អន្តរជាតិ
អាមេរិក ត្រូវការកិច្ចសហការពីក្រុមហ៊ុនឯកជន ដើម្បីប្រកួតប្រជែងបច្ចេកវិទ្យាAI ជាមួយចិន លោកប្រមុខការពារជាតិអាមេរិក ម៉ាក អេស្ពើ, រូបភាព៖ AFP
× យោធាអាមេរិក ត្រូវការជំនួយពីក្រុមហ៊ុនឯកជន និងសកលវិទ្យាល័យនៅក្នុងប្រទេស ដើម្បីយកឈ្នះលើការប្រកួតប្រជែងបញ្ញាសិប្បនិមិ្មត ឬបច្ចេកវិទ្យា AI ជាមួយចិន។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិ ម៉ាក អេស្ពើ នៅយប់ ថ្ងៃទី៥ ខែវិច្ឆិកា។
ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាមួយអ្នកនយោបាយ មន្ត្រីសាធារណៈ និងសាស្ត្រាចារ្យ នាទីក្រុងវ៉ាស៊ីនតោន លោកប្រមុខការពារជាតិអាមេរិក បានព្រមានថា អាមេរិក មិនអាចអនុញ្ញាតឲ្យចិនគ្រប់គ្រងលើវិស័យបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យាAI បានទេ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងនៅលើសមរភូមិ។
ដើម្បីក្លាយជាប្រទេស ដែលមានជំនាញខាងAI អាមេរិកត្រូវតែមានចក្ខុវិស័យ មហិច្ចតា និងការប្តេជ្ញាខ្ពស់ ជាពិសេសគឺកិច្ចសហការរបស់ដៃគូឯកជនជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីរក្សាឧត្តមភាពយុទ្ធសាស្ត្ររបស់ខ្លួន។ នេះបើតាមប្រសាសន៍របស់លោក អេស្ពើ ដែលបានស្នើឲ្យសហគ្រាស សកលវិទ្យាល័យទាំងអស់គាំទ្ររដ្ឋាភិបាលអាមេរិក ដូចសម័យសង្គ្រាមលោកលើកទី២ និង សម័យប្រកួតប្រជែងក្នុងអាវកាសជាមួយអតីតសហភាពសូវៀត។
ក្នុងន័យឌឺដង និងចង្អុលបង្ហាញគ្រោះថ្នាក់ពីបញ្ញាសិប្បនិម្មិតរបស់ចិន រដ្ឋមន្ត្រីការពារជាតិអាមេរិកបន្តលើកឡើងថា ទីក្រុងប៉េកាំងបាននាំចេញយន្តហោះយោធាដ្រូនជាច្រើនទៅតំបន់មជ្ឈិមបូព៌ា ដោយភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មី ដើម្បីឃ្លាំមើលសកម្មភាពនៅក្នុងតំបន់នោះ។ អាមេរិក អះអាងថា ខ្លួនមិនយកទៅប្រើដូចចិននោះទេ។ ទីក្រុងវ៉ាស៊ីនតោន នឹងប្រើបច្ចេកវិទ្យាAI ដើម្បីការពារជំនឿជាមូលដ្ឋាន និងការគោរពសិទ្ធមនុស្ស។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។
សូមបញ្ជាក់ថា ចិន បានប្រកាសដាក់គោលដៅរបស់ខ្លួន ដើម្បីក្លាយជាមេដឹកនាំពិភពលោកខាងវិស័យបញ្ញាសិប្បនិមិ្មតនៅក្នុងឆ្នាំ២០៣០ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន។ ក្នុងគោលដៅអភិវឌ្ឍវិស័យនេះឲ្យកាន់តែខ្លាំង ទីក្រុងប៉េកាំងបានដាក់លុយជាច្រើនពាន់លានដុល្លារចូលទៅក្នុងការវិនិយោគ និងការស្រាវជ្រាវ។
© រក្សាសិទ្ធិដោយ thmeythmey.com