​ចំនួន ៦៨​គ្រឿង រួមទាំង​តង់​សុខភាព​ចំនួន ១២​ទីតាំង ដើម្បី​ពិនិត្យ ព្យាបាល និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព ក្នុងអំឡុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​។

 

 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី ៥ វិច្ឆិកា បញ្ជាក់ថា តង់​សុខភាព​ទាំង​១២​កន្លែង ដែល​ផ្ដល់​សេវា​ពិនិត្យ​សុខភាព ២៤​ម៉ោង ត្រូវបាន​ដាក់ពង្រាយ​តាម​ទីតាំង​សំខាន់ៗ​មួយចំនួន ជុំវិញ​បរិវេណ​រៀបចំ​ពិធីបុណ្យ​អុំទូក​។ ទីតាំង​ទាំងនោះ មានដូចជា មជ្ឈមណ្ឌល​កោះ​ពេជ្រ​, ស្ដូប​កម្ពុជា​-​វៀតណាម​, សួនច្បារ​មុខ​នាយកដ្ឋានអង្គរក្ស​, បរិវេណ​សណ្ឋាគារ​រណ​សិរ្ស​, មុខ​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​, ក្បែរ​វេទិកា​កិត្តិយស​ខាងត្បូង និង​ខាងជើង​, មុខ​វត្ត​ឧណ្ណាលោម ព្រះ​គន្លង​, ផែ​ថ្ម​រាជធានី​ភ្នំពេញ​, គល់ស្ពាន​បេ​ឡេ​ត្រើយ​ខាងកើត​, ខាងត្បូង​គល់ស្ពាន​បេ​ឡេ​ត្រើយ​ខាងកើត មណ្ឌល OCIC និង​រង្វង់​មូល​នាង​មច្ឆា​មណ្ឌល OCIC​។​
 
​សេវា​រថយន្ត​សង្គ្រោះ និង​ការពិនិត្យ ក៏ត្រូវ​ដាក់​ប្រចាំ​ការព្យាបាល​នៅតាម​តង់​សុខភាព​នីមួយៗ​ដែរ​។ ក្រសួង​បាន​ត្រៀម​រថយន្ត​គ្លីនិក​ចល័ត ៤​គ្រឿង​ទៀត ដើម្បី​ផ្ដល់​សេវា ២៤​ម៉ោង នៅ​ទីតាំង​ចំនួន ៤ គឺ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​,​មុខ​វត្ត​បទុម​វ​ត្តី​,​ជ្រោយចង្វារ​មណ្ឌល OCIC និង​នៅ​ជ្រោយចង្វារ​ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ ក្រៅពីនេះ ក៏​នឹង​ក្រុមគ្រូពេទ្យ​ចល័ត​ក្នុង​ហ្វូង​ប្រជាពលរដ្ឋ ដោយមាន​ឯកសណ្ឋាន​ពេទ្យ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ផងដែរ​។ 
 
​ក្រៅពី​ត្រៀម​ផ្តល់​សេវា​សង្គ្រោះ​ទាំងនេះ ក្រសួងសុខាភិបាល ក៏បាន​ប្រាប់​ប្រជាពលរដ្ឋ​ចេះ​ការពារ និង​រក្សា​សុខភាព​ផ្ទាល់ខ្លួន​ឲ្យ​បានល្អ​ដែរ ដោយ​ចូលរួម​ការពារ ទប់ស្កាត់​ការចម្លង​រោគ​ឆ្លង​នានា និង​ការពារ​ការ​រាករូស ឬ​ពុល​អាហារ​ជាដើម​៕

Tag:
 អុំទូក​
  ក្រសួងសុខាភិបាល​
  រថយន្ត​សង្គ្រោះ​
  គ្រូពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com