កីឡាជាតិ
ជាតិ
តាមកំណត់ត្រា វ៉ាន វ៉ុន មានភាគរយខ្ពស់ក្នុងការឈ្នះកៅអីអូឡាំពិកនៅទីក្រុងតូក្យូ
07, Nov 2019 , 12:39 pm        
រូបភាព
កីឡាករ វ៉ាន វ៉ុន ពេលចូលរួមប្រកួតប៉ារ៉ាឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកាលពីអំឡុងឆ្នាំ២០១៦
កីឡាករ វ៉ាន វ៉ុន ពេលចូលរួមប្រកួតប៉ារ៉ាឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកាលពីអំឡុងឆ្នាំ២០១៦
ដោយ:
កីឡាករអត្តពលកម្មជនពិការផ្នែកជិះរទេះ វ៉ាន វ៉ុន មានការជឿជាក់លើសមត្ថភាពខ្លួនឯងយ៉ាងខ្លាំង ក្នុងការប្រជែងដណ្តើមកៅអីទៅចូលរួមប្រកួតប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុននៅឆ្នាំ២០២០។ ការប្រកួតដែលរៀបចំនៅទីក្រុងអាប៊ុយដាប៊ីប្រទេសអេមីរ៉ាតអារ៉ាប់រួមនេះ កីឡាករ វ៉ាន វ៉ុន នឹងប្រកួតលើវិញ្ញាសា T54 ចម្ងាយ១០០ម៉ែត្រ ដែលនឹងចាប់ផ្តើមប្រកួតនៅរសៀលថ្ងៃទី៧ វិច្ឆិកា នេះ ដោយមានអត្តពលិកមកពីជាង១០០ប្រទេសចូលរួម។



កីឡាករ វ៉ាន វ៉ុន ជឿជាក់ថា ខ្លួននឹងទទួលបានកៅអីពេញសិទ្ធិជាលើកដំបូង ទៅចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិក ដែលរៀបចំនៅទីក្រុងតូក្យូប្រទេសជប៉ុន នាឆ្នាំ២០២០។ ការប្រជែងដណ្តើមកៅនេះ ធ្វើឡើងក្នុងការប្រកួតកីឡាអត្តពលកម្មជនពិការជ្រើសរើសជើងឯកពិភពលោកនៅទីក្រុងអាប៊ុយដាប៊ីប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៧-១៥ វិច្ឆិកា ឆ្នាំ២០១៩។

កត្តាដែលធ្វើឲ្យរូបគេជឿជាក់បែបនេះ ដោយសារថេរវេលាដែលគេធ្វើបានបច្ចុប្បន្នលើសពីអ្វី ដែលគេកំណត់ក្នុងការ Qualified កៅអីអូឡាំពិក។ «ប្រសិទ្ធផលរបស់ខ្ញុំល្អប្រសើរច្រើន ជាងខ្ញុំទៅចូលរួមប្រកួត Asian Para Games នៅប្រទេសឥណ្ឌូណេស៊ី។ បើតាមគ្រូបង្វឹក ខ្ញុំអាចធ្វើបានចន្លោះពី១៤.៤០ ទៅ ១៤.៦០វិនាទី លើចម្ងាយ១០០ម៉ែត្រ ខណៈ Qualified នៅអេមីរ៉ាតអារ៉ាប់រួមគេយករហូត១៤.៧០វិនាទី។ ដូច្នេះធ្វើឲ្យខ្ញុំមានសង្ឃឹមច្រើនក្នុងការឈ្នះកៅអីទៅតូក្យូ»។ នេះជាការបង្ហាញក្តីរំពឹងរបស់កីឡាករ វ៉ាន វ៉ុន ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានមុនចេញដំណើរទៅអេមីរ៉ាតអារ៉ាប់រួម។

ទោះបីរទេះរបស់ខ្លួនមិនសូវល្អដូចប្រទេសផ្សេងៗ តែសម្រាប់កីឡាករ វ៉ាន វ៉ុន វាមិនមែនជាឧបសគ្គនោះទេ ដ្បិតរូបគេបានហ្វឹកហាត់ជាមួយរទេះដែលយកទៅចូលរួមប្រណាំងលើកនេះឡើងស៊ាំទៅហើយ។ អ្វីដែលជាក្តីបារម្ភសម្រាប់គេ គឺត្រូវខិតខំធ្វើយ៉ាងណាដណ្តើមយកកៅអីទៅចូលរួមប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូឲ្យបាន។

«ខ្ញុំមិនចង់និយាយពីរឿងសម្ភារនោះទេ ព្រោះខ្ញុំយល់ថា អ្វីក៏ដោយវាអាស្រ័យលើឆន្ទៈ។ ព្រោះរាល់ថ្ងៃយើងហាត់ជាមួយវា(រទេះ) យើងមិនបានហាត់ជាមួយសម្ភារថ្លៃៗណានោះទេ ដូចនេះយើងយល់ចិត្តវា ហើយវាក៏យល់ចិត្តយើង។ យើងកុំខ្វល់ជាមួយសម្ភារ អ្វីដែលត្រូវខ្វល់ គឺខិតខំធ្វើយ៉ាងណា សម្រេចឲ្យបាននូវអ្វីដែលគេបានកំណត់ក្នុងការ Qualified»។ នេះការបង្ហាញការប្តេជ្ញាចិត្តរបស់កីឡាករ វ៉ាន វ៉ុន។

បើតាមលោក យី សុភ័ក្ត្រា ប្រធានប្រតិភូ និងជាគ្រូបង្វឹក មានតែកីឡាករ វ៉ាន វ៉ុន ម្នាក់ប៉ុណ្ណោះ ដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនឲ្យចូលរួមការប្រកួតនេះ ដោយសាររូបគេមានកំណត់ត្រាដូចនឹងអ្វីដែលបានកំណត់។ សម្រាប់ការប្រកួតនេះគេកំណត់យកកីឡាករមានកំណត់ត្រាចាប់ពី១៥.១៥ចុះក្រោម។ តាមពិតកីឡាកររត់ប្រណាំង ជឹម ផាន ក៏ជាសមាសភាពមួយរូបដែរ តែត្រូវអវត្តមានដោយសាររបួស។

សម្រាប់ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកពិភពលោកនេះ មានអត្តពលិកមកពីជាង១០០ប្រទេសចូលរួម។ បើតាមលោក យី សុភ័ក្ត្រា ក្នុងចំណោមកីឡាករទាំងនេះមានតែ៤រូបប៉ុណ្ណោះ ដែលទទួលបានកៅអីឡើងទៅចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុន នាឆ្នាំ២០២០។ កីឡាករ វ៉ាន វ៉ុន ដែលលេងលើវិញ្ញាសារទេះ១០០ម៉ែត្រ ត្រូវប្រកួតនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកានេះ៕

Tag:
 អត្តពលកម្មជនពិការ
  វ៉ាន វ៉ុន
  យី សុភ័ក្ត្
© រក្សាសិទ្ធិដោយ thmeythmey.com