ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ពលរដ្ឋកុំឱ្យព្រួយបារម្ភរឿងនយោបាយ នៅថ្ងៃទី៩ វិច្ឆិកា
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋកុំឱ្យព្រួយបារម្ភពីរឿងនយោបាយ ដែលកើតឡើងនៅថ្ងៃទី៩ វិច្ឆិកា និងបុណ្យអុំទូក។ សម្ដេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តជាធម្មតា នៅក្នុងពិធីបុណ្យអុំទូកនេះ។
ពីពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៧ វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា គ្មានការវាយតប ឬប្រើប្រាស់ហិង្សាណាមួយ នៅក្នុងរាជធានីភ្នំពេញឡើយ ព្រោះសមត្ថកិច្ចអាចទប់ស្កាត់ស្ថានការណ៍បានជាធម្មតា។ និយាយចំណុចនេះ ប្រមុខរដ្ឋាភិបាល បានលើកភ្ជាប់ទៅរឿងនយោបាយរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលគ្រោងមកកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា បើសិនជាមេដឹកនាំបក្សប្រឆាំងអាចចូលមកកម្ពុជាបានមែននោះ គឺសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនពួកគេភ្លាម ដោយមិនធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។
«ផ្តាំផ្ញើទៅឪពុក-ម្តាយនៅស្រុកកំណើត ដែលបានឲ្យកូនត្រឡប់ទៅផ្ទះខ្លាចវៃគ្នានោះ គឺគ្មានរឿងនេះកើតឡើងទេ ព្រោះបើវៃមែនគឺមានតែ៩នាក់ប៉ុណ្ណោះដែលជាមុខសញ្ញា»។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ដែលបន្ថែមថា មនុស្សទាំង៩នាក់ ដែលសមត្ថកិច្ចត្រៀមចាប់ខ្លួននោះ គឺសំដៅទៅលោក សម រង្ស៊ី និងគូកនក្រុមបក្សប្រឆាំង។
លើកឡើងបែបនេះហើយ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានយល់ព្រមចូលរួមសហការចាត់វិធានការលើមេដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ តាមសំណើរបស់កម្ពុជាហើយ។
ចំណែកក្រុមសកម្មជន និងគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងសម្ងំលាក់ខ្លួន ត្រៀមធ្វើសកម្មភាពនៅថ្ងៃទី៩ វិច្ឆិកា និងបុណ្យអុំទូកនោះ ក៏ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានដែរ។ នេះបើតាមនាយករដ្ឋមន្ត្រីកម្ពុជា៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com