អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ម៉ាច់ និង​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ចុះ MoU​បណ្តុះបណ្តាល​បន្ត​ជំនាញ​គិលានុបដ្ឋាក​
07, Nov 2019 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ម៉ាច់​(MUCH Mobile Health Care) ហៅ​កាត់​ថា MUCH បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​(MoU)​ជាមួយ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ស្តីពី​៖ «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​គិលានុបដ្ឋាក​ការគ្រប់គ្រង​ថែទាំ​អ្នកជំងឺ​» ដល់​បុគ្គលិក​ជំនាញ​គិលានុបដ្ឋាក នៅតាម​ស្ថាប័នរដ្ឋ និង​ឯកជន និង​និស្សិត​ដែល​ទើបបាន​បញ្ចប់​ការសិក្សា​ជំនាញ​គិលានុបដ្ឋាក​នៅតាម​សាកលវិទ្យាល័យ​នៅ​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល​បន្ត​នេះ នឹង​ផ្តល់នូវ​ជំនាញ​គិលានុបដ្ឋាក​ស្តង់ដារ​មួយ ដើម្បី​ឲ្យ​សិក្ខាកាម​មាន​ជំនាញ​ច្បាស់លាស់​ដែល​អាច​ទៅធ្វើ​ការ​នៅ​ស្ថាប័ន​នានា ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​ប្រកបដោយ​ទំនុកចិត្ត​។


​លោក ប៉ិច សុភា ប្រធាន​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ហៅ​កាត់​ថា (MUCH) បាន​ថ្លែងថា អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ម៉ាច់ និង​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ដល់​សិក្ខាកាម​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​បច្ចុប្បន្ន និង​ពេលអនាគត​។ វគ្គ​បណ្តុះបណ្តាល​បន្ត​នេះ ក៏មាន​គោ​ដៅ​ធ្វើ​បច្ចុប្បន្នភាព ចំណេះដឹង ជំនាញ​ថ្មីៗ​ដល់​គិលានុបដ្ឋាក ស្របទៅតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់​របស់​ប្រទេស​យើង ក៏ដូចជា​ក្នុង​តំបន់​។​
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រទេស​យើង​មានច្បាប់ ៖​ព្រះរាជក្រម​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ដែល​រដ្ឋសភា​បាន​បានអនុម័ត​កាលពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៦​នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧​នីតិកាល​ទី​៥​ហើយ​ដែល​ព្រឹទ្ធ សភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​លើ​ទម្រង់​និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​កាលពី​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩​និ​តី​កាល​ទី​៣ (​ច្បាប់​នេះ​មាន​៩​ជំពូក​និង​៣៥​មាត្រា​)»​។​
 
​អនុលោម​តាមច្បាប់​ស្តីពី ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល គណៈ​គិលានុបដ្ឋាក មាន​តួនាទី​ជា​និយតករ​ក្នុងការ​បង្កើត​លក្ខខណ្ឌ​តម្រូវ​នានា សម្រាប់​អ្នក​វិជ្ជាជីវៈ និង​អ្នក​ប្រកប​វិជ្ជាជីវៈ សុខាភិបាល​ក្នុង​ការផ្តល់សេវា​ប្រកបដោយ​សុវត្ថិភាព ។ 
 
​តួនាទី​ទាំងនេះ​រួមមាន​៖
 
•​ ​ចុះ​បញ្ជិកា​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​
•​ ​ចេញ​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ​រយៈពេល​៣​ឆ្នាំ ចំពោះ​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​ទាំងឡាយណា ដែល​បាន​ចុះ​បញ្ជិកា​រួចហើយ 
•​ ​ធានាថា​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ដែល​បាន​ចុះ​បញ្ជិកា និង​មាន​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ​ទាំងអស់ បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​អប្បបរមា ដើម្បី​បន្ត​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ​របស់ខ្លួន​យ៉ាង​ទៀងទាត់​តម្រូវ​ឲ្យ​មានការ​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត (​បណ្តុះបណ្តាល​ជំនាញ​បន្ត​)​។​
•​ ​គ្រប់គ្រង​ការប្រកប​វិជ្ជាជីវៈ​របស់​អ្នក​វិជ្ជាជីវៈ​សុខាភិបាល និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល តាមរយៈ​ការបង្កើត ក្រម សេចក្តីសម្រេច និយាម គោលការណ៍​ណែនាំ និង​បទដ្ឋាន​នានា របស់​គណៈ​គិលានុបដ្ឋាក​សម្រាប់​ការប្រកប​វិជ្ជាជីវៈ​សុខាភិបាល​។  
 
 
    លោក ប៉ិច សុភា ប្រធាន​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ហៅ​កាត់​ថា (MUCH)

​លោក ប៉ិច សុភា បាន​អះអាងថា បច្ចុប្បន្ន និស្សិត​ចុះឈ្មោះ​ចូលរៀន​ជំនាញ​គិលានុបដ្ឋាក​នៅ​កម្ពុ​ជាមាន​ចំនួន​តិចខ​ណៈ​តម្រូវការ​នៃ​វិជ្ជាជីវៈ​នេះ កំពុងមាន​តម្រូវការ​ច្រើន​។ បើតាម​អ្នកជំនាញ​រូបនេះ បន្ទាប់ពី​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ម៉ាច់​ដំណើរការ មាន​អតិថិជន​គាំទ្រ​ច្រើន ប៉ុន្តែ ខ្វះ​គិលានុបដ្ឋាក​ដែលមាន​ជំនាញ​ច្បាស់លាស់ ដែល​អាច​ធ្វើការ​ជាមួយ​អតិថិជន​បាន​។ លោក​បាន​រៀបរាប់ថា ការងារ​ជា​គិលានុបដ្ឋាក ជាការ​ងារ​ដ៏​មាន​សារសំខាន់ ព្រោះ​គាត់​នៅ​ថែទាំ​អ្នកជំងឺ​ច្រើនជាង​វេជ្ជបណ្ឌិត​ទៅទៀត​។ ហេតុនេះ ទើប​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បង្កើត​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​បំផុស​ឲ្យ​និស្សិត​ស្រឡាញ់​ការងារ​នេះ និង​ចាប់អារម្មណ៍​ចូលរៀន​ជំនាញ​នេះ​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ដែល​កំពុង​ខ្វះខាត​។ 
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ជា​ក្រុមហ៊ុន​ឯកជន យើង​ធ្វើទៅ​គឺមាន​ការគាំទ្រ​ពី​អតិថិជន​។ អតិថិជន​ហ្នឹង លំដាប់​ខ្ពស់ មាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ពេល​យើង​ផ្តល់​សេវា គឺ​គុណភាព​របស់​យើង​ត្រូវបានគេទទួលស្គាល់​។ ដូច្នេះ យើង​បាន​ជជែក​ជាមួយ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​យក​បទពិសោធន៍​នៃ​ការអនុវត្តន៍​ល្អៗ​ហ្នឹង បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា ដើម្បី​ឲ្យ​ការអប់រំ​របស់​យើង ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​»​។​
 
​បើតាម លោក ប៉ិច សុភា MoU​នេះ នឹង​បង្កើត​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​វគ្គ ដោយ​ក្នុង​មួយ​វគ្គ​មាន​រយៈពេល​៦​ខែ ដោយ​ធ្វើ​នៅ​ចុង​សប្តាហ៍​។ នៅពេល​សិក្ខាកាម​បញ្ចប់​ការសិក្សា ពួកគេ​នឹងមាន​សមត្ថភាព​ពេញលេញ ដែល​អាច​ចូលមក​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ម៉ាច់ ឬ​ដៃគូ​របស់​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ឬក៏​អាច​ទៅធ្វើ​ការ​នៅ​ស្ថាប័ន​ផ្សេងៗ​ទៀត​។​
 
​លោក អ៊ុន សាន ប្រធាន​គណៈ​គិលានុបដ្ឋាក​កម្ពុជា បាន​ថ្លែងថា អនុស្សរណៈ​យោគយល់​គ្នា​រវាង​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​ក្រុមហ៊ុន​ថែទាំ​ចល័ត ម៉ាច់ (MUCHs) នៅថ្ងៃនេះ បានបង្ហាញ​នូវ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​គិលានុបដ្ឋាក ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ សំដៅ​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​នៅក្នុង​សង្គមជាតិ តាមរយៈ​ការចូលរួម​ដោះស្រាយ​បញ្ហា​សុខភាព​ចម្បងៗ ដែល​កំពុង​ប្រឈមមុខ ដូចជា​៖​កំណើន​នៃ​ជំងឺមិនឆ្លង  ការបង្ក​រោគ ជំងឺ​មនុស្ស​ចាស់ជរា និង​ជាពិសេស បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​គិលានុបដ្ឋាក នៅពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត នៅក្នុង​ប្រទេស តំបន់ និង​ទូទាំង​ពិភពលោក​។​

 
   
  លោក អ៊ុន សាន ប្រធាន​គណៈ​គិលានុបដ្ឋាក​កម្ពុជា​

​បើតាម លោក អ៊ុន សាន គិលានុបដ្ឋាក គឺជា​កម្លាំង​ពលកម្ម​ធំជាងគេ ដែលមាន​ចំនួន ៦០%​ភាគរយ នៅក្នុង​ប្រព័ន្ធ​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​។ គិលានុបដ្ឋាក​ក៏​ជា​កម្លាំងចលករ របស់​ក្រសួងសុខាភិបាល​ដែលជា​អ្នកជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ក្នុងការ     ផ្តល់​សេវា​ថែទាំ​ប្រកបដោយ​គុណភាព និង​លើកកម្ពស់​សុខភាព​អ្នកជំងឺ និង​ប្រជាពលរដ្ឋ​។​
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​សំដែង​ការកោតសរសើរ​ដោយស្មោះ និង​ថ្លែងអំណរគុណ​ចំពោះ​រាល់​ការប្រឹងប្រែង នៃ​សហ​ភា​តរៈ​ដែល​ខំប្រឹង​បំពេញការងារ​ដ៏​សែន​លំបាក ជាពិសេស​ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ម៉ាច់​ផងដែរ ដែល​បានរៀបចំ​កម្មវិធី​បណ្តុះ​បណ្តាល​ដ៏​មាន​សារៈសំខាន់​នេះ ដោយបាន​ផ្សារភ្ជាប់​តម្រូវការ​វិជ្ជា​ជីវៈ ជាមួយនឹង​កម្មវិធី​ប​ណ្តុះ​បណ្តាល​បន្ត​នេះ សំដៅ​បង្កើន​កម្រិត​នៃ​ជំនាញ​វិជ្ជាជីវៈ​ថែទាំ​របស់​គិលានុបដ្ឋាក ដើម្បី​ឆ្លើយតប​ឲ្យ​ស្របតាម​តម្រូវការ​ជាក់ស្តែង ជាពិសេស​ដោះស្រាយ​បញ្ហា​កង្វះ​ធនធាន​គិលានុបដ្ឋាក​»​។​

​លោក​បន្តថា ប្រព័ន្ធ​សុខាភិបាល​ពិភពលោក មិនអាច​ទទួលជោគជ័យ​បានឡើយ បើ​គ្មាន​គិលានុបដ្ឋាក និង​បើ​គ្មាន​ការចូលរួម​យ៉ាងសកម្ម​របស់​ពួកគេ ក្នុង​គ្រប់​កម្រិត​នៃ​ប្រព័ន្ធ​សុខាភិបាល​។ គិលានុបដ្ឋាក គឺជា​អ្នក​ដែល​បាន​នៅជាប់​ជាមួយ​អតិថិ​ជ ន​ក្នុង​គ្រប់​កម្រិត​នៃ គ្រឹះស្ថាន​ថែទាំ​សុខភាព គ្រប់​ស្រទាប់សង្គម​។ គិលានុបដ្ឋាក ពិតជា​អ្នក​ដែល​ធ្វើ​ឲ្យ​ការកាត់បន្ថយ​តម្លៃ​សេវា និង​លើកកម្ពស់​គុណភាព នៃ​ការថែទាំ​យ៉ាងពិត​ប្រាកដ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ហៅ​កាត់​ថា MUCH បាន​បង្កើតឡើង​បានជា​ង​៣​ឆ្នាំ​មកហើយ និង​ទទួលបាន​គាំទ្រ​ពី​អតិថិជន​ជាច្រើន ទាំង​ជនជាតិខ្មែរ និង​បរទេស​។ លើសពីនេះ អ្នកស្រី ឌី ផន​ភិរម្យ សហ​ស្ថាបនិក MUCH ក៏បាន​ក្លាយជា​សហគ្រិន Startup​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​៣ ដែល​ទទួលបាន​ជ័យលាភី​សហគ្រិន​វ័យក្មេង​ប្រចាំឆ្នាំ​២០១៧​ផងដែរ​។ ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ម៉ាច់​(MUCH) ប្រជុំ​ដោយ​គិលានុបដ្ឋាក​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​មាន​ក្រមសីលធម៌ៈ​វិជ្ជាជីវៈ​ខ្ពស់ មាន​ផ្តល់ជូន​នូវ​សេវាកម្ម​ដូចជា​៖ ថែទាំ​ចាស់ជរា អ្នកជំងឺ​រ៉ាំរ៉ៃ ថែទាំ​សំរន់​បំបាត់​ការឈឺចាប់ ថែទាំ​អ្នកជំងឺ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ ថែទាំ​ក្រោយ​ចេញពី​មន្ទីរពេទ្យ ថែទាំ​មាតុភាព​ដល់​គេហដ្ឋាន និង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​វេជ្ជបណ្ឌិត​ជំនាញ​ដល់​គេហដ្ឋាន និង​ស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា និង ព្យាបាល​ដោយ​ចលនា​៕   

   
​អ្នកស្រី ឌី ផន​ភិរម្យ សហ​ស្ថាបនិក ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត​


 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)


 


© រក្សាសិទ្ធិដោយ thmeythmey.com