កីឡាជាតិ
ជាតិ
មុន​ប៉ះគ្នា ខុន ស៊ី​ចាន់ និង Roshan Mainam ឌឺដង​ដាក់គ្នា​ទៅវិញទៅមក​
07, Nov 2019 , 9:19 am        
រូបភាព
កីឡាករ ខុន ស៊ីចាន់ ពេលទទួបានជោគជ័យនាពេលកន្លងទៅ
កីឡាករ ខុន ស៊ីចាន់ ពេលទទួបានជោគជ័យនាពេលកន្លងទៅ
ដោយ: ថ្មីៗ
​អ្នកលេង​គុន​ចម្រុះ ខុន ស៊ី​ចាន់ មកពី​ក្លិប Phnom Penh MMA ត្រូវ​ប៉​ហ​ជើង​ខ្លាំង​មកពី​ឥណ្ឌា Roshan Mainam ក្នុង​កម្មវិធី ONE: Master of Fate នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ ស៊ី​ចាន់ ជា​អ្នកលេង​គុន​ខ្មែរ ខណៈ Roshan Mainam ជា​កីឡាករ​ចំបាប់​។ មុន​ការប្រកួត​មកដល់ កីឡាករ​គុន​ចម្រុះ​ដែល​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់ Flyweight ទាំងពីរ​បាន​ផ្ញើ​សារ​ឌឺដង​ដាក់គ្នា​ពី​ចំណុចខ្លាំង​របស់​ដៃគូ និង​ការ​ផ្តួល​រៀងៗ​ខ្លួន​។

 
 
​ស៊ី​ចាន់ ដែលមាន​បទពិសោធ​ប្រកួត​នៅលើ​សង្វៀន ONE Championship ចំនួន​៤​ដង​បាន​ថ្លែងថា​៖«​ខ្ញុំ​ដឹងថា Roshan គេ​ពូកែ​ចូលចាប់​បោក និង​ផ្ដួល ព្រោះ​គេ​ជា​កីឡាករ​ហាត់​ខាង​ចំបាប់​ពីមុន​។ ប៉ុន្តែ​ខ្ញុំ​ខ្លាំង​ការពារ ឥឡូវនេះ​ខ្ញុំ​ហ្វឹកហាត់​បានល្អ​។ បើសិន​ខ្ញុំ​អាច​ការពារ​ក្បាច់ Roshan ចូល​ផ្ដួល​ហ្នឹង​បាន គឺ​ខ្ញុំ​សង្ឃឹម​ឈ្នះ​៩០​ភាគរយ​»​។​


 
​កូនសិស្សលោក Alan Mccune បោះជុំរុំ​ហ្វឹកហាត់​ត្រៀមខ្លួន​បានល្អ​ជាង​ការប្រកួត​មុនៗ ជាពិសេស​បាន​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​កម្រិត​អន្តរជាតិ​ពីររូប​មកពី​អាមេរិក​រួមមាន​លោក Fernando Salvador គ្រូបង្វឹក​ជឺ​ជិត​ស៊ូ​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់ និង​លោក Chris Kennedy គ្រូបង្វឹក​ជី​ជិត​ស៊ូ​ខ្សែក្រវាត់​ពណ៌​ត្នោត រួមទាំង​អ្នក​ជួយ​សម​ប្រកួត​ជា​ហូរហែ​។​
 
​អ្នកលេង​គុន​ចម្រុះ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​សង្កត់ធ្ងន់ថា​៖«​បើ​មានឱកាស ខ្ញុំ​អាច​វា​បក​ក្បាច់គុន​ចម្រុះ ឬ​គុន​ខ្មែរ​ទៅតាម​កាលៈទេសៈ​។ ខ្ញុំ​ដោះ​ឃ្លេ​ឲ្យ​លឿន និង​វាយបក​»​។ អតីត​កូនសិស្សលោក ឡោ វុទ្ធី ក៏​ទទួលស្គាល់ថា រូបគេ​ចាញ់​ប្រៀប​បន្តិច​លើ​ការប្រកួត​នៅលើ​ក្ដារ​រេញ ឬ​ជំហរ​ដេក ប៉ុន្តែ​១០០​ភាគរយ​ខ្ញុំ​មានប្រៀប​លើ​ក្បាច់​ឈរ​»​។ ស៊ី​ចាន់ ដែលជា​កីឡាករ​តែ​ម្នាក់​តំណាង​កម្ពុជា​ក្នុង​កម្មវិធី​នេះ​ប្តេជ្ញា​ថា ខ្លួន​នឹងមិន​បណ្ដោយ​ឲ្យ​កីឡាករ​ឥណ្ឌា​នៅ​ពីលើ​ស្រួលៗ​ឡើយ​។​
 
​ឆ្លើយឆ្លង​ទៅនឹង ខុន ស៊ី​ចាន់  Roshan Mainam បាន​បង្ហើប​ថា​៖«​គ្រូបង្វឹក​របស់ខ្ញុំ និង​មិត្ត​រួម​ក្រុម​នៅ EVOLVE MMA ត្រៀមខ្លួន​បានល្អ​ទល់នឹង ខុន ស៊ី​ខាន់​។ ខ្ញុំ​គិតថា​ល្អ​ណាស់​ខ្ញុំ​ត្រៀម​រួចរាល់​ហើយ​។ ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា ស៊ី​ចាន់ ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច​និង​ផ្លាស់​ទី​បាន​លឿន​។ ខ្ញុំ​បាន​យល់​អំពី​ការប្រកួត​របស់គេ​»​។ 
 


 កីឡាករ Roshan-Mainam
 
Roshan គូសបញ្ជាក់ថា​៖«​ខ្ញុំ​ផ្ដោតអារម្មណ៍​គ្រប់ពេល ហើយ​បើ​មានឱកាស​ខ្ញុំ​វ៉ៃ​យកឈ្នះ​តែម្ដង​។ ខ្ញុំ​បានរៀបចំ​ផែនការ​រួចហើយ​តាំងពី​ការចាប់ និង​ប្រយុទ្ធ​។ ខ្ញុំ​មាន​ផលចំណេញ​លើ​ការប្រយុទ្ធ​ក្បាច់​ដេក​លើ ស៊ី​ចាន់ ហើយ​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ​»​។​
Roshan អះអាង​ទៀតថា​៖«​ខ្ញុំ​នឹង​បញ្ចប់ ខុន ស៊ី​ចាន់ នៅ​ទឹក​ទី​១»​។​
 
Roshan រៀបរាប់ថា កីឡាករ MMA នៅ​ឥណ្ឌា​មាន​ច្រើន​ឥឡូវនេះ ហើយ​កំពុងតែ​រីកចម្រើន​ច្រើន​ឡើងលើ​កីឡា​ប្រយុទ្ធ​។ Roshan ប្រាប់​ដល់​អ្នកគាំទ្រ​ឥណ្ឌា​ថា រូបគេ​នឹងដាក់​សម្ពាធ​លើ ស៊ី​ចាន់ រហូត និង​គ្រប់គ្រង​ការប្រកួត​នៅលើ​សង្វៀន ហើយ​វា​ជាការ​ប្រកួត​ដ៏​រំភើប​សម្រាប់​អ្នកគាំទ្រ និង​អ្នកទស្សនា​ផ្ទាល់​។​
 
 
​គួរ​ដឹងថា ខុន ស៊ី​ចាន់ ជា​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​១​ដែល​រៀបចំ​ដោយ MyTV និង ស៊ី​ធី​អិន នៅ​ឆ្នាំ ២០១៣​។ ស៊ី​ចាន់ ឡើង​សង្វៀន ONE Championship បាន​ចំនួន​៤​ដង​ក្នុងនោះ​ឈ្នះ​១​ដង និង​ចាញ់​៣​ដង​។ ស៊ី​ចាន់ ចាញ់ មិត្ត​រួម​ជាតិ ស៊ឹម ប៊ុន​ស្រ៊ន់ កាល ONE រៀបចំ​នៅ​ខ្មែរ​ឆ្នាំ​២០១៥, ចាញ់ Yodsanan Sityodtong កាល​ពាក់កណ្ដាល​ឆ្នាំ​២០១៦,​ឈ្នះ RiskiUmar នៅ​ឆ្នាំ​២០១៨ និង​ចាញ់ Rudy Agustian នៅ​ដើមឆ្នាំ​២០១៩ នៅ​សិង្ហ​បុរី​។ 


 
​ចំណែក Roshan Mainam គឺជា​ការឡើង​សង្វៀន ONE Championship លើកដំបូង​។ ប៉ុន្តែ​រូបគេ​បាន​ឡើង​ប្រកួត​គុន​ចម្រុះ​នៅ​ឥណ្ឌា​ចំនួន​៥​ដង ក្នុងនោះ​ឈ្នះ​៣​ដង និង​ចាញ់​២​ដង​។ ២​ប្រកួត​ចុងក្រោយ Roshan ឈ្នះ Ateet Kelvin Gupta តែ​មិនអាច​សងសឹក​លើ Kantharaj Shankar Agasa នៅ​ដើមឆ្នាំ​២០១៨ ដែល​ធ្លាប់​ចាញ់​កាល​ឆ្នាំ​២០១៧ ឡើយ​៕ 

Tag:
 គុន​ខ្មែរ​
  គុន​ចម្រុះ​
  ខុន ស៊ី​ចាន់​
  Roshan Mainam
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com