សម្តេច ហ៊ុន សែន ពន្យុះលោក សម រង្ស៊ី ឲ្យហោះត្រង់មកខ្មែរ មិនចាំបាច់ចូលថៃទេ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ពន្យុះលោក សម រង្ស៊ី ឲ្យហោះត្រង់មកខ្មែរ មិនចាំបាច់ចូលថៃទេ
07, Nov 2019 , 1:54 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្និដ្ឋានថា លោក សម រង្ស៊ី នឹងមិនមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នោះទេ ដោយលោក នឹងយកលេសថា ព្រោះអាជ្ញាធរថៃ មិនឲ្យលោក យកទឹកដីថៃធ្វើជាកន្លែងឈរជើង។



ក្នុងពិធីប្រកាសឲ្យប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា សម្តេចនាយករដ្ឋមន្រ្តី ពន្យុះទៅលោក សម រង្ស៊ី ដូច្នេះថា៖«បើថៃមិនឲ្យចូល ម៉េចមិនជិះយន្តហោះ មកចុះនៅសៀមរាប ចុះនៅភ្នំពេញតែម្តងទៅ។ ម៉េចចាំបាច់មកតាមនុ៎ង [ថៃ]?»។

លោក សម រង្ស៊ី បានបង្ហោះសំបុត្រយន្តហោះលើបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងសំណេរថា លោក នឹងហោះចេញបារាំងនៅថ្ងៃទី៧ ចូលមកថៃនៅថ្ងៃទី៨ ហើយនឹងដើរជាមួយពលករ ចូលមកកម្ពុជា តាមច្រកប៉ោយប៉ែត នៅថ្ងៃទី៩ ខែវិច្ឆិកា។ ប៉ុន្តែ កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានប្រាប់អ្នកកសែតថា លោក សម រង្ស៊ី នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទឹកដីថៃឡើយ។

សម្តេច ហ៊ុន សែន ទទួលដំណឹងថា លោក សម រង្ស៊ី បានប្តូរសំបុត្រយន្តហោះខាងលើ ដោយពន្យារពេលមកថ្ងៃទី៩ ខែវិច្ឆិកាវិញ ដើម្បីហោះចេញពីបារាំង ចូលមកថៃ។ ប្រមុខរដ្ឋាភិបាល ថ្លែងបែបនេះថា៖«តើវា យ៉ាងម៉េចឥឡូវហ្នឹង អ្នកគាំទ្រទាំងឡាយ ជឿជាក់បានដែរឬអត់? តិចទៀត នឹងប្រកាសថា នឹងមិនមកទេ ដោយសារថៃមិនឲ្យចូល...»។

យ៉ាងណា ការពន្យុះរបស់ប្រមុខរដ្ឋាភិបាល ឲ្យលោក សម រង្សី​ ជិះយន្តហោះចូលមកកម្ពុជា ហាក់ផ្ទុយពីការព្រមានរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុកអាកាសចរស៊ីវិលនាពេលកន្លងមក។ លោក ម៉ៅ ហាវណ្ណាល់ ព្រមានថា បើក្រុមហ៊ុនយន្តហោះណាមួយ ហ៊ានដឹកលោក សម រង្ស៊ី ចូលមកកម្ពុជា នឹងត្រូវជាប់ចោទពីបទសមគំនិតផ្តួលរំលំរដ្ឋាភិបាល។ 

ជុំវិញ ព័ត៌មាននៃការពន្យារពេលហោះហើរនេះ នៅមិនទាន់មានការបញ្ជាក់ពីលោក សម រង្ស៊ី ផ្ទាល់នោះទេ។ ចំណែក ការប្រកាសថា លោក នឹងចេញពីបារំាងនៅថ្ងៃទី៧នេះ ក៏គេ មិនទាន់ឃើញ លោកបង្ហាញ ឬប្រាប់សាធារណជនលើបណ្តាញសង្គមដែរ៕ 


Tag:
 ហ៊ុន សែន សម រង្ស៊ី
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com