កីឡាជាតិ
ជាតិ
បឹងកេតគ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង
× ក្រុមបាល់ទាត់បឹងកេតបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង ក្រោយយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងដោយបាល់កាត់សេចក្តី ៥-៤ នៅវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន R.S.N នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
នាការប្រកួតដ៏ស្វិតស្វាញនៅកីឡដ្ឋាន R.S.N ក្រុមបឹងកេតបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយព្រះខ័នរាជស្វាយរៀងនៅវគ្គទី១ ទោះមានការសម្រុកដាក់គ្នាទៅវិញទៅមកក៏ដោយ។ ការប្រកួតដំណើរការបានពីរនាទី ខ្សែប្រយុទ្ធវ័យក្មេង ម៉ុន វ៉ាន់ដា បានបង្កើតភាពសប្បាយរីករាយដល់អ្នកគាំទ្រក្រុមបឹងកេត បន្ទាប់ពីរូបគេតែតបាល់បញ្ចូលយ៉ាងល្អឲ្យបឹងកេតនាំមុខ ១-០ ក្រោយការលើករបស់កីឡាករ ជា វេស្លី។
ចាន់ វឌ្ឍនាកា ដែលគេរំពឹងថា ជាកីឡាករគ្រោះថ្នាក់សម្រាប់ព្រះខ័នរាជស្វាយរៀង ត្រូវបានប្តូរចេញជំនួសដោយកីឡាករ ម៉ាត់ នូរុណ ក្រោយរងរបួសកជើង។ ក្រោយការនាំមុខរបស់បឹងកេត បានជំរុញឲ្យកីឡាកររបស់ព្រះខ័នរាជស្វាយរៀងប្រឹងប្រែងខ្លាំង និងបានគ្រប់គ្រងបាល់យ៉ាងច្រើន ដើម្បីដាក់សម្ពាធលើក្រុមបឹងកេត។ កីឡាករស្វាយរៀង បានស៊ុតជាបន្តបន្ទាប់មកលើក្រុមបឹងកេត តែមិនអាចទម្លុះរបាំងការពារដ៏រឹងមាំរបស់ ហ៊ុល គីមហ៊ុយ។
នៅនាទីទី៧០ កីឡាករ សេត រ៉ស៊ីប ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្រោយកីឡាករព្រះខ័នរាជស្វាយរៀងទាត់បាល់ទៅប៉ះដៃរបស់គេនៅមុខទីរបស់បឹងកេត។ ការពិន័យនេះជាឱកាសរកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ព្រះខ័នរាជស្វាយរៀង តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ នុប តុលា។
ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា ដែលរកគ្រាប់បាល់បើកឆាកឲ្យបឹងកេតត្រូវផ្លាស់ប្តូរចេញជំនួសដោយខ្សែការពារ ទូច បញ្ចរ៉ុង ដើម្បីស្តារស្ថានការណ៍ឲ្យមានភាពប្រសើរឡើង។ ទោះបីបឹងកេតនៅសល់តែសមាជិក១០រូប តែពួកគេធ្វើបានយ៉ាងល្អ តាមរយៈការរារាំងមិនឲ្យមានការស៊ុតបញ្ចូលទីពីកីឡាករព្រះខ័នរាជស្វាយរៀង។ មិនត្រឹមតែប៉ុណ្ណោះពួកគេបានបង្កើតឱកាសម្តងម្កាលផងដែរ។
បឹងកេតបានរក្សាស្ថានភាពបានយ៉ាងល្អ ទោះមានការសម្រុកយ៉ាងពីព្រះខ័នរាជស្វាយរៀង។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។ ឈានដល់វគ្គថែម១៥នាទីពីរដង កីឡាកររបស់ក្រុមទាំងពីរហាក់ថមថយកម្លាំងរៀងៗខ្លួន ដែលជាហេតុធ្វើឲ្យគ្មានការស៊ុតបញ្ចូលទីនៅវគ្គនេះ។
ឈានដល់ការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ អ្នកចាំទី អាំ សុវណ្ណារ៉ាត់ របស់ព្រះខ័នរាជស្វាយរៀងធ្វើបានយ៉ាងល្អ តាមរយៈការរារាំងបានសម្រេចពីការស៊ុតបើកឆាករបស់កីឡាករ ឃួន ឡាបូរ៉ាវី។ បន្ទាប់មកកីឡាករ ប្រាក់ មុន្នីឧត្តម ទាត់បាល់លើកទី១បានសម្រេច ដើម្បីជួយឲ្យព្រះខ័នរាជស្វាយរៀងនាំមុខ ១-០ តែកីឡាករ ម៉ាត់ នូរុណ ទាត់តាមស្មើ ១-១ ឲ្យបឹងកេត។
ខ្សែប្រយុទ្ធ សុក សំណាង ទទួលភារៈទាត់បាល់ទី២សម្រាប់ស្វាយរៀង តែធ្វើមិនបានសម្រេច ក្រោយអ្នកចាំទី ហ៊ុល គីមហ៊ុយ ហក់ទះចេញបានយ៉ាងល្អ។ កីឡាករ លី មីហ្សាន បានទាត់បាល់ទី៣ឲ្យបឹងកេតបានសម្រេច តែត្រូវតាមស្មើ ២-២ ប្រធានក្រុមសឿយ វិសាល។ បឹងកេតបន្តនាំមុខ ៣-២ ជាថ្មីក្រោយការទាត់បានសម្រេចពីប្រធានក្រុម ហុង ផេង តែត្រូវតាមស្មើ ៣-៣ ដោយ សំអឿន ពិដោរ។ ម៉ាត់ យ៉ាមីន និង សួន សុវណ្ណ ទាត់បាល់ទី៥បានសម្រេចរៀងៗខ្លួន។
ឈានដល់ការទាត់បាល់កាត់សេចក្តីទី៦ កីឡាករ លី វ៉ាហេទ ធ្វើបានយ៉ាងល្អ ដើម្បីបង្កើនការនាំមុខ ៥-៤ សាជាថ្មីឲ្យបឹងកេត។ អ្នកចាំទី ហ៊ុល គីមហ៊ុយ ធ្វើយ៉ាងល្អក្នុងការសង្គ្រោះបាល់ពីការទាត់របស់កីឡាករ ហូយ ផល្លីន ដើម្បីជួយឲ្យបឹងកេតក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង។ អ្នកចាំទីរូបនេះ បានក្លាយជាកីឡាករល្អជាងគេប្រចាំពានរង្វាន់នេះ៕
Tag:
បាល់ទាត់
Hun Sen Cup 2019
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com