អន្តរជាតិ
រដ្ឋាភិបាល​ស៊ី​ប​ផ្តើម​នីតិវិធី​ដកហូត​សញ្ជាតិ​បុគ្គល​២៦​នាក់ ដែលមាន​ជនជាតិ​ចិន រុស្ស៊ី និង​ខ្មែរ​៨​រូប​…
07, Nov 2019 , 12:19 pm        
រូបភាព
លិខិតឆ្លងដែនស៊ីប (AFP)
លិខិតឆ្លងដែនស៊ីប (AFP)
ដោយ:
​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ី​ប (Cyprus) បាន​អះអាងថា ខ្លួន​បានចាប់ផ្តើម​ដំណើរការ​ដកហូត​សញ្ជាតិ​បុគ្គល​២៦​នាក់ ដែល​ពួកគេ​ទទួលបាន​ក្រោម​កម្មវិធី​ទាក់ទាញ​វិនិយោគ​របស់​ជាតិ​។ តាម​ប្រភព​រដ្ឋាភិបាល​ស៊ី​ប ក្នុងចំណោម​បុគ្គល​ទាំង​២៦​នាក់​នោះ គឺមាន​ជនជាតិ​កម្ពុជា​៨​នាក់​។ ទន្ទឹមនេះ​រដ្ឋាភិបាល​ស៊ី​ប​ក៏​សារភាព​ពី​ភាព​ចន្លោះប្រហោង​នៃ​ការអនុវត្ត​នីតិវិធី​ផ្តល់​សញ្ជាតិ​របស់ខ្លួន​ផងដែរ​។

  
 
«​គណៈរដ្ឋមន្ត្រី បានសម្រេច​ផ្តួចផ្តើម​នីតិវិធី​ដកហូត​សញ្ជាតិ​ស៊ី​ប​ពី​បុគ្គល​ចំនួន​២៦​នាក់​»​។ រដ្ឋមន្ត្រី​មហាផ្ទៃ​ស៊ី​ប លោក Constantinos Petrides ប្រាប់​អ្នកកាសែត​បែបនេះ​ក្រោយ​ជំនួប​៤​ម៉ោង នៅ​ថ្ងៃ​ពុធ​ទី ៦ វិច្ឆិកា​។ លោក​សង្កត់ធ្ងន់ថា គណៈរដ្ឋមន្ត្រី​ស៊ី​ប​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុងការ​គោរព​យ៉ាង​ម៉ឹង​មាត់​នូវ​លក្ខខណ្ឌ​នៃ​កម្មវិធី​វិនិយោគ​របស់​ប្រទេស​។ 
 
​ទោះជា​ប្រកាស​ពី​ដំណឹង​ដកហូត​នេះ លោក​រដ្ឋមន្ត្រី Petrides ពុំបាន​បញ្ជាក់​ពី​អត្តសញ្ញាណ ឬ​ជនជាតិ​របស់​បុគ្គល​ដែល​នឹងត្រូវ​ដកហូត​សញ្ជាតិ​នោះឡើយ​។ ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ស៊ី​បម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា បុគ្គល​ទាំង​២៦​នាក់ ដែល​នឹងត្រូវ​បាត់បង់​សញ្ជាតិ​ស៊ី​ប​នោះ មានដូចជា ជនជាតិ​ចិន​៥​នាក់​, រុស្ស៊ី​៩​នាក់​, កម្ពុជា​៨​នាក់​, ម៉ាឡេស៊ី​១​នាក់​, អ៊ីរ៉ង់​១​នាក់ និង​កេ​ន​យ៉ា​២​នាក់​។ 
 
​ទន្ទឹមនឹង​ការបញ្ជាក់​ពី​ការបើក​នីតិវិធី​ដកហូត​សញ្ជាតិ លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​ស៊ី​ប​រូបនេះ ក៏បាន​ទទួលស្គាល់​ពី​កំហុស​នៃ​ការអនុវត្ត​ធូរ​លុង​ចំពោះ​ការផ្តល់​សញ្ជាតិ​។ លោក Petrides អះអាង​បែបនេះ​ថា វា​មាន​កំហុស ហើយ​កំហុស​នោះ​គឺ​ត្រង់​ថា រដ្ឋាភិបាល​ស៊ី​ប ពុំមាន​គោលការណ៍​ច្បាស់លាស់ ជាពិសេស សម្រាប់​មនុស្ស​ដែល​ចាត់ទុកថា «​មាន​ហានិភ័យ​ខ្ពស់​»​។ 
 
​មែនទែនទៅ ការដកហូត​សញ្ជាតិ​បែបនេះ​គឺជា​រឿង​កម្រ​បំផុត ហើយ​សកម្មភាព​របស់​រដ្ឋាភិបាល​ស៊ី​ប​នេះ កើតឡើង​ក្រោយពី​អាជ្ញាធរ​ខ្លួន​បាន​បើក​ការស៊ើបអង្កេត ក្រោយ​លេច​ធ្លាយ​របាយការណ៍​មួយ​។ របាយការណ៍​នោះ​គឺ ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ខែ​មុន ដែល​បាន​បង្កើតជា​សំណួរ​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព ដែល​អាជ្ញាធរ​ស៊ី​ប​ត្រួតពិនិត្យ​ល្អិតល្អន់​ពី​ជីវប្រវត្តិ​របស់​បុគ្គល​ដែល​ត្រូវ​បានផ្តល់​សញ្ជាតិ​។ 
 
​នៅក្នុង​របាយការណ៍​នេះ ក៏បាន​ទម្លាយ​ដែរ​ថា សមាជិកគ្រួសារ​និង​មនុស្ស​ជំនិត​របស់​មេដឹកនាំ​កម្ពុជា មានទ្រព្យ​សម្បត្តិ​នៅ​បរទេស​ដែល​ស្មើនឹង​១០​លាន​ដុល្លារ ហើយ​អ្នក​ទាំង​នោះបាន​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ពួកគេ​ទិញ​សញ្ជាតិ​បរទេស​។ បើតាម​ការស៊ើបអង្កេត​របស់ Reuters សាច់ញាតិ ឬ​ជំនិត​របស់​មេដឹកនាំ​កម្ពុជា​៨​នាក់​ដែល​ក្នុងនោះ​គឺមាន​អគ្គស្នងការ​ប៉ូលិស​ជាតិ និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ទទួលបាន​សញ្ជាតិ​ស៊ី​ប​ក្នុង​ឆ្នាំ​២០១៦ និង​២០១៧​។ 
 
​សូមបញ្ជាក់ថា ចំណុច​ពិសេស​របស់​សញ្ជាតិ​ស៊ី​ប​គឺថា អ្នក​កាន់​លិខិតឆ្លងដែន​ស៊ី​ប នឹង​ក្លាយជា​សញ្ជាតិ​អ៊ឺរ៉ុប ហើយ​អាច​ធ្វើការ និង​ធ្វើដំណើរ​ដោយ​សេរី​ក្នុង​ប្លុក​ប្រទេស​ទាំង​២៨​នេះ​។ បច្ចុប្បន្ន លិខិតឆ្លងដែន​ស៊ី​ប​ជិត​៤០០០ ត្រូវបាន​ផ្តល់​ឲ្យ​អ្នកវិនិយោគ​ដែល​បោះទុន​វិនិយោគ​យ៉ាងតិច​២,២​លាន​ដុល្លារ ក្រោម​កម្មវិធី​ទាក់ទាញ​ការវិនិយោគ​របស់​ប្រទេស​ស៊ី​ប​។ ហើយ​រដ្ឋាភិបាល​ស៊ី​ប រកលុយ​បាន​ប្រមាណ ៧,៨​ពាន់​ពី​កម្មវិធី​វិនិយោគ​នេះ គិត​ចាប់ពី​ដំណើរការ​កម្មវិធី​ក្នុង​ឆ្នាំ​២០១៣​មក​។ 
 
​សហភាព​អឺរ៉ុប កាលពី​ខែមករា បាន​ព្រមាន​ប្រទេស​ស៊ី​ប និង​ប្រទេស​ផ្សេង​ទៀតថា ពួកគេ​ត្រូវតែ​ពង្រឹង​នីតិវិធី​សាកសួរ​ជីវប្រវត្តិ បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ថា ជនជាតិ​នៃ​ប្រទេស​ទី​៣ កំពុង​ប្រើប្រាស់​កម្មវិធី​ទាក់ទង​ការវិនិយោគ​នេះ​ក្នុង​គោលដៅ​លាងលុយកខ្វក់ និង​បំពាន​ច្បាប់​ពន្ធដារ​៕
 

Tag:
 ស៊ី​ប​
  សញ្ជាតិ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com