ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កម្ចាត់ស្នាមអ៊ុចខ្មៅគ្មានសល់ ជាមួយរូបមន្តធម្មជាតិទាំងនេះ
× ស្នាមអ៊ុចខ្មៅលើស្បែកមិនត្រឹមតែជាបញ្ហាគួរអោយរំខានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើអោយអ្នកបាត់បង់នូវភាពទាក់ទាញផងដែរ។ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានេះ ហើយមិនចង់ទទួលយកការព្យាបាលបែបទំនើប ឬការប្រើប្រាស់ផលិតផលសម្រស់ផ្សេងៗដែលមានផ្ទុកសារធាតុគីមីនោះក៏កុំបារម្ភ! ក៏ព្រោះស្នាមអ៊ុចខ្មៅលើស្បែកអាចត្រូវបានដោះស្រាយតាមរយៈរូបមន្តបែបធម្មជាតិមួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់កម្ចាត់ស្នាមអ៊ុចខ្មៅចេញពីស្បែកបានយ៉ាងឆាប់រហ័ស ៖
១. ដំឡូងបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ដំឡូងបារាំងមួយមើមជាចំណិតៗ រួចសឹមចាប់ផ្ដើមកិនយកទឹក។ លាបទឹកដំឡូងបារាំងលើស្បែកដែលមានស្នាមអ៊ុចខ្មៅ ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តជាប្រចាំ។
២. ខ្ទឹមបារាំង
ហាន់ខ្ទឹមបារាំងជាបន្ទះៗ រួចដុសវាលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។
៣. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារស្រស់ ១ ផ្លែ ហើយប្រើប្រាស់សំឡីជ្រលក់លាប ឬផ្ដិតថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ ម៉ោងសិន សឹមលាងជាមួយទឹកធម្មតា។ អនុវត្តរូបមន្តនេះ ២ ដងក្នុងមួយថ្ងៃជាប្រចាំ ហើយត្រូវប្រាកដថាអ្នកមិនចេញក្រៅត្រូវពន្លឺព្រះអាទិត្យក្រោយពីលាបទឹកក្រូចឆ្មាររួច។ សម្រាប់អ្នកដែលមានរបួសលើស្បែកមិនគួរអនុវត្តរូបមន្តនេះឡើយ។ ហើយរូបមន្តនេះក៏មិនសាកសមសម្រាប់អ្នកដែលមានស្បែកមុខស្ដើងឆាប់ប្រតិកម្មដែរ។
៤. ប្រទាលកន្ទុយក្រពើ
ចំពោះផ្ទៃមុខ អ្វីដែលអ្នកត្រូវធ្វើ គឺយកជែល ឬសាច់ប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើមកលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។
៥. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅរមៀត ១ ស្លាបព្រា ជាមួយទឹកក្រូចឆ្មារចំនួនសមល្មម និងទឹកដោះគោស្រស់ កូរអោយសព្វចូលគ្នា សឹមលាបល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ហើយទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឺកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com