កម្ពុជា សុំចំណាត់ការពីគ្រប់ប្រទេសនៅអាស៊ាន លើករណីវិលត្រឡប់របស់លោក សម រង្ស៊ី
ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា សុំចំណាត់ការពីគ្រប់ប្រទេសនៅអាស៊ាន លើករណីវិលត្រឡប់របស់លោក សម រង្ស៊ី
07, Nov 2019 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
មិនមែនតែកម្ពុជាទេ ដែលពិបាកចូល សូម្បីតែបណ្តាប្រទេស៩ទៀតក្នុងតំបន់អាស៊ាន ក៏លោក សម រង្ស៊ី និង បក្សពួករបស់លោក មិនងាយនឹងចូលបានដែរ។ នេះ ក៏ព្រោះតែបណ្តាប្រទេសទាំងនោះ ទទួលការពឹងពាក់ពីរដ្ឋាភិបាលកម្ពុជា។



សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហើបថា ពេលទៅចូលរួមប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ កាលពីដើមខែវិចិ្ឆកានេះ សម្តេច បានឆ្លៀតនិយាយជាមួយបណ្តាមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ាន ដើម្បីសុំកិច្ចសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងករណីលោក សម រង្ស៊ី។

ក្នុងពិធីប្រកាសឲ្យប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអរគុណទៅកាន់រដ្ឋាភិបាលឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ថៃ ក្រោយប្រទេសទាំងបីនេះ បង្ហាញចំណាត់ការមុនគេចំពោះលោក សម រង្ស៊ី និងបក្សពួករបស់លោក។ មេដឹកនាំកម្ពុជា ថ្លែងបែបនេះថា៖«ពេលខ្ញុំ ទៅប្រជុំអាស៊ាន ខ្ញុំបានធ្វើការជាមួយដៃគូទាំងអស់ នៅក្នុងអាស៊ានរបស់យើង ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដែលចូលរួមចំណែកទៅដល់ស្ថិរភាពរបស់ប្រទេស»។

អត្ថបទទាក់ទង


ជុំវិញរឿងនេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស បានប្រាប់អ្នកកាសែត ក្នុងវិធីរម្លឹកខួប៣០ឆ្នាំនៃការដួលរលំកំផែងប៊ែឡាំង ដែលរៀបចំនៅស្ថានទូតអាល្លឺមង់ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា យ៉ាងដូច្នេះថា៖«យើង បានបញ្ជូនដីការបស់តុលាការ ជូនទៅប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់ការសហការគ្នា»។ ដីកាដែលលោក ប្រាក់ សុខុន ចង់សំដៅនោះ គឺដីកា ដែលតុលាការកម្ពុជា តាមចាប់លោក សម រង្ស៊ី និង បក្សពួក។

ការដែលរដ្ឋាភិបាលកម្ពុជា សុំកិច្ចសហប្រតិបត្តិការនេះ ពីបណ្តាប្រទេសនៅអាស៊ាន គឺនៅពេលដឹងថា លោក សម រង្ស៊ី បានបញ្ជូនមន្រ្តីជំនិតៗរបស់លោក ដូចជា អ្នកស្រី មូរ សុខហួរ ជាដើម មកកាន់បណ្តាប្រទេសទាំងនោះ ដើម្បីរៀបចំកម្លាំងពលករ ចូលមកកម្ពុជាជាមួយគ្នា។

នៅថ្ងៃទី៦ ខែវិច្ឆិកា សារព័ត៌មានក្នុងប្រទេសថៃ និងសារព័ត៌មានបរទេសនានា បានចុះផ្សាយយ៉ាងព្រោងព្រាត ពីការប្រកាសរបស់លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ មិនឲ្យលោក សម រង្ស៊ី ចូលទឹកដីថៃ។ មុនមានការប្រកាសនេះ លោក សម រង្ស៊ី ក៏បានផ្ញើលិខិតជូនទៅលោក ប្រយុទ្ធ ដែរ ដើម្បីចូលទឹកដីថៃ តែមិនបានទទួលការឆ្លើយតបឡើយ។ លោក សម រង្ស៊ី ចង់ចូលទឹកដីថៃ ដើម្បីប្រមូលផ្តុំកម្លាំងពលករ ហើយនាំគ្នាដើរតាមច្រកប៉ោយប៉ែត ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា។

ចំណែក ម៉ាឡេស៊ី បានឃាត់ខ្លួនអ្នកស្រី មូរ សុខហួរ នៅកន្លែងនគរបាលអន្តោប្រវេសន៍ ក្រោយអ្នកស្រី ហោះចេញពីឥណ្ឌូណេស៊ី ទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា។ ប៉ុន្តែ ស្ថានប័នសិទ្ធិមនុស្សម៉ាឡេស៊ី ប្រាប់អ្នកស្រីថា អាជ្ញាធរម៉ាឡេស៊ី នឹងមិនបញ្ជូន អ្នកស្រី មកកម្ពុជាឡើយ។

នៅពេលអ្នកស្រី មូរ សុខហួរ ស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី ស្ថានទូតកម្ពុជានៅទីនោះ ក៏បានស្នើសមត្ថកិច្ចឥណ្ឌូណេស៊ី ចាប់អ្នកស្រីដែរ។ តែអាជ្ញាធរឥណ្ឌូណេស៊ី ពុំបានចាប់អ្នកស្រីឡើយ។

ទោះទទួលដំណឹងថា រដ្ឋាភិបាលថៃមិនឲ្យចូលក្តី តែលោក សម រង្ស៊ី នៅតែប្រកាសថា លោក នឹងចូលមកថៃ តាមការគ្រោងទុក។ លោក បានបង្ហោះរូបថត ដែលកំពុងរៀបចំអីវ៉ាន់ លើទំព័រហ្វេសប៊ុក ដោយសរសេរថា លោក ត្រៀមឡើងយន្តហោះ ធ្វើដំណើរមកកាន់ទីក្រុងបាងកក នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។ អ្នកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ពីប្រទេសបារាំងមកថា៖«គាត់ កំពុងរៀបចំខ្លួនទៅហើយ»៕

Tag:
 ហ៊ុន សែន
  សម រង្ស៊ី
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com